Thursday, March 01, 2018

បទអត្ថាធិប្បាយ៖ ការសន្និដ្ឋានរបស់ក្រុមប្រឹក្សាអឺរ៉ុបស្តីពីកម្ពុជា​បានបង្ហាញពីការបន្ត​កិច្ច​សហ​ប្រតិ្ត​បតិ​ការ​ជា​មួយ​កម្ពុជា ជា​ជាង​ទណ្ឌ​កម្ម

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ថ្មីៗនេះ នៅទីក្រុងប្រ៊ុចហ្សែល ក្រុមប្រឹក្សា​អឺរ៉ុប​ដែល​មាន​សមាស​​ភាពថ្នាក់រដ្ឋមន្រ្តីការបរទេសមកពីបណ្តាប្រទេសចំនួន​២៧​បាន​ជួប​ប្រជុំគ្នា ស្តីពីស្ថាន​​ការណ៍​នយោបាយ​នៅ​កម្ពុជា ហើយចុងក្រោយក្រុមប្រឹក្សាមួយនេះ បានចេញសេចក្តីសន្និដ្ឋានមួយ មានចរិកលក្ខណៈជាសំណូម​ពរ និង​ការស្នើឱ្យគណៈកម្មការ ឬ រដ្ឋា​ភិបាល​អឺរ៉ុប និងតំណាង​ជាន់ខ្ពស់អឺរ៉ុប តាមពិនិត្យ​មើល និងជំរុញ​បន្តកិច្ច​សហ​ប្រតិ្តបតិការជាមួយកម្ពុជាលើវិស័យ​ការគោរពសិទ្ធិមនុស្ស សិទ្ធិ​សេរី​ភាព ការអនុវត្តនីតិរដ្ឋ ពិសេស លើ​លក្ខខណ្ឌ​នានា ក្នុងការ​​នាំ​ផលិត​ផល​ក្នុងវិស័យ​ឧស្សាហកម្ម​តម្បាញ  កាត់ដេរ សម្លៀក​បំពាក់ និងស្បែក​ជើង ព្រម​ទាំង​​ការបូបចូលក្នុងទីផ្សារអឺរ៉ុប ព្រោះ អឺរ៉ុប​ជាទីផ្សារ​ដ៏ធំ​បំ​ផុត​សម្រាប់ការ​នាំចេញរបស់កម្ពុជា។ កម្ពុជា​ជា​ប្រទេស​ដែលធ្លាប់បានហែលក្នុងភ្លើងសង្រ្គាម​ស៊ី​វិល បានទទួលវិនាសអន្តរាយខ្ទេចខ្ជីស្ទើរទាំង​ស្រុង ដោយ​សារ​​សង្រ្គាមស៊ីវិលម្តងហើយម្តងទៀត តើសហភាពអឺរ៉ុបសុខចិត្តបោះបង់ប្រជាជនខ្មែរជាង១៦លាននាក់ ទៅ​តោង​យកខ្មោចបក្សសង្រ្គោះជាតិ ឬចលនាឧទ្ទាមក្រៅច្បាប់ ដើម្បីជាថ្នូរនឹងរបស់ដែលហៅ​ថា ប្រជា​ធិប​តេយ្យ​អាណាធិ​បតេយ្យ? ហើយរវាងប្រជាធិប​តេយ្យ​បែបអាណាធិបតេយ្យ ជា​មួយនឹងសន្តិភាព ស្ថេរភាពនយោ​បាយ និងការអភិវឌ្ឍ តើសហភាពអឺរ៉ុបគួរជ្រើស​យក​ជម្រើស​មួយណា សម្រាប់​​សេចក្តី​សុខ​សាន្ត​​យូរ​អង្វែង​សម្រាប់​ប្រជាជនកម្ពុជា និងជាតិមាតុ​ភូមិកម្ពុជាដ៏អភ័ព្វមួយនេះ?

ជាការពិតសេចក្តីសន្និដ្ឋានរបស់ក្រុមប្រឹក្សាអឺរ៉ុបដែលមាន១១ ចំណុចរៀប​រាប់​លើ​៣ទំព័រកន្លះ​មិន​​បាន​​​បង្ហាញអំពីវិធានការជាក់លាក់ ឬ ការដាក់ទណ្ឌកម្មណា​មួយ មក​លើររដ្ឋា​ភិបាល​កម្ពុជានោះទេ។ សេចក្តី​សន្និដ្ឋាន​ជារួមបានបង្ហាញយ៉ាងច្បាស់​តែអំពីការព្រួយបារម្ភ ក្នុង​ទម្រង់ស្នើឱ្យរដ្ឋាភិបាលអឺរ៉ុប និង​តំណាង​ជាន់​ខ្ពស់​អឺរ៉ុបបន្តតាមដានកិច្ច​សហ​ប្រត្តិ​បតិ​ការ​ជា​មួយ​នឹង​រដ្ឋា​ភិបាល​​កម្ពុជាលើវិស័យការគោរពសិទ្ធិមនុស្ស សេរី​ភាព ការអនុវត្តនីតិរដ្ឋ ការស្តារលទ្ធិប្រជាធិប​តេយ្យ​នៅកម្ពុជា ពិសេស លើ​លក្ខខណ្ឌ​នានា​នៃ​ការ​នាំ​មុខ​ទំនិញ​ឧស្សាហ​កម្មចូលទីផ្សារអឺរ៉ុបប៉ុណ្ណោះ។ ហើយក្នុងន័យអធិប្បាយមិនជាក់លាក់នោះ សហ​ភាព​​អឺរ៉ុប​លើក​ឡើង​ថា ខ្លួននឹងចាត់វិធានការជាក់លាក់ ប្រសិនបើស្ថានការមិនបានល្អប្រសើរ។

តែទោះយ៉ាងណាក៏ដោយកម្ពុជាជាប្រទេសអធិបតេយ្យ ឯករាជ្យ និងមានបូរណ​ភាពទឹកដី ក្នុង​សិទ្ធិ​ស្វ័យ​សម្រេចរបស់ប្រជាជន និងប្រជាជាតិកម្ពុជា ដែលជាម្ចាស់​នៃជោគវាសនានៃប្រទេសនេះទាំងមូល។ រដ្ឋធម្មនុញ​កម្ពុជាឆ្នាំ១៩៩៣ ជាច្បាប់​កំពូលរបស់ប្រទេស ដែលតាមរយៈនេះ រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រកាស​នូវជំហរឥតងាករេក្នុងការអនុវត្តតាមរបបប្រជាធិបតេយ្យសេរី​ពហុបក្ស និងការបោះ​ឆ្នោតជាសាកល និង​អសាកល​យ៉ាងទៀតទាត់។ ស្ថាប័នទាំងបីរួមមាន រដ្ឋ​សភា តុលាការ និង​រដ្ឋាភិបាល​អនុវត្ត​អំណា​ចឯក​រាជ្យ​ដាច់​ពីគ្នា។ សិទ្ធិសេរីភាពជាមូល​ដ្ឋានរបស់​ប្រជាពលរដ្ឋគ្រប់រូបត្រូវបានគោរព និង​អនុវត្តតាម​គោល​ការណ៍​នីតិរដ្ឋ។ ក៏ប៉ុន្តែ រដ្ឋា​ភិ​បាល​​​កើតចេញ​ពីការជ្រើស​តាំង​ដោយ​សម្លេង​ភាគ​ច្រើន​ពីពលរដ្ឋ​ត្រូវមាន​កាតព្វ​កិច្ច​អនុ​វត្ត​នីតិរដ្ឋ ដើម្បី​ធានា​ថា សង្គមកម្ពុជាមានសុខសន្តិភាព និងសណ្តាប់សង្គមល្អ ជូនសេចក្តី​សុខសាន្ត​ដល់​ពល​រដ្ឋ​ទូទៅ។ ហើយការសម្រេចរំលាយគណ​បក្សសង្រ្គោះជាតិកន្លងទៅ គឺសិទ្ធិអំណាច​របស់តុលា​ការកំពូល។ ជាការពិត ឋិតលើផ្លូវប្រជា​ធិបតេយ្យសេរីពហុបក្ស គឺមិនចាំបាច់រំពឹងតែអតីតបក្សសង្រ្គោះជាតិមួយនោះទេ កម្ពុជា​​មានបក្សនយោបាយច្រើន កំពុងធ្វើសកម្មភាពនយោបាយដោយសេរីស្របតាមច្បាប់​ស្តី​ពីគណបក្ស​នយោ​បាយ​កម្ពុជា ហើយប្រជាពលរដ្ឋខ្មែរអាចចូលរួមគាំទ្រ និងធ្វើសកម្មភាពបានដោយសេរី ជាមួយ​បក្ស​នយោបាយណាមួយដែលខ្លួនពេញចិត្ត។

ជារួមប្រទេសកម្ពុជា ក្រោយសន្តិភាពទីក្រុងប៉ារីស និងដោយអនុវត្តស្របតាមស្មារតីនៃរដ្ឋធម្ម​នុញ្ញ បាន និងកំពុងបន្តប្រកាន់យកជំហររក្សាទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយបណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក ពិសេស ជាមួយនឹងសហគមន៍អឺរ៉ុប ហើយប្រជា​ជនកម្ពុជាទាំងមូលសង្ឃឹមថា សហភាពអឺរ៉ុប (EU) នឹងបន្តជំហររក្សានូវទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដូចដែល​កម្ពុជា​កំពុង​មាន​ចំពោះ​សហភាពអឺរ៉ុប។ ហើយ​សហគមន៍​អឺរ៉ុប​​នឹងចាប់​យក​ផលប្រយោជន៍​ទៅវិញ​ទៅមកជាមួយ​ប្រជាជន​ខ្មែរ​ជាង​១៦​លាន​នាក់ ប្រសើរជាង​ចាប់​យកខ្មោចបក្សសង្រ្គោះជាតិ ឬ ចលនាឧទ្ទាមក្រៅច្បាប់។ ហើយ​លំ​ហ​​នៃ​លទ្ធិ​ប្រជាធិបតេយ្យមិនអាស្រ័យលើតែអតីតបក្សសង្រ្គោះជាតិមួយនោះទេ បក្ស​នយោ​បាយ​ជា​ច្រើន​កំពុង​ធ្វើ​សកម្មភាព​ដោយសេរី ហើយ​បក្សនយោបាយ​ជាច្រើនទៀត​​នឹងត្រូវបង្កើត​ឡើង​នា​ពេលខាង​មុខដើម្បី​ចូលរួម​ប្រកួត​ប្រជែងក្នុងការបោះ​ឆ្នោតសា​កលដោយសេរីនាពេលខាងមុខដ៏ខ្លី ហើយ​ប្រជាជនខ្មែរ​ទាំង​មូល​មានសិទ្ធិ​​សម្រេច​លើជោគ​វាសនាប្រទេសជាតិ គឺពួក​គេ​នឹងចូលរួមបោះ​ឆ្នោត​ដោយសេរីដើម្បីជ្រើសរើសមេដឹកនាំ ឬ បក្ស​​នយោបាយដែលពួកគេពេញ​ចិត្ត៕

ដោយ ឡុង បូរិតា


No comments:

Post a Comment