Wednesday, February 14, 2018

រដ្ឋសភា បើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីអនុម័តលើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស ប្រមាថព្រះមហាក្សត្រ រួមទាំងច្បាប់សំខាន់ៗមួយចំនួនទៀត

នៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភាបានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គវិសាមញ្ញ ដើម្បីអនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់បន្ថែមទោសលើ អ្នកប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនទៀត។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមាជិកនានាមួយចំនួនទៀតរបស់រដ្ឋសភា ផងដែរ។

សេចក្តីព្រាងច្បាប់ ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបន្ថែមទោសកាន់ធ្ងន់សម្រាប់ជនណាមួយដែលប្រមាថដល់ព្រះមហាក្សត្រ។
២៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។
៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម
និងទី៤៖ សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង៥មាត្រា ដែលទើបដាក់បញ្ចូលក្រោយពេលរដ្ឋសភាបើកកិច្ចប្រជុំគណៈកម្មាធិការសម្រេច នៅព្រឹកព្រលឹម ថ្ងៃនេះ។

សេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលរៀបចំកែប្រែថ្មីចំនួន៥មាត្រា ត្រូវបានរាជរដ្ឋាភិបាលអនុម័ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងនោះមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី ជាដើម។ ក្នុងចំណោម៥មាត្រានោះ មានមាត្រាចំនួន២ ត្រូវបានរដ្ឋាភិបាល ផ្លាស់ប្តូរពាក្យ និងដកពាក្យ ហើយមាត្រា៣ទៀតនៃសេចក្តីព្រាងរដ្ឋាភិបាលបានបន្ថែម កថាខណ្ឌមួយចំនួន ទាក់ទងនឹងផលប្រយោជន៍របស់កម្ពុជា រួមទាំងការប្រឆាំងនឹងបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។

មាត្រា៣៤ថ្មី(មួយ) កថាខណ្ឌទី៥នៃសេចក្តីព្រាង រដ្ឋាភិបាលបានប្តូរពាក្យ «បន្ថយ» ទៅជា «ដក»។ ក្នុងមាត្រា៣៤ថ្មី(មួយ)កថាខណ្ឌទី៥នៃសេចក្តីព្រាង សរសេរថា បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវបានកំណត់ក្នុងច្បាប់។ មាត្រា១១៨ថ្មី(មួយ) កថាខណ្ឌទី២នៃសេចក្តីព្រាង រដ្ឋាភិបាលបានលុបពាក្យរដ្ឋលេខាធិការចេញពីមាត្រាចាស់។ ក្នុងមាត្រា១១៨ថ្មី(មួយ) កថាខណ្ឌទី២នៃសេចក្តីព្រាង សរសេរថា គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី១រូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ជាសមាជិក។

ជាមួយគ្នានេះ មាត្រា៤២ថ្មីនៃសេចក្តីព្រាង រដ្ឋាភិបាលបានបន្ថែមមួយកថាខណ្ឌទៀត ថា «គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។ មាត្រា៤៩ថ្មី នៃសេចក្តីព្រាង រាជរដ្ឋាភិបាល បានបន្ថែមមួយកថាខណ្ឌទៀតថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។ ចំណែកឯក្នុងមាត្រា៥៣ថ្មីនៃសេចក្តីព្រាង រដ្ឋាភិបាលបានបន្ថែមមួយកថាខណ្ឌទៀតថា «ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះក្រោមរូបភាពណាក៏ដោយ»។

ដោយឡែកសម្រាប់ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ស្តីពីបទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវរៀបចំជាមាត្រាថ្មីមួយបន្ថែមគឺមាត្រា ៤៣៧ ស្ទួន ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ ដែលមានខ្លឹមសារជារួមថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕








No comments:

Post a Comment