Tuesday, July 24, 2018

អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ​គង់ចាំព្រះវស្សា​នៅវត្តទាំង៩​ មកពីក្រុង ​ស្រុក ទាំង៨​ នៃខេត្តកំពង់ឆ្នាំង​

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ឈឹម ស្រីមុំ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោក ហ៊ី ណាត លោក អម សុភា លោក អៀង វុធ អភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការអង្គភាពជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញិការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង សរុបចំនួនជាង២០០នាក់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បាននាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគរួមនឹងសម្ភារៈបរិក្ខាព្រមទាំងបច្ច័យ មួយចំនួនទៅប្រគេនព្រះចៅអធិការវត្តដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាស វត្តទាំង៩ មកពីក្រុងស្រុកទាំង៨ នៅក្នុងខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ និងនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងសេ្ថរភាពគ្រប់ទីកន្លែង និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងបានលើកតម្កើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋភាគច្រើននៅទូទាំងប្រទេសគោរព។
លោកបានមានប្រសាសន៍បន្តថា ទីវត្តអារាមមិនត្រឹមតែបំរើវិស័យព្រះពុទ្ធសាសនាជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងប្រមូលផ្តុំនូវវប្បធម៌ប្រពៃណី និងជាថ្នាលសំរាប់បណ្តុះធនធានមនុស្សដែលជាកន្លែងបណ្ណាល័យផ្ទុកនូវអក្សរសាស្រ្តជាតិ អរិយធម៌ វប្បធម៌ខ្មែរតាំងពីដូនតាមក។ ដូចនេះយើងទាំងអស់គ្នាត្រូវតែថែរក្សាទុកអោយកូនចៅជំនាន់ក្រោយទៅបន្តវេនទៅអនាគត។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ ហើយត្រៀមឯកសារតាមការកំណត់របស់គ.ជ.ប និងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះអោយបានគ្រប់ៗគ្នា។

ទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគសំភារៈបរិក្ខា និងបច្ច័យដែលលោកអភិបាលខេត្ត និងលោកស្រី ព្រមទាំងមន្រ្តីរាជការបាននាំយកប្រគេនព្រះចៅអធិការចំនួន៩វត្ត ក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សាចំនួនមួយគូរ, សាដក១កញ្ចប់, អង្ករ៥០គីឡូក្រាម, បច្ច័យក្នុងមួយអង្គៗ៣ម៉ឺនរៀល, បច្ច័យកសាងក្នុងមួយៗវត្ត២០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសំភារៈបរិក្ខាជាច្រើនទៀត។ ដោយឡែក វត្តអារញ្ញលោកអភិបាលខេត្ត បានប្រគេនបច្ច័យកសាងបន្ថែមចំនួន២.៨៥៣.០០០រៀល និងវត្តក្តីត្នោតប្រគេនបច្ច័យកសាង៣០០ដុល្លាផងដែរ៕




No comments:

Post a Comment