Tuesday, August 01, 2017

លិខិត​ថ្ងៃនេះ ៖ បាតុភូតនៃ «ការបំ​ពុលសង្គម» ដែលយើង​ត្រូវឈប់ជឿ!​

នៅថ្ងៃទី០១​ ខែសីហា ឆ្នាំ២០១៧នេះ​ គណនីហ្វេសប៊ុករបស់លោក ហ៊ុយ វណ្ណៈ ប្រធាន​សហ​ភាព​​​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានបង្ហោះផ្សាយនូវអត្ថបទ​មួយដែលមាន​ចំណង​ជើង​ថា​បាតុ​ភូតនៃ «ការបំពុលសង្គម» ដែលយើងត្រូវឈប់ជឿ! ដែលមានខ្លឹមសារទាំង​ស្រុងដូច​ខាង​ក្រោម ​៖
«ការបំពុលសង្គម» បានផ្តល់ផលត្រឡប់វិញនូវផលវិបាកខាងផ្លូវច្បាប់ ទៅឲ្យពួកអ្នក​ប្រឌិត​បំពុល​ទៅ​វិញទេ។ ចលនា «បំពុលសង្គម» ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់តាមរយៈ ៖
១- ការបង្កើតពាក្យចរចាមអារ៉ាម
២- ការបំផុសជំនឿអរូបី
៣- ការឆបោក
៤- ការបង្កើតព័ត៌មានបំពុល ប្រឌិត បំភ្លៃ បំប៉ោង
៥- វិទង្សនា នយោបាយ តាមរយៈ ការញុះញុង កាឡៃ និងប្រមាថ។ គេបង្កើតចលាចលសង្គមទាំងអស់នេះឡើងគឺដើម្បី៖ បំបាត់ជំនឿរបស់មហាជនលើសមត្ថកិច្ច, ធ្វើឲ្យអសកម្មសង្គម និងបំផ្លាញប្រក្រតីភាពសង្គម។
នៅឆ្នាំ១៩៧៩ ប៉ុល ពត បានកេណ្ឌ ប្រជាជនទៅទល់ដែនកម្ពុជា-ថៃ។ ពួក ប៉ុល ពត បានបំពុលប្រជាជនដោយពាក្យចរចាមថា អ្នកណាមិនជម្លៀសចេញ ឬហ៊ានរត់ត្រឡប់បកក្រោយវិញនោះ គឺ «យួនសម្លាប់ចោលដោយវះពោះច្រកស្មៅ»។ ពេលនោះ មនុស្សស្លាប់ច្រើនណាស់ ដោយសាររត់តាមការឃោសនារបស់ពួក ប៉ុល ពត។ គ្រួសារខ្ញុំបាត់បងប្រុសម្នាក់ដែលកាលណោះមានអាយុ៦ឆ្នាំ ដោយសារ វង្វេងគ្នាក្នុងព្រៃនៅខេត្តពោធិសាត់ គឺបាត់ រហូតសព្វថ្ងៃ។ ដោយលំបាកនឹងការធ្វើដំណើរដ៏គ្រោះថ្នាក់ កាត់ភ្នំ ព្រៃជ្រៅ និងចម្ការមីន យើងបានត្រឡប់ក្រោម វិលមក ភូមិកំណើតក្នុងខេត្តតាកែវវិញ ហើយរស់រហូតសព្វថ្ងៃ គ្មានអ្នកណាត្រូវវះពោះច្រកស្មៅនោះទេ។
នៅអំឡុងឆ្នាំ១៩៨៩ មានការបំផុសថា នារីវ័យជំទង់ គឺត្រូវតែកាត់សក់ខ្លី និងឲ្យលោកសង្ឃស្រោចទឹក បើមិនអញ្ចឹងទេ នឹងត្រូវខ្មោចចូលសន្ថិត ហើយត្រូវស្លាប់។ នៅក្នុងភូមិខ្ញុំមាននារីលើសពី៥០% បានកាត់សក់ខ្លីត្រឹម ក។ ប៉ុន្តែ បើអ្នកណាមិនជឿ និងមិនកាត់ក៏រស់រហូតមកដល់សព្វថ្ងៃ។
នៅអំឡុងចុងទសវត្សរ៍១៩៩០ គេបំផុសថា ស្ងោរសណ្តែកខៀវហូបមុនម៉ោង៩យប់ គឺព្យាបាលជម្ងឺ និងមានសេចក្តីសុខ។ គេហូបជាច្រើននាក់។ ខ្ញុំមិនជឿ និងមិនបានហូបទេ ព្រោះវាមិនចាំបាច់ ហើយយល់ថា ជាការ បំផុសបំផុលដើម្បីតែការលក់សណ្តែក និងតម្លើងថ្លៃសណ្តែកប៉ុណ្ណោះ។ យើងនៅរស់រហូតសព្វថ្ងៃ ទោះបីមិនហូបសណ្តែកយប់នោះ។
នៅថ្មីៗនេះ គេបំពុលសង្គមដោយប្រឌិតថា មានអង្ករកៅស៊ូនាំចូលពីវៀតណាម។ ការចំណាយទន់កែឆ្នៃបែបនេះគឺវាអស់ច្រើនណាស់ ហើយវាមិនពិតទៅទៀត។ ប៉ុន្តែគេបង្កើតពាក្យចរចាមអារ៉ាមឡើង ដើម្បីវាយប្រហារលើសមត្ថកិច្ចថា ម្តេចមិនទប់ស្កាត់? ទប់ស្កាត់ដូចម្តេច បើវាគ្មានរបស់ពិតផងនោះ គឺវាមានតែពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ហើយរបស់ពិតគឺមុខសញ្ញា«បំពុលសង្គម»នេះឯង។
ឥឡូវនេះ គេបំពុលសង្គមតាមរយៈការបំភ្លៃថា «យួនចាប់កុមារ និងវះយកក្រលៀន»។ គេយករូបភាពកាត់ ត ពីក្រៅប្រទេស និង រូបប្រឌិត បង្ហោះតៗគ្នា និងមានអ្នកអធិប្បាយបំប៉ោងបន្ថែមដោយ«ក្រុមពាលពុលទឹកមាត់»ទាំងនៅក្នុងប្រទេសនិងមកពីក្រៅប្រទេស។ ករណីនេះ ក៏បង្កើតឲ្យមានអំពើ ហិង្សាសង្គមផងដែរ ដោយប្រជាជន សម្រេចវាយលើជនសង្ស័យដែលគេប្រឌិត។ នេះជារឿងអសីលធម៌ណាស់។
គេដឹងថា កុមារជាស្នូលនៃគ្រួសារ។ កន្លែងខ្លះឈានរហូតមិនឲ្យកូនទៅរៀន ឬបិទសាលារៀន ដោយសារភ័យខ្លាច ដែលកើតពីពាក្យចរចាមអរ៉ាមនេះ។ សង្គមចាប់ផ្តើមអសកម្ម។ ពាក្យចរចាមអារ៉ាមនេះ គឺគ្រោះថ្នាក់ណាស់ ដែលអំឡុងឆ្នាំ១៩៨០ គេយកសត្វពស់បោះចូលហ្វូងមហាជនកំពុងទស្សនាល្ខោនពេលយប់ឲ្យរត់ជាន់គ្នា។ តែ
គេធ្វើពេលនេះ គឺដើម្បីវាយប្រហារយ៉ាងអសីលធម៌លើសមត្ថកិច្ចថា ម្តេចមិនទប់ស្កាត់ មិនស្រាវជ្រាវរកជនដៃដល់។ រកម្តេចនឹងឃើញ បើវាជាការប្រឌិត ដើម្បីបំពុល។ ដូច្នេះ រកឃើញតែអ្នកប្រឌិតរឿងតែប៉ុណ្ណោះ ហើយត្រូវតែវាយខ្នោះ!។
ការពង្វក់បែបនយោបាយ៖ គឺគេបំផុសសកម្មជននិងយុវជនឲ្យក្លាយជា «អ្នកជាតិ និយមជ្រុល» និងហ៊ានប្រមាថមនុស្ស ប្រមាថសាសនា ប្រមាថថ្នាក់ដឹកនាំដោយគ្មានក្រែង។ គេបង្កើតសារនយោបាយជាតិនិយម តាមរយៈការក្លែងប្រវត្តិសាស្ត្រ អធិបតេយ្យ តម្លៃអត្តសញ្ញាជាតិ ដើម្បីបង្កើតរូបភាពជាតិនិយមជ្រុល ធ្វើជាឧបរកណ៍វាយប្រហារលើរាជរដ្ឋាភិបាលកំពុងកាន់អំណាច។ ជាក់ស្តែងករណីបច្ចេកទេស ប្រើផែនទី ក៏ត្រូវសកម្មជននយោបាយក្លែងរហូត យើងត្រូវហៅ UN បារាំង មកជួយផ្ទៀងផ្ទាត់ទៅចប់បញ្ហា។ មេក្លោងនៃអ្នកក្លែងឯកសារផែនទីក៏ត្រូវទៅរៀននៅសាលាព្រៃសរួចហើយ។
ថ្មីៗនេះដែរ គេយកបញ្ហាសុខភាពថ្នាក់ដឹកនាំជាឧបរណ៍ឃោសនាប្រមាថលើថ្នាក់ដឹកនាំ និងញុះញ៉ុងឲ្យបាត់ស្ថេរភាព។ ពាក្យបំពុល បំភ្លៃ មួលបង្កាច់តែ១ម៉ាត់ តែត្រូវពន្យល់រាប់ម៉ឺនពាក្យនិងជាច្រើនដង ហើយក៏ត្រូវចេញបង្ហាញការពិតដែរ ទើបពាក្យបំពុលនេះរលាយទៅវិញ។
«ការបំពុលសង្គម» ជាផ្នែកមួយនៃចិត្តសាស្ត្ររបស់«ចលនាបដិវត្តន៍ពណ៌» ក្នុងសម័យថ្មីនេះ។ គេបង្កើតវា ដើម្បីវាយតម្លៃ លើចិត្តសាស្ត្រមហាជន។ ដោយសារ Facebook គឺពាក្យចរចាមអារ៉ាម និងការបំពុល វាសាយភាពបានលឿនណាស់។ ជាមួយគ្នានេះ ពាក្យបំពុល គឺតែងបង្កើតចងភ្ជាប់បញ្ហារើសអើង«ជាតិនិយម»។ រាប់ពីឆ្នាំ១៩៧៩មក រាល់ការបំពុលគឺផ្សារភ្ជាប់នឹង «យួន» ពីព្រោះងាយចលាចល៖ យួនវះពោះ យួនចាប់ក្មេង យួនលេបទឹកដី យួនកាប់ឈឺខ្មែរ យួនចូលដីខ្មែរ… ពីព្រោះពាក្យទាំងអស់នេះងាយធ្វើឲ្យប្រជាជនរំជើបរំជួល។ ជាមួយគ្នានេះ ពួកគេក៏ឆ្លៀតឱកាសបង្កើតនូវជំនឿអរូបីផ្សេងៗបន្តបន្ទាប់ទៀតដែរ។ ជំនឿអរូបី មានអំណាចលើផ្លូវចិត្តមនុស្សម្នាក់ៗជិត៥០%។ ជំនឿអរូបីធ្វើឲ្យមនុស្សអសកម្ម និងភ័យខ្លាចដោយងងិតងងុល។
ដូច្នេះ អ្វីដែលគេខិតខំបំពុលនេះ គឺដើម្បីញុះញ៉ុងឲ្យ «ប្រជាជនមានទំនាស់ មានកំហឹង និងក្លាយជាសត្រូវជាមួយ តួអង្គសមត្ថកិច្ច»។ បើ សមត្ថកិច្ចចាញ់ នោះគេមានឱកាសដណ្តើមការដឹកនាំ។ ក៏ប៉ុន្តែ យល់ច្រឡំហើយ! ប្រជាជនមួយចំនួនខ្លះពិតជាអាចពុលជាមួយនឹងព័ត៌មានបំពុល។ ក៏ប៉ុន្តែអ្នកពុលពិតប្រាកដ គឺអ្នកផ្តួចផ្តើមបំពុលនោះទៅវិញទេ។
សួរថា អ្នកណាពិតប្រាកដ គឺជាអ្នកបំពុលសង្គម? ចម្លើយ៖ អ្នកណាដែលទទួលប្រយោជន៍ជាឱកាស ពីផលវិបាកនៃការបំពុលសង្គម គឺក្រុមអ្នកនោះហើយ។ បក្សឈ្នះឆ្នោត និងរាជរដ្ឋាភិបាលដែលកំពុងដឹកនាំ គឺចង់បានតែភាពត្រឹមត្រូវ ប្រជាជនរីករាយដោយសុខសុវត្ថិភាព និងសង្គមរីកចម្រើនប៉ុណ្តោះ លើកលែងពួកក្រអឺតក្រទមនិងពួកនយោបាយខ្មោចឆៅ ទើបចង់ឲ្យសង្គមចលាចល និងមានថ្លុកឈាម ដើម្បីចិញ្ចឹមមហិច្ឆ បឺតឈាមអំណាច។
សមត្ថកិច្ច ត្រូវតែប្រើច្បាប់ដើម្បីឃាត់ខ្លួនភ្លាម។ បើជាក់ស្តែង គឺឈានទៅការឃុំខ្លួន និងផ្តន្ទាទោស។ កុំស្រែកបំភ័ន្តថា៖ «ម្តេចក៏មិនទៅស្រាវជ្រាវចាប់អ្នកចាប់ក្មេង? ម្តេចក៏មកចាប់អ្នកបង្ហោះជូនដំណឹង?»។ ត្រូវហើយ ចាប់ក្រុមលោកឯងមុន ដើម្បីជួយស្រាវជ្រាវនិងលាតត្រដាងការពិត។ ពេលការពិតចេញមក គឺពួកបំពុលសង្គម រលាយដូចខ្មោចខ្លាចថ្ងៃ។

ឆ្លើយតបចំពោះពួក«សង្គមងងិត» គឺយើងត្រូវតែពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារភាពសុខសាន្ត រក្សាសណ្តាប់ធ្នាក់សង្គម ការពារតួនាទីសមត្ថកិច្ច និងការដឹកនាំស្របច្បាប់ ដើម្បីប្រជាជន និងសង្គមជាតិទាំងមូល។ គេបង្កើតពាក្យប្រឌិត ដើម្បីបំពុលសង្គមបំប៉នមហិច្ឆតាដណ្តើមយកការដឹកនាំដោយងងិតងងល់។ ដូច្នេះ យើងក៏ត្រូវតែខិតខំប្រើមធ្យោបាយភ្លឺ ការពន្យល់ និងផ្លូវច្បាប់ ដើម្បីការពារការដឹកនាំ និងការពារសង្គមជាតិយើងដែរ៕

No comments:

Post a Comment