Tuesday, February 05, 2019

កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ

ស្វាយរៀង៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានអគ្គីភ័យមួយបានកើតឡើង ដែលបង្កឡើងដោយសារឆេះភ្លើងចំបើងក្រោមផ្ទះបណ្តាលឱ្យឆេះផ្ទះទំហំ ៦X៧ ម សង់ពីឈើជញ្ជាំងស័ង្កសី ដំបូលប្រក់ស៊ីប្រូស៊ីម៉ង់ត៍ខូចខាតទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់ របស់ឈ្មោះ សុន ម៉ៅ អាយុ ៣៣ ឆ្នាំនៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះ។
ក្នុងឱកាសនោះ លោកស្រីហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។ ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ទន្ទឹមនេះ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ចរន្តអគ្គិសនី ការអុជធូប ទៀន ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ត្រូវថែរក្សាទឹកទុកក្នុងពាងឬអាងឱ្យពេញ និងប្រើប្រាស់សន្សំសំចៃ។
អំណោយដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះមាន អង្ករ ៥០ គីឡូក្រាម ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឆ្នាំងបាយ សម្ល ២ ធុងទឹកជ័រ ១ មួយ ១ មុង ១ ក្រម៉ា ១ សារុង ១ ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង មី ១ កេស និងថវិកា ៤០០,០០០ រៀល និងថវិការរបស់ក្រុមការងារចុះជួយឃុំ ២០០,០០០ រៀលផងដែរ៕



No comments:

Post a Comment