Thursday, June 15, 2017

អាជ្ញាធ​រខេត្តប៉ៃលិន សហការ​ជាមួយ ក្រុមហ៊ុន​ខ្មែរប៊ែវើរី​ជីសលីមីត​ធី​ត ចុះសំ​អាតតាម​ដងផ្លូវក្នុ​ងទីក្រុង​ប៉ៃលិន


ក្រុមហ៊ុនខ្មែរប៊ែវើរីជីសលីមីតធីត បានប្រើប្រាស់រថយន្តសំអាតផ្លូវចំនួន ០២គ្រឿង និងសហការជាមួយរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿងបន្ថែមទៀត ដើម្បីធ្វើការចុះសំអាតតាមដងផ្លូវសាធារណៈក្នុងទីក្រុងប៉ៃលិន។
លោក វ៉េង រចនា តំណាងក្រុមហ៊ុនខ្មែរប៊ែវើរីជីសលីមីតធីត បានមានប្រសាសន៍ថា ក្រុមហ៊ុនខ្មែរប៊ែវើរីជីសបានធ្វើការសំអាតផ្លូវទូទាំងប្រទេស ដោយប្រើប្រាស់រថយន្តសំអាតផ្លូវ ចំនួន២គ្រឿង សហការជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើការសំអាតតាមដងផ្លូវសាធារណៈ បង្កើនសោភ័ណភាពទីក្រុងស្អាត ដើម្បីថែរក្សាការពារបរិស្ថានស្អាត ទីក្រុងស្អាត។ លោកបានបន្តថា ការអនុវត្តសកម្មភាពនេះ គឺបានធ្វើចំនួន៧ខេត្តក្រុងមកហើយ ក្នុងនោះមានខេត្ត ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាម ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការសំអាតតាមដងផ្លូវសាធារណៈ គឺពិតជាមានសារៈសំខានណាស់សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរណ៍ ព្រោះថាការសំអាតនេះ គឺធ្វើឱ្យមានបរិស្ថានល្អ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយផាសុខភាព និងសុវត្ថិភាពល្អ។ ក្នុងឱកាសនោះលោកក៏បានសំនូមពរដល់បងប្អូនប្រជាពលរដ្ធ ជាពិសេសក្រុមហ៊ុនដឹកដីមួយចំនួននៅក្នុងខេត្ត ត្រូវចូលរួមសហការថែរក្សា ថែរទាំអនាម័យផ្លូវថ្នល់សាធារណៈឱ្យបានល្អ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមទុកដាក់សំរាមតាមគោលដៅដែលក្រុមហ៊ុនអនាម័យខេត្ត ងាយស្រួលក្នុងការប្រមូលសម្រាម ហើយមិនត្រូវបោះសំរាមចោលរាយប៉ាយតាមផ្លូវ ដងផ្លូវ ដែលនេះគឺបង្ហាញថា បរិស្ថានស្អាតគឺកើតចេញពីយើងទាំងអស់គ្នាម្នាក់ៗ ហើយផ្តើមចេញពីយើងម្នាក់ៗ ទើបទីក្រុងយើងនឹងស្អាត សហគមន៍របស់យើងនឹងភាពស្រស់ស្អាតបំព្រង ។
គួរបញ្ជាក់ថា ក្រុមហ៊ុនខ្មែរប៊ែវើរីជីសលីមីតធីតធ្វើការសំអាតតាមដងផ្លូវសាធារណៈនានានៅក្នុងខេត្តប៉ៃលិន ចំនួន ៩ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ហើយទីក្រុងប៉ៃលិន កាលពីឆ្នាំ២០១៦ គឺទទួលបានចំណាត់ថ្នាក់ទីក្រុងស្អាត ផ្ការំដួល១ទងផងដែរ៕



No comments:

Post a Comment