Monday, November 06, 2017

លិខិតមិត្តអ្នកអាន៖​ កម្ពុជាតូចតែមានសុវត្ថិភាពគួរចង់រស់នៅ ខុសពីមហាអំណាចខ្លះ

ស្របដែលករណីបាញ់ប្រហារមួយកើតឡើងនៅសហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សកើនឡើងដល់ ២៦នាក់ និងរបួសជាង២០នាក់ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋមួយរូបនៅរស់រាជធានី ភ្នំពេញ បានផ្ញើលិខិតមិត្តអានមួយច្បាប់មកកាន់អង្គភាពព័ត៌មាន Fresh News ជាមួយចំណងជើងថា «កម្ពុជាតូចតែមានសុវត្ថិភាព គួរចង់រស់នៅ ខុសពីមហាអំណាចខ្លះ»។
លិខិតរបស់មិត្តអ្នកអានបានសរសេររៀបរាប់ថា កម្ពុជាជាតូចតាច មិនមែនមហាអំណាច ប៉ុន្តែនៅពេលមាន ពិធីបុណ្យតូចធំនានាប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដើរកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព ខុសពីប្រទេសធំ និងអំណាចមួយចំនួន ដែលតាំងខ្លួនជាប្រទេសសេរីភាពលើលោក លទ្ធិប្រជាធិបតេយ្យលើ លោក គ្រាន់តែនៅក្នុងព្រះវិហារតូចមួយ ក៏ត្រូវខ្មាន់កាំភ្លើងចូលបាញ់ប្រហារសម្លាប់យ៉ាងរង្គាលផងដែរ។
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាមួយរូប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅនិង កំពុងធ្វើដំណើរទៅកាន់អាមេរិក សូមកុំទៅកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនគ្នា ខ្លាចក្រែងមានករណី បាញ់ប្រហារដូចថ្ងៃនេះ មានករណីបាញ់ប្រហារដ៏សាហាវ នៅក្នុងព្រះវិហារសាសនាគ្រឹស្តមួយកន្លែង នៅរដ្ឋតិចសាស់សម្លាប់មនុស្សជាង២០នាក់ និងរបួសជាច្រើននាក់។
រៀងរាល់ថ្ងៃសីល យាយជីតាជីកាន់សីល តែងតែនាំគ្នាទៅកាន់ទីវត្តអារាមសូត្រធម៌ ធ្វើបុណ្យនានាតាម ព្រះពុទ្ធសាសនា ដោយអារម្មណ៍គ្មានការភ័យខ្លាចបន្តិច ឡើយ លើសពីនោះទៅទៀត រាល់ការប្រគុំ តន្រ្តីនានាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មានបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើននាំគ្នា សស្រាកសស្រាំទៅទស្សនាការកំសាន្តយ៉ាងរីករាយប្រកបដោយសុវត្ថិភាព។​
ជាក់ស្តែងរយៈពេល៣ថ្ងៃនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិផង សរុប ប្រមាណ៤លាននាក់ បាននាំគ្នាដើរលេង កម្សាន្ត ទៅកាន់គោលដៅទេសចរណ៍នានា នៅទូទាំងប្រទេសកម្ពុជា យ៉ាងសប្បាយរីករាយប្រកបដោយ សុវត្ថិភាព គ្មានករណីបាញ់ប្រហារដូចអាមេរិកឡើយ។
ខ្ញុំនៅចាំបានថា នាពេលកន្លងទៅក្នុងខែកញ្ញា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តី បំរាមដល់ពលរដ្ឋអាមេរិក ដែលកំពុងរស់នៅលើទឹកដី កម្ពុជាថា សូមមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ជៀសវាងកន្លែងដែលមានការជួបជុំគ្នាច្រើន ប៉ុន្តែរហូតមកដល់ពេលនេះទាំងពលរដ្ឋខ្មែរ និងបរទេសបាននឹង កំពុង រស់នៅយ៉ាងសុខសាន្ត គ្មានការភ័យខ្លាច ខុសពីអាមេរិកមានករណីបាញ់ប្រហារធំៗច្រើនករណី ដោយអំពើភេរវកម្មសម្លាប់មនុស្សយ៉ាងច្រើននាក់ជាញឹកញាប់។
ឱកម្ពុជាដ៏កំសត់របស់ខ្ញុំអើយ ហេតុអ្វីតែងតែរងការចោទប្រកាន់ខុសការពិតពីគេគ្រប់រឿង !

ពីខ្ញុំ សុធី ប្រជាពលរដ្ឋស្លូតត្រង់ រស់នៅរាជធានីភ្នំពេញ









No comments:

Post a Comment