Tuesday, August 01, 2017

កាកបាទក្រហមខេត្តស្វាយរៀង​ នាំយកអំណោយ​មនុស្សធម៌​ ទៅចែកជូន​គ្រួសារដែល​រងគ្រោះដោយ​សារភ្លើង​ឆេះផ្ទះ​

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនគ្រួសារដែលរងគ្រោះ ដោយសារឆាបភ្លើងចង្កៀងបណ្តាលឲ្យឆេះផ្ទះទំហំ ៥x៦ m សង់ពីឈើដំបូលប្រក់សង្ក័សី នាំឲ្យរងផលប៉ះពាល់ខូចខាតទាំងស្រុងរួម នឹងសម្ភារប្រើប្រាស់ក្នុងផ្ទះផងដែរ។

គ្រួសាររងគ្រោះ ឈ្មោះ ជុំ ហឿន ភេទស្រី អាយុ៣៧ឆ្នាំ មានសមាជិក៤នាក់ នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ទទួលរងគ្រោះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១២:០០ នាទី យប់។

នាឱកាសនោះ លោកស្រី ពៅ សុភាព តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានមានមតិសំណេះសំណាលជាមួយគ្រួសាររងគ្រោះ ដោយបានសំដែងនូវការចូលរួមសោកស្តាយ និងការអាណិតអាសូរចំពោះក្រុមគ្រួសាររងគ្រោះ ដែលបានបាត់បង់ទ្រព្យសម្បត្តិផ្ទះសំបែងគ្មានសល់។ ក្នុងឱកាសនោះដែរ លោកស្រីបានមានមតិផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយត្ន័ក្នុងការប្រើប្រាស់ភ្លើងទៀន ធូប ចង្ក្រាន ហើយនៅពេលតបណ្តាញអគ្គិសនីក្នុងផ្ទះ ត្រូវរកអ្នកមានបច្ចេកទេសក្នុងការតបណ្តាញ ជៀសវាង មានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។

អំណោយដែលបានចែកជូនរួមមានអង្ករ៥០គីឡូក្រាម, កៅស៊ូតង់១, ធុងទឹកជ័រ១, ឆ្នាំងបាយ សម្លរ២, កន្ទេលបត់១, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ, ៦ដប, មុង១, ភួយ១, ក្រម៉ា១, សារុង១, និងថវិកា ៤០០,០០០ រៀល ផងដែរ៕




No comments:

Post a Comment