Monday, November 06, 2017

(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ កម្ពុជាបានផ្លាស់ប្តូរ​សព្វគ្រប់អស់ហើយ!



មិនខុសពីពិធីបុណ្យធំៗផ្សេងទៀតទេ ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ រយៈពេលបីថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរ កម្សាន្តសប្បាយ យ៉ាងច្រើន កុះករ និងនៅគ្រប់ទិសទី។ អ្នកខេត្តឡើងមកភ្នំពេញ អ្នកភ្នំពេញចេញទៅខេត្ត អ្នកខ្លះឆ្លងដែន ទៅកម្សាន្តរហូតដល់ក្រៅប្រទេស។ រយៈពេលបីថ្ងៃនេះ នៅភ្នំពេញក៏ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ឬបណ្តាខេត្តនានាដែរជាពិសេសខេត្តដែលជាគោលដៅទេសចរណ៍ សំឡេង កាំជ្រួចបានលាន់លឺឡើងអមដោយពន្លឺផ្កាភ្លើងចម្រុះពណ៌ បាចសាចពេញផ្ទៃវេហាស៍។
មនុស្សម្នាមានទាំងជនជាតិខ្មែរ ទាំងភ្ញៀវទេសចរបរទេសបានបាញ់ក្រសែភ្នែកទៅរកពន្លឺកាំ ជ្រួចក្រោមពន្លឺព្រះចន្ទពេញបរមីដោយក្តីអំណរសាទរយ៉ាងក្រៃលែង។ ទូរស័ព្ទស្មាតហ្វូនគ្រប់ ដៃបានផ្តិត យកទិដ្ឋភាពដ៏គួរជាទីមនោរម្យនេះ។ មិនយូរប៉ុន្មានរូបភាព បានផុសត្រឡែត ពាសពេញបណ្តាញសង្គមហ្វេសប៊ុក។ អ្នកខ្លះថតសែលហ្វីជាមួយគូរសង្សារ អ្នកខ្លះថត ជាមួយក្រុមគ្រួសារ អ្នកខ្លះថតជាមួយមិត្តភ័ក្តិ ប្រកបដោយទឹកមុខញញឹមពព្រាយដែលបង្ហាញ ពីភាពសុខដុមរមនាយ៉ាងក្រៃលែង។ នៅលើដងផ្លូវមនុស្សម្នាណែនណាន់តាន់តាប់ រថយន្ត និងយានយន្ត គ្រប់ប្រភេទចរាចរណ៍ទៅមកយ៉ាងកកកុញ និងពេលខ្លះត្រូវកកស្ទះ ចរាចរណ៍ យ៉ាងយូរថែមទៀត។
ក្រៅពីសំឡេងកាំជ្រួញ ក៏នៅមានការប្រគុំតន្ត្រីយ៉ាងកងរំពង ហើយនៅមុខវង្សតម្ត្រីនីមួយៗ សុទ្ធតែមានអ្នកឈរទស្សនា ឬរាំលេងយ៉ាងសប្បាយរីករាយ។ អ្នកដែលចេញទៅក្រៅស្រុក ឯណោះវិញក៏មិនភ្លេចបង្ហោះរូបភាពតាមហ្វេសប៊ុកដើម្បីបង្អួតមិត្តភ័ក្តិ បងប្អូននៅឯក្នុងស្រុក ឲ្យបានឃើញនោះដែរ។ ពាក្យពេចន៍ជូនពរគ្នាត្រូវបានបង្ហោះព្រោងព្រាត តាមបណ្តាញ សង្គម។ ទាំងអស់នេះជាសក្ខីភាពដែលបង្ហាញថា ប្រទេសកម្ពុជាបាន និងកំពុងផ្លាស់ប្តូរមុខ មាត់ថ្មីទាំងស្រុងបើធៀបទៅនឹងសម័យមុនៗ ពោលគឺផ្លាស់ប្តូរពីសង្គ្រាមមកសន្តិភាព ពីសូរកាំភ្លើង មកសូរកាំជ្រួច ពីសម្រែកទួញសោកដោយសារវិនាសកម្មគ្រាប់បែកបេ៥២ មក ជាសម្រែកហ៊ោកញ្ចៀវដោយក្តីអំណរ។ ប្តូរពីទីក្រុងខ្មោច មកជាទីក្រុងកកស្ទះចរាចរណ៍ ប្តូរពីស្ថានភាពរកអង្ករច្រកឆ្នាំង មកស្ថានភាព រកកន្លែងសម្រាប់ចាយលុយ ប្តូរពីហូបមិនគ្រប់មកហូបមិនអស់ ប្តូរពីភាពស្គមស្គាំង មកជាធាត់ទ្រលុកទ្រលន់ ប្តូរពីយប់ងងឹតសូន្យសុង មកមានភ្លើងអគ្គិសនីភ្លឺចិញ្ចាចចិញ្ចែង ប្តូរពីការ បំផ្លិចបំផ្លាញមកជាការកសាងសំណង់ រីកដុះដាលព្រោងព្រាត ប្តូរពីសម័យកាលដែល ជនបរទេសរត់បាជើងសព្រាតចេញពីស្រុកខ្មែរមកជាប្រទេស ដែលទទួលភ្ញៀវទេសចរបរទេស ច្រើនលាននាក់ក្នុងមួយឆ្នាំៗ ទាំងអស់នេះគឺជាភស្តុតាងដែលបង្ហាញថា ប្រទេសកម្ពុជាសម័យនេះពិតមានសុខសន្តិភាពពេញលេញ ហើយប្រជាពលរដ្ឋពិត ជាមានជីវភាពធូរធា សុខសប្បាយ និងមានទឹកមុខប្រកបដោយក្តីសង្ឃឹម ញញឹម ពព្រាយ សប្បាយរីករាយ គ្រប់ៗគ្នា។
សម្រាប់ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ដែលបានឆ្លងកាត់ជាច្រើនរបប ខ្ញុំពិតជាហ៊ានអះអាង ប្រកប ដោយមោទនៈភាពថា គ្មានសម័យកាលណាដែល ប្រទេសកម្ពុជាបានស្គាល់ការអភិវឌ្ឍន៍ ជឿនលឿន ដូចសម័យបច្ចុប្បន្ននេះទេ។ នៅឯទីជនបទឯណោះវិញ ក៏មានការប្រែប្រួលខ្លាំង ណាស់ដែរ។ អ្នកដែលពីមុនមិនធ្លាប់មានទូរទស្សន៍មើលសោះ ឥឡូវមានទូរទស្សន៍ ស្ទើរគ្រប់ផ្ទះ អ្នកដែលពីមុនមិនធ្លាប់មានម៉ូតូជិះ ឥឡូវសុទ្ធតែម៉ូតូស៊េរីថ្មីដេញតាមគ្នា ឬគ្រួសារ ជនបទជាច្រើនមានទាំងឡានថែមទៀត។ អ្នកដែលមិនធ្លាប់មានទូរស័ព្ទប្រើសោះ ឥឡូវទូរស័ព្ធគ្រប់ដៃ ហើយភាគច្រើនជាទូរស័ព្ទស្មាតហ្វូនទៀត។ អ្នកដែលពីមុនមានផ្ទះតូច ឥឡូវមានផ្ទះធំ ពីមុនផ្ទះស្លឹក ឥឡូវផ្ទះថ្ម។
អ្នកដែលពីមុនមិនដែលស្គាល់ផ្លូវល្អ ឥឡូវមានផ្លូវកៅស៊ូ ឬយ៉ាងហោចណាស់ក្រួស ក្រហមដែរ។ ទិដ្ឋភាពទាំងអស់នេះវាមានន័យផ្ទុយស្រឡះ ពីការទទួលបានព័ត៌មានខ្មៅ ពីប្រភពខ្មៅដែលមនុស្សចិត្តខ្មៅបានខំផ្សព្វផ្សាយជារៀងរាល់ថ្ងៃ។ សម្រាប់អ្នកដែលមិនបានមកឃើញទិដ្ឋភាពជាក់ស្តែង របស់ស្រុកទេស ហើយចាំតែស្តាប់ព័ត៌មានខ្មៅ ពួកគេនៅនឹកគិតថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងសម័យខ្មែរក្រហមនៅឡើយ បើទោះជាអ្វីៗបានប្រែប្រួលទាំងស្រុងបែបនេះហើយក៏ដោយ។ ប៉ុន្តែសម្រាប់អ្នកដែលរស់នៅលើទឹកដីកម្ពុជា សុទ្ធតែបានឃើញការប្រែប្រួល ផ្លាស់ប្តូរមុខមាត់ថ្មីទាំងអស់នេះយ៉ាងពិតប្រាកដ លើកលែងតែអ្នកនយោបាយប្រឆាំង និងអ្នកគាំទ្រផ្កាប់មុខមួយចំនួនដែលនៅតែធ្វើមិនឃើញ ធ្វើមិនដឹង ធ្វើមិនលឺ។ ដោយសារនិន្នាការនយោបាយជ្រុលនិយម ពួកគេសុខចិត្តហារមាត់និយាយក្បត់ការពិតទាំងងឹតងងុលថា កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពខ្មៅងងឹត បើទោះបីជាពួកគេ និងគ្រួសាររបស់ពួកគេសុទ្ធតែទទួលបានផលពីសុខសន្តិភាព និងពីការអភិវឌ្ឍន៍គ្រប់ៗគ្នាក៏ដោយ។
ការផ្លាស់ប្តូរមុខមាត់ប្រទេសទាំងស្រុងបែបនេះគឺជា ស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ សម្តេច ហ៊ុន សែន គឺជាស្ថាបនិកអ្នករំដោះប្រទេសចេញពីរបបខ្មែរក្រហម ជាអ្នកសង្គ្រោះប្រជាពលរដ្ឋខ្មែរចេញពីសេចក្តីស្លាប់ ជាអ្នកបញ្ចប់សង្គ្រាម ហើយនាំមកនូវសន្តិភាពយ៉ាងពេញលេញមិនធ្លាប់មាន និងជាអ្នកដឹកនាំឲ្យមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។ ចំណែកពាក្យសង្គ្រោះជាតិ ឬពាក្យផ្លាស់ប្តូរ ដែលក្រុមប្រឆាំងប្រើបច្ចុប្បន្នគឺជាពាក្យហួសសម័យ និងប្រើតាមក្រោយគេដែលគេបានធ្វើរួចរាល់អស់ទៅហើយ។ ពិតណាស់ថា កម្ពុជានៅមានពលរដ្ឋមួយចំនួនតូចរស់នៅក្នុងភាពក្រីក្រ ប៉ុន្តែ ពាក្យថាក្រសម័យនេះខុសពីក្រសម័យមុន។ សម្រាប់ប្រទេសកម្ពុជា សម័យដែលក្របំផុតនោះគឺគ្មានអ្វីក្រជាងសម័យខ្មែរក្រហមទៀតឡើយ។ ចំណែក អ្នកក្រសម័យនេះមានន័យត្រឹមតែថា មិនទាន់មានដូចគេតែប៉ុណ្ណោះ។ សូម្បីអ្នកជាប់ពន្ធនាគារសម័យនេះ ក៏មានសំណាងជាងសម័យមុនដែរ។ ពីមុន អ្នកទោសក្បត់ជាតិត្រូវមានទោសប្រហារជីវិត។ តែបច្ចុប្បន្ន អាចទទួលទោសត្រឹមជាប់ពន្ធនាគារតែប៉ុណ្ណោះ ហើយអ្នកជាប់ពន្ធនាគារនោះទៀតសោត មានបាយហូប មានលទ្ធភាពអាចទិញប្ហូបឆ្ងាញ់ៗក៏បាន មានវិទ្យុស្តាប់និងជួនកាលអាចប្រើទូរស័ព្ទបានថែមទៀត គឺខុសស្រឡះពីអ្នកទោសមស័យខ្មែរក្រហម។ អតីតអ្នកជាប់ឃុំក្នុងគុកទួលស្លែង មានលោក ប៊ូ ម៉េង និងលោកជុំ ម៉ី ជាដើមគឺជាសាក្សីរស់ដែលអាចបញ្ជាក់បានអំពីរឿងនេះ។
នេះហើយជាហេតុផលដែលប្រជាជនកម្ពុជា នៅតែផ្តល់យុត្តិធម៌ជានិច្ច ដល់គណបក្សប្រជាជនកម្ពុជា និងដល់សម្តេច ហ៊ុន សែន។ ចំណែកអ្នកដែលខំស្រែកថា ដូរឬមិនដូរ បើទោះបីជាប្រជាពលរដ្ឋបានផ្តល់ចម្លើយច្បាស់តាមរយៈការបោះឆ្នោតជាបន្តបន្ទាប់ថាមិនដូរក៏ដោយ ក៏ពួកគេនៅតែមិនសុខចិត្ត ហើយបែរជាទៅរកគ្រូធំដើម្បីបង្រៀនពីរបៀបផ្តួលរំលំទៅវិញ។ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ក៏ដូចជាពលរដ្ឋខ្មែរផ្សេងទៀតដែរ យើងមិនត្រូវការផ្លាស់ប្តូរទៀតទេ ពីព្រោះកម្ពុជាបានផ្លាស់ប្តូររួចរាល់ និងសព្វគ្រប់អស់ហើយ។ ពីអំណឹះតទៅ អ្វីដែលអ្នកនយោបាយ សង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរគ្រប់គ្នាត្រូវធ្វើគឺការចូលរួម ចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសឲ្យទៅមុខកាន់តែលឿនទៅតាមលទ្ធភាពរៀងៗខ្លួននិងការបំពេញចន្លោះប្រហោងដែលរាជរដ្ឋាភិបាល នៅខ្វះខាតធ្វើមិនទាន់បានល្អនៅឡើយ។ និយាយឲ្យចំ កម្ពុជាសម័យនេះមិនត្រូវការសង្គ្រោះ មិនត្រូវការផ្លាស់ប្តូរទៀតទេ តែអ្វីដែលកម្ពុជាត្រូវការគឺកំណែទម្រង់ស៊ីជម្រៅគ្រប់វិស័យ ដោយឈរលើមូលដ្ឋាន សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដែលកំពុងមានសព្វថ្ងៃពីព្រោះកម្ពុជាបានឆ្លងកាត់រួចហើយដំណាក់កាលសង្គ្រោះ និងផ្លាស់ប្តូរ ហើយបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង រួចរាល់អស់ហើយ។
យើងមិនចង់ប្តូរសំឡេងកាំជ្រួចទៅជាសំឡេងគ្រាប់កាំភ្លើងទេ យើងមិនចង់ប្តូរពីសំឡេងយន្តហោះដឹកទេសចរណ៍ និងទំនិញដែលឡើងចុះ ឥតដាច់នៅលើទឹកដីកម្ពុជាឲ្យទៅជាសំឡេងយន្តហោះទម្លាក់គ្រាប់បែក បេ៥២ ទៀតទេ។ យើងមិនចង់ប្តូរសំឡេងហ៊ោកញ្ចៀវដោយអំណរសាទរ ទៅជាសំឡេងស្រែកហៅកូនចៅ រត់ចូលត្រង់សេដូចអតីតកាលទៀតឡើយ។
យើងមិនចង់ប្តូរពីការធ្វើដំណើរទៅមកក្នុងនាមជាភ្ញៀវទេសចរ ដែលស្វែងរកការកម្សាន្តសប្បាយ ឲ្យទៅជាចលនាជនភៀសខ្លួន ដោយសង្គ្រាមនោះឡើយ យើងក៏មិនចង់ឃើញទីក្រុង ទីប្រជុំជន តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតទាំងឡាយ ក្លាយជាខ្ទេចខ្ទាំ ដូចនៅស៊ីរី លីប៊ី និងបណ្តាប្រទេសជាច្រើនទៀត ដែលទទួលរងចលនាបដិវត្តន៍ពណ៌នោះដែរ។ នេះជាសំឡេងពលរដ្ឋខ្មែរម្នាក់ដែលពួកអ្នកនយោបាយប្រឆាំងត្រូវតែលឺ។ ការប៉ុនប៉ងនាំប្រទេសទៅរកភាពវឹកវរ និងវិនាសកម្មជាថ្មីក្រោមខ្សែញាក់របស់បរទេសគឺជារឿងដែលមិនត្រូវកើតលើទឹកដីនេះជាដាច់ខាតទោះជាក្នុងតម្លៃណាក៏ដោយ។
ចុងក្រោយនេះ ប្រទេសកម្ពុជាមានភ័ព្វសំណាងជាថ្មីម្តងទៀត ដែលបានរាជរដ្ឋាភិបាលបានចាត់វិធានការ ទាន់ពេលវេលាដើម្បីទប់ស្កាត់ការនាំ ប្រទេសទៅរកវិនាសកម្មសារជាថ្មី។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមសាទរ ចំពោះចំណាត់ការនេះ ពីព្រោះវាជាចំណាត់ការដើម្បីការពារសេចក្តីសុខជូនយើងទាំងអស់គ្នា។
សូមបងប្អូនអ្នកទាំងឡាយដែលបានទទួលការបំពាក់បំប៉នមនោគមន៍វិជ្ជា ពីមេរបស់ខ្លួនរហូតជឿស្លុង ដោយមិនបានពិចារណា មេត្តាភ្ញាក់រលឹកឡើងពីព្រោះនៅមិនទាន់ហួសពេលទេ។ សម្តេច ហ៊ុន សែន ក្នុងនាមជាស្ថាបនិកសន្តិភាព និងក្នុងនាមជាអ្នកដឹកនាំរបស់ខ្មែរទាំងអស់គ្នា តែងតែផ្តល់ឱកាសឲ្យខ្មែរគ្រប់គ្នាដែលចេះភ្ញាក់រលឹកទោះជាធ្លាប់បានប្រព្រឹត្តកំហុស ទៅលើសម្តេចយ៉ាងណាក៏ដោយ។ មានតែការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាទេទើបធានាបាននូវសន្តិភាព និងការរីកចម្រើនសម្រាប់ទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ។ សូមប្រញាប់រួសរាន់ក្នុងការផ្លាស់ប្តូរជីវភាពនយោបាយដោយបោះបង់ចោលគណបក្ស ដែលបង្កាត់ភ្លើងមករួមរស់ជាមួយគណបក្សដែលជាអ្នកពន្លត់ភ្លើងវិញ៕
ដោយ៖ សំឡេង សច្ចៈ

No comments:

Post a Comment