Thursday, January 25, 2018

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្លែងថា សមិទ្ធផលទាំងឡាយពិតជាមិនអាចកើតឡើងបានទេ បើគ្មានកិច្ចខិតខំប្រឹងប្រែង គោលនយោបាយនិងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា សមិទ្ធផលទាំងឡាយប្រាកដជាមិនអាចកើតមានឡើងបានទេ ប្រសិនបើគ្មានកិច្ចខិត​ខំប្រឹងប្រែង គោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹ​ក​នាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបានថ្លែងដូចនេះក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារអាកាសចរស៊ីវិលឆ្នាំ២០១៣-២០១៧ និងលើ​កទិសដៅសម្រាប់ឆ្នាំ ២០១៨-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នៅថ្ងៃព្រ​​ហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០​១​៨​។​

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបញ្ជាក់ថា គោលនយោបាយ «ឈ្នះ-ឈ្នះ» បាននាំមកនូវឯកភាពជាតិ សុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងរយៈកាលប្រមាណ ៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្រ្តដ៏យូរលង់របស់កម្ពុជា ហើយដែលសន្តិភាព និងស្ថិរភាពនយោបាយនេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិ​វឌ្ឍគ្រប់វិស័យ រួមទាំងវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។ លោកបានបន្ថែមថា សន្និបាតបូកសរុបលទ្ធផលការងារអា​កា​សចរស៊ីវិលនេះ​ ក៏បានប្រព្រឹត្តទៅចំពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងសន្តិភាពពេ​ញ​បរិបូរណ៍ ហើយប្រជាពលរដ្ឋនិងប្រជាជាតិទាំងមូលក៏កំពុងទទួលបាននូវមនុញ្ញផលនៃសន្តិភាពនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានគូសបញ្ជាក់ថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហេ​​ដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងរូបវ័ន្តនានាព្រមទាំងធនធានមនុស្ស ត្រូវបានបំផ្លិចបំ​ផ្លា​ញដល់ឬសគល់  វិស័យអាកាសចរណ៍របស់យើងក៏បានផ្អាកដំណើរការផងដែរនៅពេលនោះ​។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យអាកាសចរណ៍កម្ពុជាត្រូវបានដាក់ឱ្យដំណើរការសារជាថ្មី ដោយផ្តើ​មចេញពីស្ថានភាពដ៏លំបាកលំបិនបំផុត ឈានទៅមុខជាជំហានៗ និងរហូតមកដល់ពេលនេះ យើងបានឆ្លងកាត់ពីដំណាក់កាលរីកចម្រើនមួយទៅដំណាក់កាលរីកចម្រើនមួយទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងទំហំប្រតិបត្តិការប្រកបដោយមោទនៈភាព ជាពិសេសគឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន បានដាក់ចេញនូវគោលនយោបាយ «បើកចំហរជើងមេឃ» ដែលបាននិងកំពុងប្រែក្លាយប្រ​ទេសកម្ពុជាទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទេសចរណ៍មួយដែលមានភាពទាក់ទាញក្នុងតំបន់និងពិភពលោក។

លោក ប៊ិន ឈិន បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងតាមរយៈការដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយដ៏ត្រឹមត្រូវសម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តប្រកបដោយភាពជាក់ស្តែង ប្រាកដនិយម និងភាពម៉ឺងម៉ាត់ កម្ពុជាសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនគួរឱ្យកត់សម្គាល់។ លោកបានបន្ថែមថា ជាមួយនឹងសមិទ្ធផលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រ​ទេ​ស​ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី ហើយបានប្រសិទ្ធនាមប្រទេសកម្ពុជា ជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» ទៀតផង។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានបញ្ជាក់ថា វិស័យអាកាសចរណ៍ស៊ីវិលជាវិស័យ​មួ​យ​ដែលកំពុងមានភាពទាក់ទាញ និងរីកចម្រើនប្រកបដោយសក្តានុពល ដែលជាផ្នែកដ៏សំ​​ខា​ន់​​​មួយមិនអាចខ្វះបាននៃសេដ្ឋកិច្ចពិភពលោក ដែលកាន់តែមានលក្ខណៈជាសាកលតាមរយៈកា​រ​ជួយសម្រួលពាណិជ្ជកម្មអន្តរជាតិ ទេសចរណ៍ និងវិនិយោគទុនអន្តរជាតិព្រមទាំងជួយភ្ជា​ប់​​ប្រជាជនពីទ្វីបមួយទៅទ្វីបមួយទៀតនៅទូទាំងពិភពលោក។ ដើម្បីឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅតែបន្តជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយបាននូវភាពក្រីក្រនៅកមម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានស្នើសុំឱ្យអង្គសន្និបាតបន្តយកចិត្តទុកដាក់ផ្លាស់ប្តូរគំនិត ពិគ្រោះយោបល់គ្នា រិះរកដំណោះស្រាយបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងពេលបំពេញភារកិច្ច ជាពិសេសត្រូវយកចិត្តទុកដាក់លើបញ្ហាមួយចំនួនដូចជា៖ ការកែទម្រង់ស្ថាប័ន បញ្ហាសុវត្ថិភាព-សន្តិសុខអាកាសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ចំពោះសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស កម្ពុជាមានក្រុមហ៊ុនអា​កា​ស​​​ចរណ៍ក្នុងស្រុកចំនួន១០ កំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ និងទំនិញចេញ-ចូល លើដំណាក់ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ មានដូចជា៖ ១- ក្រុមហ៊ុនខាមបូឌាអង្គរអ៊ែរ ២- ក្រុមហ៊ុន ស្កាយអង្គរ អ៊ែរឡាញ ៣- ក្រុមហ៊ុន ខេមបូឌា បាយ័ន អ៊ែរឡាញ ៤- ក្រុមហ៊ុន បាសសាកា អ៊ែរ ៥- ក្រុមហ៊ុន ជេស៊ី ខាមបូឌារ អ៊ិនធើណេសសិណល អ៊ែរឡាញ ៦- ក្រុមហ៊ុន ឡានម៉ី អ៊ែរឡាញ ៧- ក្រុមហ៊ុន ស្មលផ្លែនណេត និងមានក្រុមហ៊ុនឧទ្ធម្ភាគចក្រចំនួនពីរគឺ ៨- ក្រុមហ៊ុន ហេលិខបធឺ ខេមបូឌា ៩- ក្រុមហ៊ុន ហេលិស្តារ ខេមបូឌា ១០- ក្រុមហ៊ុន Union Development Group។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយចំនួនទៀត ដែលបាននិងកំពុងស្នើសុំវិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអាចដំណើរការហោះហើរដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក និងក្រៅស្រុកនៅកម្ពុជា៕







No comments:

Post a Comment