Tuesday, June 19, 2018

មន្ត្រីនាំពាក្យបក្សកាន់អំណាច ធៀបក្រុមប្រឆាំងថា ជា សត្វរុយ និងមូស កំពុងចោមរោមការបោះឆ្នោត

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានធ្វើការកត់សម្គាល់ថា នៅពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ មជ្ឈដ្ឋានប្រឆាំង និងអ្នកគាំទ្រអតីតបក្សប្រឆាំង បាននិងកំពុងហ៊ុមព័ទ្ធសភាពការណ៍នយោបាយ សេដ្ឋកិច្ចសង្គម ដើម្បីធ្វើឲ្យមើលទៅហាក់ដូចជា កម្ពុជាកំពុងច្របូកច្របល់ខ្លាំងណាស់។ លោក សុខ ឥសាន បានធៀបក្រុមប្រឆាំងទាំងនោះថា ជាសត្វរុយ និងមូល ដែលកំពុងចោមរោមការបោះឆ្នោត។
ពាក់ព័ន្ធករណីនេះ មន្ត្រីនាំពាក្យគណបក្សកាន់អំណាច បានលើកទឡ្ហីករណ៍ចំនួន ១០ ចំណុច បំភ្លឺជូនសាធារណជនថា៖
១- ពួកប្រឆាំងមួយចំនួននៅបរទេស បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងប្រទេសជប៉ុនដើម្បីឲ្យឈប់ផ្តល់ជំនួយមកឲ្យ គជប ។
២- របស់ដែលហៅថា សិទ្ធិមនុស្សអន្តរជាតិនិងមិនអន្តរជាតិ នាំគ្នាសម្រុកវាយតម្លៃសភាពការណ៍នៅកម្ពុជាថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលផ្ទុយពីការពិតជាក់ស្តែង។
៣- ពួកឆាល សាន់ឌីយ៉ាហ្គោ ដែលជាប្រធានគណកម្មការសិទ្ធិមនុស្សមកពីបក្សប្រឆាំងអាស៊ានដែលតែងតែប្រឆាំងនោះ ក៏ចេញមុខមកប្រឆាំងនឹងកម្ពុជាដោយរំលោភលើធម្មនុញ្ញអាស៊ានដែរ។
៤- អង្គការដែលអួតខ្លួនថាជាអ្នកសង្កេតការណ៏បោះឆ្នោត ក៏នាំគ្នាវាយតម្លៃប្រកបដោយអគតិផ្ទុយពីសភាពការណ៍ពិត សុទ្ធតែមានការគំរាមកំហែង ការរិតត្បិតសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិដែលប៉ះពាល់ដល់ការបោះឆ្នោត។
៥- របស់ដែលហៅថាអង្គការបរិស្ថាននិងធនធានធម្មជាតិ បានបំផុសថា មានបទល្មើសព្រៃឈើយ៉ាងធ្ងន់ធ្ងរ នៅមុនពេលបោះឆ្នោត។
៦- របស់ដែលហៅថាអង្គការនានា នាំគ្នាធ្វើបទសម្ភាសន៍លើកពីផលអវិជ្ជមាននៅក្នុងសង្គមដើម្បីដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរ សមត្ថកិច្ចរបស់រដ្ឋ។
៧- ពួកអគតិមួយចំនួននាំគ្នាបំផុសប្រជាជនកម្ពុជា មិនទៅបោះឆ្នោតដោយប្រើពាក្យថា នៅផ្ទះឈ្នះឯង ចង់រារាំងការបោះឆ្នោត។
៨- ពួកអគតិខ្លះនាំគ្នាវាយប្រហារមកលើ គជប ថាជាស្ថាប័នមិនឯករាជ្យ ការបោះឆ្នោតមិនស្មើភាពដោយសារតែកាន់ជើងអតីតបក្សប្រឆាំង។
៩- ពួកអគតិខ្លះដែលលំអៀងនយោបាយបានបំផុសថា ការបោះឆ្នោត គឺក្លែងក្លាយដោយសារគ្មានអតីតបក្សប្រឆាំង ដោយមិនគិតថាអតីតៈបក្សប្រឆាំល្មើសច្បាប់ធ្ងន់ធ្ងរនោះទេ។
១០ – ពួកអគតិមួយចំនួនវាយតម្លៃដោយអគតិថាស្ថប័នធ្វើច្បាប់ផ្សេងៗដោយមិនបានល្អ នៅខ្វះខាត ចន្លោះប្រហោងជាច្រើនរំលោភលើតួនាទីសិក្សាស្រាវជ្រាវម៉ត់ចត់នៃស្ថាប័នកំពូលរបស់រដ្ឋ។

បើតាមលោក សុខ ឥសាន ទោះបីពួករុយ ពួកមូស មកឆាឆៅសភាពការណ៍នយោបាយយ៉ាងណា ក៏ដំណើរការឆ្ពោះទៅរកការបោះឆ្នោត នៅតែទៅមុខដោយរលូនដែរ ដោយមានប្រជាជនកម្ពុជាជាង ៨៤ ភាគរយ ដែលមានឈ្មោះក្នុងបញ្ជីនឹងទៅបោះឆ្នោតតាមការិយាល័យបោះឆ្នោត នឹងធ្វើឲ្យការបោះឆ្នោតទទួលជោគជ័យជាមិនខាន៕

No comments:

Post a Comment