Monday, November 06, 2017

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីផុតអាណត្តិកោតសរសើរភាពរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសកំណើនសេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាព

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលាមុនបញ្ចប់បេសកកម្មនៅកម្ពុជា នៅវិមានសន្តិភាពជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានកោតសរសើរភាពរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសកំណើនសេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាព។

នៅក្នុងជំនួបនេះ លោក Pitono Purnomo បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសកំណើនសេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាពក្នុងប្រទេស ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ហើយលោកក៏បានកោតសរសើរអំពីការរីកចម្រើនលើវិស័យទេសចរណ៍ផងដែរ។ លោកអគ្គរដ្ឋទូត បាន កោតសរសើរដល់កម្ពុជាដែលកន្លងមកបានគាំទ្រឥណ្ឌូនេស៊ី ទាំងក្នុងកម្រិត តំបន់ និងអន្តរជាតិ។ ចំពោះកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានការកើនឡើងជាបន្តបន្ទាប់ដែលបច្ចុប្បន្ននេះមានប្រមាណ ៤៥០លានដុល្លារ ហើយសង្ឃឹមថា នឹងមានការកើនឡើងជាបន្តទៀត។ លោក Pitono Purnomo បានកោតសរសើរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅដោយរលូន និងជោគជ័យ។

លោក Pitono Purnomo បានផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព និងការរីកចម្រើននៅកម្ពុជា ហើយវាយតម្លៃថាបដិវត្តន៍ពណ៌គឺមិនអាចកើតមាននៅលើទឹកដីកម្ពុជាបានទេ នៅក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក បានបង្ហាញពីការរីករាយចំពោះវិស័យការពារជាតិដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ ដែលកន្លងមកមានការបណ្តុះបណ្តាលជួយលើកកំពស់សមត្ថភាពកងទ័ពជាដើម។ ជាមួយគ្នានេះដែរ ឥណ្ឌូនេស៊ី ក៏បានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាជាង៦០០នាក់ នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានឃើញច្បាស់អំពីការរីកចម្រើនរបស់កម្ពុជា។ កន្លងមកនេះ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងពេលវេលាដែលកម្ពុជាស្វែងរកសន្តិភាព។ វត្តមានឥណ្ឌូនេស៊ី គឺបានជួយឱ្យបានសម្រេចនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។ ទន្ទឹមនឹង នោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យខិតខំជំរុញការងារពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរនេះឱ្យមានសន្ទុះកើនឡើងថែមទៀត។ នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនប្រមាណជាង២៦០លាននាក់ ហើយក៏ជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ាន និងជាទីផ្សារ ដ៏ធំរបស់កម្ពុជាផងដែរ។ បច្ចុប្បន្ននេះ វិនិយោគិនឥណ្ឌូនេស៊ី ក៏បានមកវិនិយោគនៅកម្ពុជាផងដែរ ដូចជាវិស័យសុខាភិបាលជាដើម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យពង្រឹងកិច្ចសហប្រតិបត្តិការគ្នាជាបន្ថែមទៀត រួមមានការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរវាងប្រទេសទាំងពីរ រួមទាំងទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រមុខដឹកនាំកម្ពុជា និងឥណ្ឌូនេស៊ី។ កន្លងមកយើងមានកិច្ចសហប្រតិបត្តិការដោយក្រសួងការបរទេសទាំងពីរដែលជួបប្រជុំគ្នាជាប្រចាំ ប៉ុន្តែបានផ្អាកតាំងពីឆ្នាំ ២០១២មក។ លោក ក៏បានអរគុណឥណ្ឌូនេស៊ីដែលកន្លងមកនេះបានជួយពលករខ្មែរដែលរងគ្រោះនៅតាមទូកនេសាទខុសច្បាប់ដោយអំពើបង្ខិតបង្ខំធ្វើបាបឱ្យធ្វើការហួសកម្លាំង ហើយបានបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព។ ដោយសារកំណើនភ្ញៀវទេសចរមកកម្ពុជាកាន់តែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ គឺបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការឱ្យបានខ្លាំងថែមទៀត លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ៕






No comments:

Post a Comment