Thursday, March 01, 2018

ក្រសួងការបរទេស ប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅសម្រាប់ឆ្នាំ២០១៨

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបើក សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ខ្លួន នៅទីស្ដីការក្រសួងការបរទេស ដែលពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមដោយថ្នាក់ដឹងនាំ និងមន្ត្រីរបស់ក្រសួងការបរទេសក៏ដូចជាឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជាមួយចំនួនទៀតផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន «សន្និបាតប្រចាំឆ្នាំ២០១៨» នេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ក្នុងនោះ ក្រសួងនឹងពិនិត្យពិភាក្សាឡើងវិញពីសកម្មភាព និងការប្រឈមនានា ក្នុងឆ្នាំ២០១៧ ព្រមទាំងកំណត់ទិសដៅការទូតឆ្នាំ២០១៨ តាមរយៈវាគ្មិនសំខាន់ៗមកពីក្រសួងនានា មកធ្វើបទបង្ហាញដែលនឹងលើកកម្ពស់ចំណេះដឹង ពង្រីកកម្រិតវិភាគ និងការយល់ដឹងច្បាស់លាស់ដល់អ្នកការទូតកម្ពុជា ដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងការពាររាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិ។

តាមរបាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា នៅក្នុងបរិបទនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ក្នុងការការពារដាច់ខាតនូវផលប្រយោជន៍ប្រទេសជាតិ។ គួបផ្សំនឹងការខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបណ្តាប្រទេសជាមិត្តក្នុងពិភពលោក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការពន្យល់បកស្រាយជូនបណ្តាប្រទេសជាមិត្តទាំងអស់ពីអង្គហេតុ និងអង្គច្បាប់នៃវិធានការដែលប្រកាន់យកដោយស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ សំដៅទប់ស្កាត់ «បដិវត្តន៍ពណ៌» ពង្រឹងនីតិរដ្ឋ រក្សាការពារសន្តិភាព ស្ថិរភាព និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជន។

ទន្ទឹមនឹងនេះក្រសួងក៏បានធ្វើការផ្សព្វផ្សាយឯកសារ «ប្រាប់ពីការពិត» កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ និងបានបញ្ជូនឯកសារមូលដ្ឋាន ជាបន្តបន្ទាប់ឱ្យគ្រប់ស្ថានបេសកកម្មកម្ពុជា នៅបរទេសដើម្បីប្រើប្រាស់តាមតម្រូវការចលនាការទូតជាមួយប្រទេសម្ចាស់ផ្ទះ ព្រមទាំងបានចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យជាបន្តបន្ទាប់ ធ្វើការបដិសេធនូវរាល់ការចោទប្រកាន់គ្មានមូលដ្ឋានមកលើរាជរដ្ឋាភិបាល ហើយបានការពារយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍គោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ យន់ សាវឿន







No comments:

Post a Comment