Wednesday, February 14, 2018

រដ្ឋសភាអនុម័តទាំងស្រុងលើសេចក្តីព្រាង វិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ

បន្ទាប់ពីអនុម័តទាំងស្រុងលើ សេចក្តីព្រាងសំខាន់ៗចំនួន២រួចហើយនោះ នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទាំងស្រុងទៀត លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។

ការអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញរបស់រដ្ឋសភា ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានកូរ៉ុមជាសមាជិករដ្ឋសភាសរុបទាំងអស់១២៣រូប ក្នុងនោះមានសមាជិករដ្ឋសភាចំនួន១១៧រូប បានអនុម័តគាំទ្រដល់សេចក្តីព្រាង វិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។

ការរៀបចំធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីធានាការការពារគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយដែលវិវាទទាំងនេះត្រូវបានកំណត់ថា ជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕



No comments:

Post a Comment