Thursday, January 24, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កងទ័ពត្រូវកម្ចាត់ចោលជាបន្ទាន់ នូវទង្វើប៉ុនប៉ងដណ្តើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា យើងត្រូវតែកម្ចាត់ចោលជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយ ដែលប៉ុនប៉ងដណ្តើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោតដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
លោកបានថ្លែងដូចនេះ​ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំមិនខ្លាចនឹងការចេញបទបញ្ជា ឱ្យកម្ទេចចោលនូវរាល់កម្លាំងណាក៏ដោយ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកេីតចេញពីការបោះឆ្នោតនោះទេ» ។ លោកបានបន្តថា «អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពទាំងបីប្រភេទ បញ្ជាការដ្ឋានថ្នាក់ភូមិភាគ កងពលធំ កងពលតូច និងអង្គភាពទាំងអស់ត្រូវក្តាប់ឱ្យជាប់ នូវតួរនាទីក្នុងឋានៈជាអ្នកការពាររដ្ឋអធិបតេយ្យ ជាអ្នកការពារដ្ឋដែលកេីតចេញពីការបោះឆ្នោត មិនអនុញ្ញាតិឱ្យនរណាមួយព្រហើន ហ៊ានប្រមាថរដ្ឋ និងធ្វើសកម្មភាពបំផ្លាញរដ្ឋ បំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះទេ»៕






No comments:

Post a Comment