Thursday, March 01, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ដោយសារគោលនយោបាយសុខដុមនីយកម្មសាសនា យើងអាចរស់នៅជាមួយគ្នាដោយសុខដុមរមនា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយសារការដឹកនាំត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយសុខដុមនីយកម្មសាសនាដែលមិនត្រូវឱ្យមានការរើស​អើងនោះបានធ្វើឱ្យប្រទេសយើងគេចផុតពីជម្លោះសាសនាស្របពេលដែលមានប្រទេសជាច្រើនកំពុងតែមានបញ្ហាជម្លោះសាសនាឥតឈប់ឈរ។ លោកបានថ្លែងដូចនេះក្នុងឱកាសអ​ញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅ​ក្នុងវត្ត «ជ័យ​មង្គល» ហៅវត្តជ្រៃ ស្ថិតនៅភូមិព្រែកឪជ្រឹងក ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើតពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស​ ២៥​៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សាសនាខុសគ្នាមិនមែនជាឧបសគ្គរារាំងនៃការអភិវឌ្ឍន៍ប្រទេសទេ ប្រទេសខ្លះកំពុងកើតមានជម្លោះសាសនាពេញទី ហើយការកាប់សម្លាប់រវាងគ្រីស្ទសាសនា និងឥស្លាមសាសនា គឺមានលក្ខណៈធ្ងន់ធ្ងរខ្លាំងមែនទែន ប៉ុន្តែក៏មានប្រទេសខ្លះក៏មានពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាជាមួយនឹងឥស្លាមសាសនាផងដែរ។ លោកបន្ថែមថា ប៉ុន្តែសម្រាប់ប្រទេសរបស់យើង លោកនៅតែធានាថា នឹងបន្តការខិតខំរួមជាមួយនឹងព្រះសង្ឃ ជាមួយនឹង ហាគឹម តួន មេដឹកនាំនៃគណៈចលនាឥស្លាមគ្រប់ថ្នាក់ និងរួមជាមួយថ្នាក់ដឹកនាំនៃគ្រិស្ទបរិស័ទដើម្បីធ្វើឱ្យភាពសុខដុមរមនានៃសាសនានានាបន្តការរីកលូតលាស់ និងការយោគយល់អធ្យាស្រ័យគ្នាតទៅទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ចំណុចទាំងអស់នេះហើយដែលបានឆ្លុះបញ្ចាំងអំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងក្របខ័ណ្ឌនៃការធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនាដោយគ្មានការរើសអើង៕





No comments:

Post a Comment