Thursday, July 12, 2018

(មានកិច្ចសម្ភាសន៍) លោក សួស យ៉ារ៉ា បង្ហាញក្តីសង្ឃឹមមុតមាំថា បក្សនឹងបន្តទទួលជ័យជំនះ លើការបោះឆ្នោតថ្នាក់ជាតិនៅអាណត្តិទី៦នេះទៀត

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បក្សនឹងបន្តទទួលជ័យជំនះ លើការបោះឆ្នោតថ្នាក់ជាតិនៅអាណត្តិទី៦នេះទៀត ដើម្បីបន្តដឹកនាំកម្ពុជាឲ្យឆ្ពោះទៅរកភាពរីកចំរើនបន្ថែម។ លោកបង្ហាញក្តីសង្ឃឹមយ៉ាងដូច្នេះ ដោយសារកម្មករ នឹងបោះឆ្នោតឲ្យគណបក្ស ព្រោះគោលនយោបាយ របស់បក្សបានផ្តោតលើពួកគេជាចម្បង ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខបក្សបានដាក់ចេញគោលនយោបាយថា បើបក្សទទួលជ័យជំនះ នឹងបើកប្រាក់ខែឲ្យកម្មករ និងមន្រ្តីរាជការគ្រប់ប្រភេទ ក្នុងរយៈពេល២សប្តាហ៍ម្តង ឲ្យដូចទៅនឹង បណ្តាប្រទេសមួយចំនួនក្នុងពិភពលោក ។ ក្នុងនោះក៏បន្តប្រកាស មិនយកពន្ធដីពីពលរដ្ឋផងដែរ។
ការអះអាងពីគោលនយោបាយរបស់បក្សនេះ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយមុនការបោះឆ្នោត បានធ្វើដំណើរស្ទើរតែជុំវិញប្រទេសដើម្បីចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ-កម្មការិនី នៅតាមបណ្តារោងចក្រនានា។
នៅពេលសួរថា តើការចុះជួបកម្មកររបស់សម្តេចតេជោនេះ ដើម្បីទាក់ទាញសំឡេងឆ្នោតពីកម្មករ ព្រោះការបោះឆ្នោតមុនៗ គឺកម្មករបានបោះឆ្នោតគាំទ្រលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា តើនេះជាយុទ្ធសាស្រ្តថ្មីៗ?
អ្នកនាំពាក្យរូបនេះ បានឆ្លើយតបថា មិនដូច្នេះទេ នេះគឺជាការជួបក្នុងបរិយាកាសយ៉ាងស្និទស្នាលរវាងមេដឹកនាំ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ក្នុងនោះប្រាក់ខែកម្មករបានឡើងជាបន្តបន្ទាប់ពីជាង៣០ដុល្លារ រហូតមកដល់ជិត២០០ដុល្លារក្នុងមួយខែ។ លោកថា ទោះបីជាអតីតមេបក្សធ្លាប់ស្រែកទាមទារឲ្យដំឡើងប្រាក់កម្មករ ប៉ុន្តែការឡើងនេះ មិនមែនតាមការស្រែករបស់អតីតបក្សប្រឆាំងនោះទេ គឺគោលនយោបាយរបស់បក្សកាន់អំណាចមានជាយូរមកហើយ។

ជាបន្តសូមស្តាប់កិច្ចសំភាសន៍រវាងកញ្ញា អេង គឹមជាង និងលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៖

No comments:

Post a Comment