Wednesday, March 13, 2019

នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខេត្តកោះកុង​អតីត​សមរភូមិប្រយុទ្ធ​ប្រែក្លាយ​ជាតំបន់​អភិវឌ្ឍ និងកិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា-ថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០១៩ នេះ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ខេត្តកោះកុង​ អតីត​តំបន់​សមរភូមិ​ប្រយុទ្ធ​កាល​ពីសង្គ្រាម និង​ជា​ខេត្ត​ដាច់​ស្រយាល​ដោយ​សារ​តែ​ជា​ខេត្តដីកោះ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន នៅ​ពេល​នេះ បាន​ប្រែក្លាយ​ជា​តំបន់​អភវិឌ្ឍ ​និងកិច្ច​សហប្រតិប្តតិការ​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ថៃ។
ថ្លែង​ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​កម្មករ​និយោជិតប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ​លោកនាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា ខេត្តកោះកុងធ្លាប់ជាអតីតតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម និងជាខេត្តដាច់ស្រយាលមួយរបស់កម្ពុជា គ្មានផ្លូវគមនាគមន៍ និងជាច្រកសេដ្ឋកិច្ចក្នុងសម័យកម្ពុជា ត្រូវទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្តិធម៌ពីខាងក្រៅ។
លោកនាយករដ្ឋមន្ត្រី​បន្ត​ថា ដើម្បីធ្វើ​ឲ្យ​ខេត្តកោះកុងមានស្ថានភាពដូចពេលនេះ គឺផ្តើមចេញមកពីនយោបាយឈ្នះឈ្នះ ដែល​បង្កើតឱ្យមានសន្តិភាព ទើបតំបន់សេដ្ឋកិច្ចពិសេសនេះ អាចកើតមានឡើង។ លោក​នាយករដ្ឋមន្ត្រី​បន្ត​ថា លោក​​បានដាក់ចេញនូវនយោបាយអភិវឌ្ឍដីធ្លីដើម្បីផ្តល់ជូនប្រជាជន ហើយបាន​ប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាខ្សែរព្រំដែនសន្តិភាព និងសហប្រតិបត្តិការល្អ។ បើតំបន់ព្រំដែននេះគ្មានកិច្ចសហប្រតិបត្តិការល្អ រវាងទំនាក់ទំនងកម្ពុជាថៃទេ គឺមិនអាចមានការអភិវឌ្ឍដូចពេលនេះទេ។
បើ​តាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈបាន​ឲ្យ​ដឹង​ថា សព្វថ្ងៃខេត្តកោះកុងមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៧៦ មានកម្មករ និយោជិតប្រមាណ១.៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុប ៤៣លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះមានផ្នែកឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បានបង្កើតឡើងនៅទីនេះ។

លោក អ៊ិត សំហេង បានចាត់ទុកសមិទ្ធិផលលើវិស័យឧស្សាហកម្មក្នុងខេត្តកោះកុង គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា៕




No comments:

Post a Comment