Saturday, June 10, 2017

ខែឧសភា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករ​ និងធ្វើបែបបទ សលាកបត្របង់ចូលថវិកាជាតិបានចំនួន ប្រមាណ ១៣៨.៥៣ លានដុល្លារ

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅអគ្គនាយកដ្ឋានពន្ធដារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលប្រចាំខែឧសភា ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន របស់អគ្គនាយកដ្ឋានពន្ធដារ។

សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភាឆ្នាំ២០១៧របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ជាលទ្ធផល ក្នុងខែឧសភា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទ និងធ្វើបែបបទ សលាកបត្របង់ចូលថវិកាជាតិបានចំនួន ៥៥៤.១៣ ពាន់លានរៀល(ប្រមាណ ១៣៨.៥៣ លានដុល្លារ)។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានអង្គប្រជុំ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអគ្គនាយករង លោក-លោកស្រី មន្ត្រីរាជការពន្ធដារទាំងអស់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំនេះ និងសូមសម្តែងនូវការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការកំណត់ដោយច្បាប់ចំនួន ៦ ៨៦៣ ៣០០ លានរៀល (គិតជាដុល្លារ ១ ៧១៥.៨៣ លានដុល្លារ) លោកប្រតិភូរាជរដ្ឋាភិបាលប្រធានអង្គប្រជុំ បាន ផ្តល់នូវអនុសាសន៍ណែនាំដល់អង្គភាពក្រោមឱវាទពន្ធដារ ឲ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានចេញនូវ វិធានការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១-បន្តពង្រឹងយន្តការនៃការចុះបញ្ជីពន្ធដារ និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ
២-បន្តពង្រឹងប្រសិទ្ធភាពនៃការចាត់ចែងការដាក់លិខិតប្រកាសសារពើពន្ធរបស់អ្នកជាប់ពន្ធ
៣- បន្តពង្រឹងការធ្វើសវនកម្មលើសហគ្រាសដែលមានហានិភ័យខ្ពស់ ដែលព្យាយាមគេចវេះកាតព្វកិច្ចបង់ពន្ធ តាមគ្រប់រូបភាព
៤-ត្រៀមរៀបចំអនុវត្តប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧
៥-បន្តពង្រឹង និងបណ្តុះបណ្តាលសមត្ថភាពរបស់មន្ត្រីរាជការពន្ធដារ តាមរយៈការរៀបចំសិក្ខាសាលា និងវគ្គ បណ្តុះបណ្តាលជំនាញបន្ថែម ទាំងក្នុងនិងក្រៅប្រទេស
៦-បន្តពង្រឹងអភិបាលកិច្ចល្អនិងកែប្រែផ្នត់គំនិតរបស់មន្ត្រីពន្ធដារ ឲ្យក្លាយជាអ្នកបម្រើសេវាសាធារណៈបានល្អ
៧- បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសរៀបចំអភិវឌ្ឍកម្មវិធីគ្រប់គ្រងការប្រមូលពន្ធគ្រប់ប្រភេទតាម បច្ចេវិទ្យាព័ត៌មាន
៨-បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់ មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
៩-បន្តអប់រំណែនាំ ពង្រឹងការអនុវត្តច្បាប់ និងសមត្ថភាពមន្រ្តីពន្ធដារគ្រប់លំដាប់ថ្នាក់ ពង្រឹងអភិបាលកិច្ចល្អ របស់រដ្ឋបាលសារពើពន្ធ ជាពិសេសការកែប្រែផ្នត់គំនិត(Mindset) របស់មន្រ្តីរាជការពន្ធដារគ្រប់រូបឲ្យ យកចិត្តទុកដាក់អនុវត្ត ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយឈរលើមនសិការវិជ្ជាជីវៈ និងស្មារតីតម្កល់ ផលប្រយោជន៍ជាតិជាចម្បង ដោយចូលរួមអនុវត្តព្រមៗគ្នានូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ ដោយផ្អែកលើអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង ព្យាបាលជម្ងឺ» ដែលបានដាក់ចេញដោយលោកនាយករដ្ឋមន្រ្តី និងអភិក្រមការងារទាំងបួន ដែលបានដាក់ចេញដោយលោកទេសរដ្ឋមន្ត្រី៕



No comments:

Post a Comment