Thursday, July 12, 2018

លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល៖ សន្តិភាពមានតម្លៃណាស់សំរាប់គ្រួសារ និងសង្គម

កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល សមាជិកអចិន្រ្តៃយគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង បានថ្លែងថា ការរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ន ដោយសារប្រទេសយើងមានសន្តិភាពពេញលេញ ហើយសន្តិភាពមានតម្លៃណាស់ សំរាប់គ្រួសារ និងសង្គម។
លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល បានបន្តថា តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុង ធ្វើឱ្យប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ។ ក្រោយទទួលបានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ន ។
លោក គង់ សំអុល បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារបក្សចំនួន៥៦៧នាក់ នៅស្នាក់គណបក្សប្រជាជន ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំ ចូលរួមផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល បានផ្តាំផ្ញើអោយ សមាជិកបក្សចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយរៀបចំឯកសារដែល គ.ជ.ប បានកំណត់ហើយអញ្ជើញ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់គ្នាៗគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០។ បន្តគាំទ្របេក្ខភាព លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងបន្តអភិវឌ្ឍន៍ប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីថែមទៀត៕





No comments:

Post a Comment