Tuesday, August 01, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អ្នកលេង Facebook ទាំងឡាយ កុំបំពុលបរិយាកាសអំពីរឿងចាប់ក្មេងនៅកម្ពុជាព្រោះជាទង្វើគ្រោះថ្នាក់សម្រាប់ជាតិ

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០​១៧នេះ បានអំពាវនាវដល់អ្នកលេង Facebook ទាំងអស់ កុំបំពុលបរិយាកាស ដែលជាការសាងគ្រោះថ្នាក់ដល់ជាតិពាក់ព័ន្ធនឹងការផ្សព្វផ្សាយដំណឹងមិនពិត អំពីរឿងចាប់ក្មេងនៅក្នុងប្រទេសកម្ពុជា ហើយការបំផុស ញុះញង់ដ៏គ្រោះថ្នាក់បែបនេះវាពុំបានទទួល ផលចំណេញនោះទេ។ ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃកន្លងទៅនេះ បង្កើតឱ្យមានបញ្ហាច្រើនណាស់ រឿងវាមិនចេះចប់ ប៉ុន្តែសួរទៅមើល តើវាបានផលអី? បំផុសអំពីបញ្ហាចាប់កូនក្មេងយកទៅវះគ្រលៀន វះយកនេះ វះយកនោះ តើវាពិតទេរឿងអញ្ចឹង។ អារឿងអ្នកបំពុលបរិយាការបង្ហោះចេញទៅ អញ្ចឹងអ្នកដែល ចែកចាយបន្តនោះ ត្រូវពិនិត្យមើលតើពិតឬអត់? គួរត្រូវចែករំលែកបន្តឬអត់? ជួនកាលសុខៗ ទៅជាយន្តហោះធ្លាក់នៅសៀមរាប ផ្អើលឆុលអញ្ចឹងទៅ។ ជួនកាន់ទៅជាចាប់កូនក្មេងចឹងទៅ រឿងពិតទេ? គឺវាមិនពិតទេ ហើយទីចុងបំផុតបានត្រឹមអ្វី?»
រយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយជាបន្តបន្ទាប់ នៅតាមបណ្តាញទំនាក់ទំនងសង្គម ដោយបំផុសថា មានករណីចាប់ក្មេងកាន់តែច្រើនកើតឡើង នៅក្នុង ប្រទេសកម្ពុជា ដូចជានៅខេត្តព្រះសីហនុ កំពងធំ ស្វាយរៀង ប៉ៃលិន និងរាជធានីភ្នំពេញជាដើម។ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមតម្រុយនោះបង្ហាញថា ករណីចាប់ក្មេងវះយកគ្រលៀន ឬវះពោះនោះ មិនពិតនោះទេគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកត់សម្គាល់ថា ការបំផុសញុះញង់ដ៏គ្រោះថ្នាក់បែបនេះ គឺភាគច្រើនកើតឡើងដោយសារ សមាជិកគណបក្សប្រឆាំង ព្រោះកន្លងទៅ ពួកគេក៏បានបង្ហោះនូវដំណឹងមិនពិតថា នាយករដ្ឋមន្រ្តីកម្ពុជាស្លាប់ ឬត្រូវសង្រ្គោះបន្ទាន់នៅពេទ្យក្រៅប្រទេសជាដើម។ គណបក្សប្រឆាំង គួរតែចេះអប់រំ សមាជិករបស់ខ្លួនឱ្យប្រព្រឹត្តទង្វើត្រឹមត្រូវ មិនគួរបណ្តែតបណ្តោយឱ្យធ្វើខុសច្បាប់ធ្ងន់ធ្ងរដូច្នេះឡើយ៕


No comments:

Post a Comment