Thursday, June 15, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ឧបសគ្គក្នុងការវិលចូលស្រុករបស់គេ គឺគុក! (សំដៅទៅលើទណ្ឌិត សម រង្ស៊ី)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ​ដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការបកស្រាយ ជុំវិញបំណងចង់វិលចូលកម្ពុជាវិញ របស់ទណ្ឌិត សម រង្ស៊ី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសស្វាគមន៍ និងអញ្ជើញអ្នកក្លាហានចូលគុក! សូមរំលឹកឱ្យដឹងថា ទណ្ឌិត សម រង្ស៊ី បានសម្ភាសន៍ជាមួយវិទ្យុបរទេស ផ្សាយជាខេមរៈភាសាមួយ កាលពីកន្លងទៅថ្មីៗនេះថា បើលុបបំរាមចោល គឺលោកនឹងមកកម្ពុជាវិញភ្លាម។ ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី សំដៅលើបំរាម ស.ជ.ណ ដែលរាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញ ក្នុងការទប់ស្កាត់ការវិលត្រឡប់របស់ ទណ្ឌិត សម រង្ស៊ី កន្លងមក។
បន្ទាប់ពីបានដឹងពីគោលបំណង ដ៏ក្លាហានរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការវិលត្រឡប់មកកម្ពុជាវិញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យទីស្តីការគណរដ្ឋមន្ត្រីឱ្យលុបចោល ស.ជ.ណ មុន ដើម្បីបើកច្រកឱ្យអ្នកក្លាហានចូលស្រុក។
លោកនាយករដ្ឋមន្ត្រី បានពន្យល់ថា ការពិត ស. ជ. ណ មុន មានគោលដៅការពារអាយុជីវិតគាត់តែម្តង (សំដៅទៅលើទណ្ឌិត សម រង្ស៊ី) ដោយលោកនាយករដ្ឋមន្ត្រីសុខចិត្តឱ្យគេត្មិះដៀល ប៉ុន្តែមិនចង់ឃើញឈាមខ្មែរហូរទេ ព្រោះតែចុះដល់ដីច្បាស់ណាស់ថា ការចាប់ខ្លួនមួយនឹងត្រូវធ្វើឡើង។ មូលហេតុសំខាន់នៅត្រង់ថា លោក សម រង្ស៊ី គឺជាទណ្ឌិតដែលរត់គេចខ្លួន ដូច្នេះតាមអំណាចតុលាការ បញ្ជាដោយព្រះរាជអាជ្ញា និងនគរបាលយុត្តិធម៌ គឺត្រូវចាប់មកអនុវត្តច្បាប់។
លោកនាយករដ្ឋមន្ត្រី បានរំលឹកថា លោកបានប្រកាសហើយថា លោកសុខចិត្តកាត់ដៃស្តាំ ចោល គឺលោកមិនលើកលែងទោសឱ្យទៀតទេ (សម រង្ស៊ី) ព្រោះលោកធ្លាប់លើកលែងឱ្យពីរដងហើយ គ្មានលើកទី៣កើតឡើងទៀតទេ! ចឹងការទស្សន៍ទាយទុកជាមុនច្បាស់ជាមានបញ្ហា ទើបក្នុងនាមជាអ្នកគ្រប់គ្រងប្រទេស លោកត្រូវការពារអំពើហិង្សាជាមុន ប៉ុន្តែបែរជាត្រូវបានគេចោទថាខ្លាចគេទៅវិញ។
ទណ្ឌិត សម រង្ស៊ី បានសរសេរលើ Twitter របស់ខ្លួននៅល្ងាចមិញថា លោកនឹងមកវិញ តែត្រូវធ្វើឱ្យប្រាកដថា ខ្ញុំមិនមែនជាមនុស្សទី១ ក្នុងចំណោម១០០ទៅ២០០នាក់ ដែលលោក ហ៊ុន សែន ត្រូវកំចាត់នោះទេ។ លោកនាយករដ្ឋមន្ត្រី បានតបវិញតាម Comment ថា​អ្វីទៅដែលនៅពីក្រោយការប្រែប្រួលរបស់គាត់នេះ គឺគុក! គុកដែលនាំឱ្យគាត់ប្រែប្រួល។ លោកនាយករដ្ឋមន្ត្រី បានបន្តថា អ្នកខ្លះបានសន្យាថាមក (សំដៅទៅលើ ទណ្ឌិត សម រង្ស៊ី) មិនខ្លាចគុកទេ ហើយម៉េចក៏មិនមករកគុក។ ប៉ុន្តែបើសិនជាអ្នកឯងប្រគល់ខ្លួនឱ្យចាប់តាមសម្រួល វាអត់មានបញ្ហាអ្វីកើតឡើងទេ អានេះជាច្បាប់​។ លោកបន្តថា ដល់ពេលគេដករនាំងចេញ​ដើម្បីបើកផ្លូវឱ្យគាត់មក ស្រាប់តែយប់មិញប្រកាសថាអត់មកវិញ។
លោកនាយករដ្ឋមន្ត្រី បន្ថែមថា រឿងស្អីប្រធានបក្សនៅទីនេះ ខ្លួននៅណានីនោះ បែរជាប្រកាសថា ត្រឡប់មកប្រទេសដើម្បីប្រជែង យកអំណាចនាយករដ្ឋមន្ត្រី ពីលោក ហ៊ុន សែន ហើយចុះប្រធានបក្សនៅនេះធ្វើអី? មុននឹងមកប្រជែង ជាមួយនឹង ហ៊ុន សែន ត្រូវប្រជែងជាមួយគ្នាឯងហ្នឹងសិនទៅ អាណាធ្វើមេបក្ស?

លោកនាយករដ្ឋមន្ត្រី បានអញ្ជើញឱ្យមកមួយសេរី (សំដៅលើទណ្ឌិត សម រង្ស៊ី) ចូលមក បើចូលមកលួចលាក់ គឺវាស្មើហ្នឹងភេវកម្ម ព្រោះទណ្ឌិតគេតាមចាប់ និងមានដីកាចាប់ខ្លួន។ លោកនាយករដ្ឋមន្ត្រីលើកឡើងទៀតថា សូមអ្នកក្លាហានចូលមក ទ្វារបើកចំហរហើយ  ពីមុនខ្ញុំគិតពីសុវត្ថិភាពលោក  តែឥឡូវលោកថា មកភ្លាម ខ្ញុំក៏អុកភ្លាម អត់ទាន់បាន១០ម៉ោងផងដូរចិត្តថា អត់មកទេ ​ចាំច្បាស់លាស់សិន។ អ្វីជាឧបសគ្គ សម្រាប់ការវិលត្រឡប់ គឺគុក ហើយបើគុកជាឧបសគ្គ មួយជីវិតនេះគាត់ មិនអាចចូលមកវិញទេ៕








No comments:

Post a Comment