Wednesday, February 14, 2018

រដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ទាំង៥មាត្រា

សមាជិករដ្ឋសភា ១២៣រូប បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាង វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ទាំង៥មាត្រាហើយ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ការអនុម័តទាំងស្រុងលើវិសោធនកម្ម សេចក្តីព្រាង វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញរបស់រដ្ឋសភា ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានកូរ៉ុមជាសមាជិករដ្ឋសភាសរុបទាំងអស់១២៣រូប។

សូមបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលរៀបចំកែប្រែថ្មីចំនួន៥មាត្រា ត្រូវបានរាជរដ្ឋាភិបាលអនុម័ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងនោះមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី ជាដើម។ ក្នុងចំណោម៥មាត្រានោះ មានមាត្រាចំនួន២ ត្រូវបានរដ្ឋាភិបាល ផ្លាស់ប្តូរពាក្យ និងដកពាក្យ ហើយមាត្រា៣ទៀតនៃសេចក្តីព្រាងរដ្ឋាភិបាលបានបន្ថែម កថាខណ្ឌមួយចំនួន ទាក់ទងនឹងផលប្រយោជន៍របស់កម្ពុជា រួមទាំងការប្រឆាំងនឹងបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។

មាត្រា៣៤ថ្មី(មួយ) កថាខណ្ឌទី៥នៃសេចក្តីព្រាង រដ្ឋាភិបាលបានប្តូរពាក្យ «បន្ថយ» ទៅជា «ដក»។ ក្នុងមាត្រា៣៤ថ្មី(មួយ)កថាខណ្ឌទី៥នៃសេចក្តីព្រាង សរសេរថា បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវបានកំណត់ក្នុងច្បាប់។ មាត្រា១១៨ថ្មី(មួយ) កថាខណ្ឌទី២នៃសេចក្តីព្រាង រដ្ឋាភិបាលបានលុបពាក្យរដ្ឋលេខាធិការចេញពីមាត្រាចាស់។ ក្នុងមាត្រា១១៨ថ្មី(មួយ) កថាខណ្ឌទី២នៃសេចក្តីព្រាង សរសេរថា គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី១រូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ជាសមាជិក។

ជាមួយគ្នានេះ មាត្រា៤២ថ្មីនៃសេចក្តីព្រាង រដ្ឋាភិបាលបានបន្ថែមមួយកថាខណ្ឌទៀត ថា «គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។ មាត្រា៤៩ថ្មី នៃសេចក្តីព្រាង រាជរដ្ឋាភិបាល បានបន្ថែមមួយកថាខណ្ឌទៀតថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។ ចំណែកឯក្នុងមាត្រា៥៣ថ្មីនៃសេចក្តីព្រាង រដ្ឋាភិបាលបានបន្ថែមមួយកថាខណ្ឌទៀតថា «ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះក្រោមរូបភាពណាក៏ដោយ»។

ដោយឡែកសម្រាប់ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ស្តីពីបទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវរៀបចំជាមាត្រាថ្មីមួយបន្ថែមគឺមាត្រា ៤៣៧ ស្ទួន ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ ដែលមានខ្លឹមសារជារួមថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕





No comments:

Post a Comment