Thursday, March 01, 2018

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រះពុទ្ធសាសនា បានដើរតួនាទីសំខាន់ក្នុងការទូន្មានប្រៀនប្រដៅ អប់រំមនុស្សឲ្យមានមេត្តាធម៌ និងធ្វើអំពើល្អដល់គ្នាទៅវិញទៅមក

ត្បូងឃ្មុំ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវ របង ខ្លោងទ្វារ ផ្លូវចូលវត្ត និងសមិទ្ធផលនានា នៅវត្តព្រះលានព្រះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទូន្មានប្រៀនប្រដៅមនុស្សនិងអប់រំមនុស្ស ឲ្យមានមេត្តាធម៌ សណ្តោសប្រោសប្រណី ពិសេសការធ្វើអំពើល្អដល់គ្នាទៅវិញទៅមក។

លោក ហ៊ុន ម៉ាណែត បានបន្តថា ពុទ្ធចក្រ និងអាណាចក្រ បាននឹងកំពុងដើរទន្ទឹមគ្នា រួមជាមួយសាសនាដទៃទៀត ក៏មានការអភិវឌ្ឍគួរឲ្យកត់សំគាល់ និងប្រកបដោយសុខដុមនីយកម្ម ក្រោមម្លប់នៃសុខសន្តិភាព ដែលការរីកចម្រើននេះ បានបង្ហាញជាវិជ្ជមាន អំពីការខិតខំប្រឹងប្រែងឆ្លងកាត់ឧបស័គ្គគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ។ ដូចគ្នានេះដែរ គណបក្សប្រជាជនកម្ពុជា មានគោលការណ៍ដឹកនាំត្រឹមត្រូវប្រកបដោយព្រះធម៌ ដូចជា ការស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅ ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន កម្មករនិយោជិត មន្ត្រីរាជការ តាមរយៈការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ ការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ និងការទទួលបានកំណើនសេដ្ឋកិច្ចជាតិ។

លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា ជាមួយនេះ ការបង្រួបបង្រួមជាតិ ការផ្សះផ្សារជាតិ ការអត់អោនខន្តីយោគយល់គ្នាទៅវិញទៅមក គ្រប់និន្នាការនយោបាយអាចរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានទាំងអស់។ ផ្ទុយពីគណបក្សមួយទៀត ដោយគ្មានបានធ្វើអ្វីសោះ បានត្រឹមតែញុះញង់ លាបពណ៌បំបែកបំបាក់សាមគ្គីភាព បង្ខូចកិត្តិយសប្រទេសជាតិ កាឡៃការពិតនៅកម្ពុជា មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ ពួកគេបាននឹងកំពុងបង្កើតចលនាខុសច្បាប់ ដើម្បីបង្កអស្ថេរភាពសង្គម សំដៅបង្អាក់ដល់ដំណើរការអភិវឌ្ឍនៅកម្ពុជា។ ទោះបីការធ្វើព្យុះភ្លៀង របស់ជនអគតិទាំងនោះយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែទទួលបានយុត្តិធម៌ សច្ចធម៌ ពីសំណាក់សហគមន៍អន្តរជាតិ ពិសេសថ្មីៗនេះ ប្រទេសជប៉ុន បានបន្តផ្តល់ជំនួយដល់កម្ពុជាដដែល និងនៅតែបន្តការអភិវឌ្ឍប្រទេសជាតិ ឈរលើលទ្ធិប្រជាប្រធិបតេយ្យ សេរីពហុបក្ស ស្ថិតក្រោមដំបូលនៃច្បាប់រដ្ឋធម្មនុញ្ញតែមួយ។

ជាចុងក្រោយ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សប្បុរសជននានា មានលោក អ៊ី គឹមអូន ជាដើម ដែលបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីឧបត្ថម្ភដល់ការសាងសង់សមិទ្ធផលនានាក្នុងព្រះសាសនានេះ៕





No comments:

Post a Comment