Saturday, June 10, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពលរដ្ឋដែលបោះឆ្នោតអោយគណបក្សប្រជាជន គឺមានជំនឿទុកចិត្តលើការដឹកនាំដែលពោរពេញដោយសន្តិភាព និងអភិវឌ្ឍ

ជាថ្មីម្តងទៀតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ ហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនូវខ្លឹមសារទាក់ទងនឹងការបោះឆ្នោតកន្លងទៅ ដោយបន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ លោកនាយករដ្ឋមន្ត្រី បានថ្លែងសារជាបន្តបន្ទាប់ ដោយបានអរគុណដល់អ្នកគាំទ្រ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន។ ដោយឡែកសាររបស់លោកនៅថ្ងៃនេះគឺ៖ ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ គឺបានបង្ហាញអោយឃើញច្បាស់ថា បងប្អូនប្រជាពលរដ្ឋបានបំពេញតួនាទី និងកាតព្វកិច្ចដ៏សំខាន់បំផុតចំពោះប្រទេសជាតិ។ ទាំងក្នុងការឃោសនា និងក្នុងការបោះឆ្នោត គឺបងប្អូនបានចូលរួមយ៉ាងស្រាក់ស្រាំ ជាពិសេសគឺបងប្អូនបានបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” តែមួយគត់ ពីព្រោះបងប្អូនមានជំនឿទុកចិត្តលើតែការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍ ដែលយើងឃើញច្បាស់នឹងភ្នែកសព្វថ្ងៃនេះ។

ក្រោយពីបោះឆ្នោតហើយ បងប្អូនមានពេលវេលាសម្រាកពីការងារបានខ្លះ ជាពិសេសនៅក្នុងថ្ងៃចុង សប្តាហ៍នេះ។ សូមជូនពរបងប្អូនជួបតែសំណាងល្អ និង បានសប្បាយរីករាយជាមួយក្រុមគ្រួសារ ព្រមទាំងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាកុំបីខាន។ សូមបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតយើងទាំងអស់គ្នា៕


No comments:

Post a Comment