Tuesday, June 19, 2018

ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋថ្កោលទោសចំពោះរបាយការណ៍វាយតម្លៃរបស់អង្គការ ANFREL ដែលបង្កប់ដោយចេតនាទុច្ចរិតផ្នែកនយោបាយ

នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ បានចេញសេចក្តីថ្លែងការណ៍ បដិសេធទាំងស្រុងចំពោះរបាយការណ៍វាយតម្លៃរបស់អង្គការ ANFREL  ដោយគ្មាន​មូលដ្ឋាន និង​ប្រឌិតរឿងដោយខ្លួនឯងធ្វើជាអំណះអំណាង ដែលមិនឆ្លុះបញ្ចាំងពី​ការពិត​​របស់​​កម្ពុជា​នាពេលបច្ចុប្បន្ន​​។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានបញ្ជាក់ថា ក្នុងរបាយការណ៍កម្រាស់១៥ទំព័រ អង្គការ ANFREL បានធ្វើការវាយតម្លៃ​​បង្កប់ដោយចេតនាទុច្ចរិត​ និងមានរបៀបវារៈ​នយោបាយ​សំដៅបម្រើផលប្រយោជន៍ឱ្យក្រុមប្រឆាំង។
លោក ប៉ុល សីហា ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា ក្នុងនាមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយ​យើងសូមអំពាវនាវដល់លោក គល់ បញ្ញា និងអង្គការ ANFREL សូមបោះបង់ចោលនូវកលល្បិច និង​គំនិតដែលចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា។ យើងសូមកត់សម្គាល់ដោយច្បាស់នឹងភ្នែកថា ការបោះឆ្នោតខែកក្កដាខាងមុខ ពោរពេញដោយការប្រកួតប្រជែងយ៉ាងទូលំទូលាយបំផុតពី សំណាក់គណបក្សនយោបាយ​ចំនួន២០ដែលបានចុះឈ្មោះរួច។ រហូតមកដល់ពេលនេះ គណបក្សនយោបាយ ទាំង​នោះ បានធ្វើសកម្មភាពដោយសេរី ក្រោមការជួយសម្របសម្រួលគ្រប់បែបយ៉ាងពីអាជ្ញាធរ​រាជរដ្ឋាភិបាល ដោយគ្មានបញ្ហាណាមួយកើតឡើងទេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយបានធ្វើសកម្មភាពដោយសេរី​នៅក្នុងប្រទេសកម្ពុជា។ ម្យ៉ា​ងទៀត ការបោះឆ្នោត​នេះ​ក៏ធ្វើឡើងដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិដែរ។

លោក ប៉ុល សីហា ក៏បានបញ្ជាក់បន្ថែមថា ដើម្បីបុព្វហេតុលើកស្ទួយលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា យើងសូមលើកទឹកចិត្តឱ្យគ.ជ.ប.បំពេញកិច្ចការងារ របស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងដោយឈរលើមូលដ្ឋានច្បាប់​ជាបន្តទៀត ដោយគ្មានមជ្ឈដ្ឋានណាអាចបំផ្លាញការ​បោះឆ្នោតនេះបានឡើយ។ យើងសង្ឃឹម​ជឿជាក់យ៉ាងមុតមាំថា ដោយសារបរិយាកាសនៃការបោះឆ្នោតល្អ ភាពប្រកួតប្រជែង​ក៏មាន​ច្រើន ដូច្នេះប្រជាពលរដ្ឋខ្មែរនឹងទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ​ស្របតាមការ​អំពាវនាវ​របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ  នៃយើង គឺមិនដូចជារបាយការណ៍គ្មានមូលដ្ឋានរបស់អង្គការ ANFREL នោះឡើយ៕



No comments:

Post a Comment