Thursday, July 12, 2018

មន្តី្របុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន១០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងការគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក

មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន១០០នាក់ មកពីនាយកដ្ឋានចំនួន១៥ និងអង្គភាពពាក់ព័ន្ធ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា។
វគ្គសិក្សារយៈពេល៥ថ្ងៃនេះ បង្រៀនដោយអ្នកជំនាញផ្នែកបុរាណវិទ្យា ផ្នែកគ្រប់គ្រប់បេតិកភណ្ឌ ផ្នែកគ្រប់គ្រងសហគមន៍ ផ្នែកគ្រប់គ្រងទេសចរណ៍ ផ្នែកគ្រប់គ្រងទឹក  ផ្នែកគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរ។ មេរៀនសំខាន់ៗ គឺផ្តោតសំខាន់ទៅលើការអភិរក្សបេតិកភណ្ឌទាំងរូបីនិងអរូបី គោលការណ៍អភិរក្សតំបន់រមណីយដ្ឋានអង្គរ ការគ្រប់គ្រងប្រព័ន្ធផ្លូវទឹកបុរាណក្នុងឧទ្យានអង្គរ ទេសភាពវប្បធម៌ គ្រប់គ្រងទេសចរណ៍ សហគមន៍អ្នកស្រុកអង្គរ។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ គឺមានលក្ខណៈពិសេសបន្ទាប់ពីវគ្គបណ្តុះបណ្តាលតានី ដែលមានគោលបំណងពង្រឹងសមត្ថភាពបន្ថែមផ្នែកអភិរក្សបេតិកភណ្ឌ ការការពារបេតិភណ្ឌ និងការអភិវឌ្ឍក្នុងតំបន់អង្គរ បន្ថែមលើការងារស្នូលដែលមន្ត្រីបុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្វើជាអចិន្ត្រៃយ៍។ សង្ឃឹមថា សិក្ខាកាមដែលឆ្លងកាត់វគ្គនេះហើយ នឹងជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរឱ្យពួកគាត់បានយល់ពីតម្លៃនៃរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក និងអនុវត្តការងារខ្លួនបានល្អប្រសើរ។
លោក ហេង ឡាយហុង មន្ត្រីមកពីនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ឆ្លងកាត់ការចូលរួមវគ្គបណ្តុះបណ្តាលអស់រយៈពេល៥ថ្ងៃ ខ្ញុំទទួលបានចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងអារ្យធម៌តាំងពីសម័យមុននិងក្រោយអង្គរ ការលើកកម្ពស់តម្លៃបេតិកភណ្ឌ ការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ ការគ្រប់គ្រងភ្លៀវទេសចរ ការគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់ ជាពិសេសធ្វើឱ្យខ្ញុំបានស្គាល់ និងយល់ច្បាស់ពីប្រភេទនិងរចនាបថផ្ទះខ្មែរ។

កញ្ញា ឱម រតនា មន្ត្រីនាយកដ្ឋានរៀបចំដែនដី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលបានរៀបចំវគ្គសិក្សានេះឡើង ដើម្បីផ្តល់ឱកាសឱ្យមន្ត្រីបុគ្គលិកទាំងជំនាញ និងមិនជំនាញបានស្វែងយល់ពីការគ្រប់គ្រង ការអភិរក្ស និងការស្រាវជ្រាវបុរាណវិទ្យាក្នុងតំបន់រមណីយដ្ឋានអង្គរ។ កញ្ញាក៏សំណូមពរដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សូមបង្កើតវគ្គបណ្តុះបណ្តាលបែបនេះបន្តបន្ទាប់ទៀត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងកិច្ចការរអភិរក្ស ការពារតំបន់អង្គរឱ្យបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់៕




No comments:

Post a Comment