លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សា ឱ្យបន្តការខិតខំដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនតទៅទៀត។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា និស្សិតជ័យលាភីទាំងអស់ ក្រោយពីបានទទួលសញ្ញាបត្រនេះ គឺងាយស្រួលក្នុងការរកការងារធ្វើ និងក្នុងការប្រកបរបរផ្សេងៗ។ ទន្ទឹមនឹងនេះដែរ លោក សង្ឃឹមដែរថា និស្សិតមួយចំនួនធំ នឹងបន្តការសិក្សា ពង្រីកសមត្ថភាពបន្ថែមទៀត ពីបរិញ្ញាបត្រទៅបរិញ្ញាបត្រជាន់ខ្ពស់ និងទៅកាន់បណ្ឌិត ហើយមួយចំនួនទៀតនឹងបន្តស្វ័យសិក្សា ស្រាវជ្រាវ និងសិក្សាបន្តក្នុងដំណាក់កាលបំពេញការងារដើម្បីចៀសវាងភាពអភិរក្សនិយម ដែលបង្កភាពគ្រោះថ្នាក់ ដល់ការរីកចម្រើនយុវជន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ខួរក្បាលមនុស្សចាស់ក៏ត្រូវធ្វើយុវបនីយកម្មដែរ ឧទាហរណ៍ ប្រព័ន្ធបច្ចេកវិទ្យាជាដើម ពោលគឺគ្រប់មន្រ្តីរដ្ឋាភិបាលត្រូវតែចេះ បើមិនចេះគឺមិនអាចតែងតាំងបានឡើយ។ សម្រាប់ជីវិតផ្ទាល់របស់លោក ដែលអាចមានមកដល់ពេលនេះ គឺបានឆ្លងកាត់ឧបសគ្គនិងការលំបាកច្រើនណាស់ក្រៅពីគ្រាប់កាំភ្លើង គឺមានឧបសគ្គនៃការកែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមជាដើម៕
No comments:
Post a Comment