Wednesday, February 14, 2018

រដ្ឋសភា បន្តអនុម័តលើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបន្ថែមទោសចំពោះការប្រមាថអង្គព្រះមហាក្សត្រ

បន្ទាប់ពីអនុម័តទាំងស្រុងលើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង៥មាត្រារួចហើយនោះ នៅវេលាម៉ោង៩៖៥០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទាំងស្រុងទៀត លើសេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបន្ថែមទោសកាន់ធ្ងន់ចំពោះការប្រមាថអង្គព្រះមហាក្សត្រ។

ការអនុម័តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញរបស់រដ្ឋសភា ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានកូរ៉ុមជាសមាជិករដ្ឋសភាសរុបទាំងអស់១២៣រូប ហើយសមាជិករដ្ឋសភាទាំង១២៣រូប បានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌនេះទាំងស្រុង។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ស្តីពីបទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវបានរៀបចំបន្ថែមមាត្រាថ្មីមួយប៉ុណ្ណោះ គឺមាត្រា ៤៣៧ ស្ទួន ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១ គន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ។ ខ្លឹមសារជារួមនៃមាត្រាថ្មីនេះ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតិបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕




No comments:

Post a Comment