Saturday, June 10, 2017

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៦ ទិវាពិភព លោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាថ្ងៃទី០៨ខែ មិថុនា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួម ប្រមាណ ៣០០០នាក់។
នាឱកាសនោះផងដែរលោកស្រី បានមានប្រសាសន៍ថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជាប្រមុខកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងបានធ្វើឲ្យមានកំណើនសេដ្ឋកិច្ចកើនឡើង ប្រកបដោយស្ថិរភាពលោកស្រីបានបន្តទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហាអាទិភាពមួយដើម្បីកសាងប្រទេស ជាតិឱ្យថ្កុំថ្កើងរុងរឿង និងលើកស្ទួយជីវភាពប្រជាជន។ ដើម្បីចាត់វិធានការឱ្យមានប្រសិទ្ធភាពដល់ការបង្ការ ទប់ស្កាត់ ការដកហូត ការផ្តល់ជំនាញវិជ្ជាជីវៈ និងការស្តារនីតិសម្បទា និងការលើកកម្ពស់ការ ងារសមរម្យ ដល់កុមារដែលគ្រប់អាយុធ្វើការងារបាន នាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានពង្រឹងការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ។
ទទ្ទឹមនឹងនោះផងដែររាជរដ្ឋាភិបាលបានអនុម័ត នូវផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ (២០១៦-២០២៥) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាផែនទីបង្ហាញផ្លូវ និងជាឯកសារបច្ចុប្បន្នកម្មទៅ លើផែនការសកម្មភាពជាតិស្តីពីការលុប បំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ (២០០៨-២០១២) ដែលជាសក្ខីកម្មមួយឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងពលកម្មកុមារ និងការពារឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា ។

ជាទីបញ្ចប់លោកស្រី ក៏បាននាំយកថវិការបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឧបត្ថម្ភ ជូន ដល់សិស្ស និស្សិត កុមារកំព្រា កាយរិទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២.៦២៦នាក់ ថវិកាម្នាក់ៗ ១ម៉ឺនរៀល ជូនលោកគ្រូ អ្នកគ្រួ និងបុគ្គលិកថែទាំកុមារ ៣៧៤នាក់ ម្នាក់ៗថវិកា ៣ម៉ឺនរៀល ជូនក្រុមសិល្បៈកុមារ ថវិកា ១លានរៀល និងជូនគណៈកម្មការរៀបចំកម្មវិធី ថវិកា ១០លានរៀលផងដែរ៕


No comments:

Post a Comment