Wednesday, February 14, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពគ្រប់យ៉ាង រួមទាំងសិទ្ធិជ្រើសរើសជំនឿសាសនា និងសិទ្ធិចូលរួមប្រារព្ធពិធីបុណ្យទានផ្សេងៗ

នៅព្រឹកថ្ងៃពុធ ១៤ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា សព្វថ្ងៃនេះប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំងសិទ្ធិជ្រើសរើសជំនឿសាសនា និងសិទ្ធិចូលរួមប្រារព្ធពិធីបុណ្យទានដោយគ្មានការហាមឃាត់ឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកថា «ដូចយើងដឹងស្រាប់ហើយ កម្ពុជាយើងចូលឆ្នាំ ក្នុងមួយឆ្នាំបីដង ហើយចូលឆ្នាំចិនក៏នឹងមកដល់ស្អែកនេះទៀត។ ក្រៅពីបុណ្យចូលឆ្នាំ ក៏មានបងប្អូនកូនក្មួយមួយចំនួនចូលរួមអបអរសាទរថ្ងៃបុណ្យគ្រីស្តម៉ាស់ និងថ្ងៃនៃក្តីស្រឡាញ់ ដែលចំត្រូវថ្ងៃទី១៤ កុម្ភៈ នេះតែម្តង។ លោកនាយករដ្ឋមន្ត្រីបន្តថា ពលរដ្ឋយើងមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំងសិទ្ធិជ្រើសរើសជំនឿសាសនា និងសិទ្ធិចូលរួមប្រាព្ធពិធីបុណ្យទានដោយគ្មានការហាមឃាត់ឡើយ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរជនរួមជាតិ និងកូនក្មួយយុវជន យុវតីដែលបានចូលរួមអបអរសាទរថ្ងៃនៃក្តីស្រឡាញ់ថ្ងៃនេះ ផ្តល់ជូនឪពុកម្តាយ ជីដូន ជីតា អ៊ំ ពូមីង បងប្អូន ក្រុមគ្រួសារ ប្តីប្រពន្ធ មិត្តភ័ក្តិ និងប្រទេសជាតិយើងឱ្យបានច្រើនបំផុត និងបានក្រើនរំលឹកដល់កូនក្មួយកុំងាយប្រគល់ខ្លួនឱ្យបុរសណាទាំងអស់ ក្នុងថ្ងៃនេះ ចៀសវាងវិប្បដិសារីអស់មួយជីវិត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរដល់ជនរួមជាតិ និងកូនក្មួយយុវជន បានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ នៅក្នុងថ្ងៃនៃក្តីស្រឡាញ់ នៅក្នុងថ្ងៃនេះគ្រប់ៗគ្នា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណដល់ជនរួមជាតិ និងកូនក្មួយដែលបានជូនពររូបលោក និងភរិយាផងដែរ៕



No comments:

Post a Comment