Tuesday, February 05, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរ​ជន​រួម​ជាតិ​ជួប​តែសេចក្តី​សុខ និង​មាន​សំណាង​ល្អ​គ្រប់​ទាំង ១២ខែ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ជូន​ពរ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ជួប​តែ​សេចក្តី​សុខ និង​មាន​សំណាង​ល្អ​គ្រប់​ទាំង​ ១២ខែ ខណៈប្រជាពលរដ្ឋ​ខ្មែរ​កាត់​ចិន បាន​ប្រារព្ធ​ពិធីបុណ្យ​​ចូល​ឆ្នាំ​ចិន​ និង​ជួប​ជុំ​ក្រុម​គ្រួសារ​យ៉ាង​សប្បាយ​រីក​រាយ។
តាម​រយៈទំព័រហ្វេសប៊ុក​ផ្លូវ​ការ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេររៀប​រាប់​យ៉ាង​ដូច្នេះ​ថា ​កាលពីថ្ងៃទី៤ កុម្ភះ ម្សិល​មិញ គឺយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងអាជីវករភាគច្រើននៅក្នុងរាជធានីភ្នំពេញបានរៀបចំពិធីសែន​អបអរ​សាទរ​ថ្ងៃ​ចូល​ឆ្នាំចិនជួបជុំក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនោះ ក៏មានមន្រ្តីរាជការមួយចំនួនធំ​បានចូលរួមអបអរសាទរ​ទាំង​នៅតាមក្រសួង មន្ទីរ និងនៅតាមគេហ​ដ្ឋាន​ផងដែរ។
លោកនាយករដ្ឋមន្ត្រីគូស​បញ្ជាក់ថា មិនថាតែពិធីបុណ្យចូលឆ្នាំចិនទេ គឺរាល់នូវពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធី​សាសនា​សំខាន់ៗនានារបស់បងប្អូនជនជាតិភាគតិច គឺមានសិទ្ឋិសេរីភាពពេញលេញក្នុងការប្រតិបត្តិទៅតាមជំនឿ និង​ការ​ជ្រើសរើសរបស់ខ្លួនដោយគ្មានការរើសអើង ហើយក៏ទទួលបាននូវការគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ។
ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងទទួលបាននូវលាភសំណាងល្អពេញគ្រប់ទាំង១២ខែតែម្តង ជាមួយនឹងសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន៕


No comments:

Post a Comment