Thursday, January 25, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឱ្យក្រសួងប្រៃសណីយ៍ពិភាក្សាជាមួយក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាឥណ្ឌាដើម្បីសហការគ្នារៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបែបឌីជីថល

នៅល្ងាចថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅ ក្រសួងអេឡិចត្រូនិចនិងបច្ចេក​វិទ្យាឥណ្ឌា (Ministry of Electronics and Information Technology – MeitY) ដែលមានលោក រ៉ាវី សាំងការ ប្រាសាដ (Ravi Shankar Prasad) រដ្ឋមន្រ្តី និងមន្រ្តីក្រសួងជាច្រើនរូបទៀតទទួលស្វាគមន៍។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី រ៉ាវី សាំងការ ប្រាសាដ បានជម្រាបអំពីបច្ចេកវិទ្យា ដែលឥ​ណ្ឌាកំពុងប្រើប្រាស់សព្វថ្ងៃក្នុងនោះដូចជា ការគ្រប់គ្រងប្រព័ន្ធសុខាភិបាលដោយប្រើប្រាស់ ប្រព័ន្ឋ កំព្យូទ័រក្នុងការគ្រប់គ្រងទិន្ន័យអ្នកជំងឺ (e-Health), គ្រប់គ្រងអត្តសញ្ញាណ រួមទាំងការបញ្ជូនឯកសារ ទិន្នន័យដោយមិនចាំបាច់នាំឯកសារទាំងមូល, (e-Sign), គ្រប់គ្រងបុគ្គលិក និងរដ្ឋបាលទូទៅ(e-Office), គ្រប់គ្រងនិងឆ្លើយតបតម្រូវការពេលមានគ្រោះអាសន្ន (NERS), និងជួយកសិករក្នុងការជ្រើសរើសប្រភេទជីសម្រាប់ដីស្រែចំការអោយត្រូវដើម្បីបានទិន្នផលខ្ពស់ ព្រមទាំងប្រព័ន្ធឌីជីថលក្នុងការជួយរកទីផ្សារសម្រាប់កសិករលក់ផលិតផលផងដែរ។

លោករដ្ឋមន្រ្តី រ៉ាវី សាំងការ ប្រាសាដ ក៏បានបន្ថែមថា ទន្ទឹមនឹងនោះឥណ្ឌ ក៏មាន e-Education ដែលជួយ​សម្រួលដល់ការសិក្សារបស់សិស្សនិស្សិតនៅក្នុងប្រទេសអោយកាន់តែងាយស្រួលក្នុងការសិក្សា។ កិច្ចការខាងលើនេះ គឺបានធ្វើអោយរដ្ឋាភិបាលឥណ្ឌាចំណេញថវិកាប្រមាណ ៦ ប៊ីលៀនដុល្លារផងដែរ។ នៅឥណ្ឌាសព្វថ្ងៃ សូម្បីការបោះឆ្នោត ក៏ប្រើប្រព័ន្ធដីជីថលគូសសន្លឹកឆ្នោត ដោយមិនចំណាយទៅលើក្រដាសទៀតឡើយ។ លោករដ្ឋមន្រ្តីរីករាយនឹងសហការជាមួយក្រសួងទាំងឡាយរបស់កម្ពុជា ដើម្បីជំរុញបច្ចេកវិទ្យាដើរអោយទាន់សភាពការណ៍ចាំបាច់ និងតម្រូវការរបស់ពិភពលោកសព្វថ្ងៃ ក្នុងនោះមានក្រសួងអប់រំ ក្រសួងពាណិជ្ជកម្ម និង ក្រសួងសុខាភិបាលគឺមានការចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាឌីជីថលទាំងនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានការពេញចិត្តចំពោះការរីកចម្រើនបច្ចេកវិទ្យារបស់ឥណ្ឌា ក្នុងនោះគឺ​បច្ចេកវិទ្យាជួយទៅលើកសិករក្នុងការជ្រើសរើសដី និងជីរ និងវិធីជួយរកទីផ្សារសម្រាប់កសិករ។ លោកក៏បានណែនាំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ពិភាក្សាជា​មួយ​ក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាឥណ្ឌា ដើម្បីសហការគ្នារៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័​យតាមបែបឌីជីថល ដើម្បីសម្រួលការងារឱ្យបានលឿនដែលនឹងជួយកាត់បន្ថយអំពើពុករលួ​យបានមួយកម្រិតធំទៀតផង៕







No comments:

Post a Comment