Thursday, January 24, 2019

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​៖​ ភារកិច្ចកងទ័ព​ គឺមិនអនុញ្ញាតិឱ្យនរណាមួយបំផ្លាញសន្តិភាព​បាន​ឡើយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅចំពោះមុខកងទ័ពកម្ពុជាថា «ត្រូវធ្វើឱ្យប្រទេសយើងទៅជាប្រទេសដែលមានសុខសន្តិភាព ពិតប្រាកដ ដោយតម្លៃណាក៏ដោយមិនត្រូវអនុញ្ញាតិឱ្យនរណាមួយបំផ្លាញនូវសន្តិភាព ដែលយើងរកបានដោយលំបាក»។
លោកបានថ្លែងដូចនេះ​ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំ​ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើនៅលេីបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ប្រទេសយើងមានប្រវត្តិដែលជោគជាំដោយឈាម និងទឹកភ្នែក ប្រទេសយើងមានប្រវត្តិនៃការបែកបាក់ ប្រទេសមួយមានកម្លាំងប្រដាប់អាវុធច្រើន ដូច្នេះត្រូវតែខិតខំរក្សានូវសន្តិភាពនេះ» ។ លោកបានបន្តថា «ត្រូវខិតខំចូលរួមគ្នារក្សានូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយខិតខំចូលរួមបំផ្លាញចោលនូវទង្វើអសកម្មទាំងអស់ គ្រឿងញៀន ចោរកម្ម ឬល្បែងខុសច្បាប់»៕


No comments:

Post a Comment