Thursday, July 12, 2018

ព្រៃឈើជាសោភណ្ឌភាពនៃបរិស្ថានដ៏ស្រស់ត្រកាលមិនអាចខ្វះបានក្នុងរមណីដ្ឋានអង្គរ

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិ បានចុះជួបសំណេះសំណាល រួមទាំងពិសាអាហារសាមគ្គីជាមួយមន្ត្រី បុគ្គលិក ពលករ កម្មកររបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើចំនួន២៥០នាក់។
ក្នុងពិធីសំណេះសំណាលនោះ លោក ហង់ ពៅ បានមានប្រសាសន៍ថា ព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់តំបន់អង្គរ ក្រៅពីបង្កើនគម្របបៃតង ទាក់ទាញទឹកភ្លៀង ជារបាំងខ្យល់ រក្សានូវភាពរឹងមាំនៃសំណង់ប្រាសាទ បញ្ជៀសទឹកជំនន់ហើយនោះ វាក៏បានទាក់ទាញទេសចរមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងផងដែរ។ គុណសម្បត្តិទាំងនេះ គឺបានមកពីរួមចំណែកដ៏សំខាន់របស់ក្រុមការងារគ្រប់ជាន់ថ្នាក់នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរាជាមួយថ្នាក់ដឹកនាំ។
ដូច្នេះ ដើម្បីជាការអរគុណរបស់ថ្នាក់ដឹកនាំចំពោះក្រុមការងារ គឺមានតែការរៀបចំអាហារសាមគ្គីនេះឡើង ដើម្បីមានឱកាសបានជួបជុំបងប្អូនពលករ កម្មករ មន្ត្រី បុគ្គលិកនៃនាយកដ្ឋានព្រៃឈើដែលប្រចាំការតាមតួនាទី នៅតាមការដ្ឋានផ្សេងៗ ឱ្យបានជួបជុំគ្នា ស្គាល់គ្នា និងចែករំលែកភាពសប្បាយរីករាយជាមួយគ្នា។ លើសពីនេះលោកក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកន្លងមក ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើការពារព្រៃឈើ និងបានដាំដុះបន្ថែមក្នុងឧទ្យានអង្គរ ដើម្បីឱ្យរមណីយដ្ឋានបេតិកភណ្ឌពិភពលោកមួយនេះទទួលបាននូវការអភិវឌ្ឍនិងអភិរក្សប្រកបដោយចីរភាព និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់ថែមទៀត។

លោក ហង់ ពៅ បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ឱ្យសហការល្អក្នុងការបំពេញការងារឱ្យកកាន់តែប្រសើបន្ថែមទៀតទៅថ្ងៃអនាគត។ មិនភ្លេចផងដែរ លោកក៏បានក្រើនរំឭកដល់ពលករ កម្មករ មន្ត្រី បុគ្គលិកទាំងអស់ សូមកុំភ្លេចទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាទៅតាមឆន្ទៈនិងការស្រឡាញ់បក្សនយោបាយរបស់ខ្លួន នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុននេះ កុំបីអាក់ខាន៕




No comments:

Post a Comment