Saturday, June 10, 2017

លិខិតចៅចាក់ស្មុក ៖ សន្យាផ្តល់កញ្ចប់ថវិកា ៥០ម៉ឺនដុល្លារដើម្បីអភិវឌ្ឍឃុំសង្កាត់ តែឥឡូវបានត្រឹមខ្យល់

មេដឹកនាំបក្សប្រឆាំង និងសកម្មជនរបស់ខ្លួនបានផ្ញើសារទៅកាន់អ្នកបោះឆ្នោតដោយបានអំពាវនាវប្រជាពលរដ្ឋឱ្យបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិនៅថ្ងៃទី៤ ខែមិថុនា នឹងទទួលបានថវិកា ៥០ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍន៍ឃុំសង្កាត់។ ចំណែកកឹម សុខា វិញ មិនខ្លាចនឹងសន្យា ខ្យល់ទេដោយបង្កើនរហូតដល់ ១ លានដុល្លារក្នុងមួយឃុំ។ ប៉ុន្តែក្រោយការបោះឆ្នោត គណបក្សសង្គ្រោះជាតិចាប់ ផ្តើមភ័យស្លន់ស្លោរនឹងកញ្ចប់ថវិកា ៥០ ម៉ឺនដុល្លារ មិនដឹងត្រូវយកមកពីណាពីព្រោះខ្លួនបានសន្យាជ្រុលហួសទៅហើយ ចំណែកឯប្រជាពលរដ្ឋដែលខំបោះឆ្នោតឱ្យព្រោះនឹកថា មេឃុំដែលជាប់ឆ្នោតថ្មីរបស់បក្សសង្គ្រោះជាតិនេះ នឹងកាន់លុយ ៥០ម៉ឺនដុល្លារក្នុងដៃដើម្បីអភិវឌ្ឍន៍ឃុំសង្កាត់តាមការសន្យា។
ប៉ុន្តែមានឯណា ឥឡូវនេះ ដល់ពេលកញ្ចប់ថវិកា ៥០ម៉ឺនដុល្លារសន្យាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់វិញម្តង ដល់ពេលបំភ័ន្តប្រជាជនក្នុងពេលឃោសនា ឥឡូវនេះផលដែលទទួលមកគឺទាំងសកម្មជនរបស់ខ្លួន និងប្រជាជនចាប់ផ្តើមយល់ច្រឡំ ព្រោះមន្ត្រីបក្សនេះរួមនឹងបេក្ខជនបក្សខ្លួនឯងបានឃោសនាថានឹងទទួលបានចាប់ពីពេលខ្លួនឡើងជាមេឃុំ។ ដល់ពេលទ័លច្រក ប្រជាជនមិនពេញចិត្តនឹងការឃោសនាបោកប្រាស់នេះ មន្ត្រីបក្សប្រឆាំងរួមទាំង កឹម សុខា យឹម សុវណ្ណ យ៉ែម ប៊ុញ្ញាឫទ្ធិ ចាប់ផ្តើមព្យាយាមរុញបាល់ឱ្យផុតពីជើងខ្លួនយករួចតែខ្លួន ដោយនិយាយថា បក្សខ្លួនគ្មានប្រាក់ទេ ហើយថានឹងស្នើសុំរាជរដ្ឋាភិបាល។ នរណាជាអ្នកសន្យា អ្នកនោះជាអ្នកអនុវត្ត ដោះស្រាយ កុំយកបក្សដទៃ ឬរាជរដ្ឋាភិបាល ទៅជាប់ពាក់ព័ន្ធ។ ហើយសូមមន្ត្រីបក្សប្រឆាំងបែងចែកឱ្យដាច់ស្រឡះពីគ្នារវាងគោលនយោបាយរបស់រដ្ឋ និងគោលនយោបាយរបស់បក្សសម្រាប់ការឃោសនាបោះឆ្នោត កុំព្រោះតែចង់ឈ្នះ យឹម សុវណ្ណ និងបក្សប្រឆាំងហ៊ានសូម្បីតែបំភ័ន្ដកុហក បំភ្លៃ បំផ្លើសចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួនឯង។
យឹម សុវណ្ណ និងបក្សប្រឆាំងខ្លួនឯងក៏បានដឹងច្បាស់ដែរថា បើទោះបីនៅ ២០១៨ខ្លួនឈ្នះ ក៏មិនអាចអនុវត្តគោលនយោបាយ ៥០ម៉ឺនដុល្លារដល់ឃុំ សង្កាត់ដែរ ប៉ុន្តែចុះហេតុអ្វីក៏អ្នកនៅតែល្មើសនឹងការពិតនេះ។ អ្នកសិក្សាមួយចំនួនបានមើលឃើញថា បក្សប្រឆាំងកំពុងតែជីករណ្ដៅកប់ខ្លួនឯងជាបណ្ដើរៗហើយ ព្រោះនយោបាយរបស់បក្សប្រឆាំងជានយោបាយមើលងាយពលរដ្ឋខ្លួនឯង បោកប្រាស់កុហក ស្រេចតែអំពើចិត្ត។
នេះហើយជាអ្វីដែលបង្ហាញថា គណបក្សសង្គ្រោះជាតិពិតជាបានភូតកុហកខ្លួនឯង និងភូតកុហកប្រជាជនខ្លួនឯងដើម្បីមហិច្ឆតាអំណាច។ រាស្ត្រខ្មែរភាគច្រើនលើសលប់បានយល់ដឹងច្បាស់ថាសមិទ្ធផលដែលកើតឡើងនៅកម្ពុជារហូតមកទល់ពេលនេះ គ្មានបាតដៃបក្សប្រឆាំងទេ ពួកគេបានត្រឹមដើរញុះញង់ បញ្ឆេះកំហឹង អំពាវនាវឱ្យគេបិទទីផ្សារ ដាក់សម្ពាធលើរាជរដ្ឋាភិបាល និងរំខានសេចក្តីសុខ និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយបានប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាភាគច្រើនឱ្យគ្រប់គ្រងដឹកនាំឃុំសង្កាត់។ លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នេះគឺហាក់ដូចជាការព្យាករណ៍ទុកជាមុនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០១៨ ផងដែរ ដែលគណបក្សប្រជាជននឹងទទួលជ័យជម្នះថ្មីបន្ថែមទៀត។ ២០១៧ ឈ្នះរួចហើយ ឆ្នាំ ២០១៨ ឈ្នះទៀត!! ហើយសូមឱ្យអ្នកដែលសាបព្រោះខ្យល់ សន្យាកុហក រង់ចាំទទួលនូវព្យុះ និងការទាមទារឱ្យអនុវត្តតាមសន្យាទៅ!!
ដោយ ចៅចាក់ស្មុក


No comments:

Post a Comment