Thursday, June 15, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាល ប្រឹងប្រែងណាស់ដើម្បីស្វែងរកទីផ្សារការងារ បែរជាមនុស្សមួយចំនួនថារដ្ឋាភិបាលធ្វើការអសមត្ថភាព

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ប្រឹងប្រែងណាស់ដើម្បីស្វែងរកទីផ្សារការងារ បែរជាមនុស្សមួយចំនួនថារដ្ឋាភិបាលធ្វើការអសមត្ថភាព។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និ​ស្សិត​នៃសាកលវិទ្យាល័យ​បញ្ញាសាស្រ្តចំនួន៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញា​បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិនមែនបញ្ហាពលករនៅបរទេសគឺជារឿងដាច់ដោយ​ឡែកសម្រាប់កម្ពុជានោះទេ រាជរដ្ឋាភិបាល បានប្រឹងប្រែងណាស់ដើម្បីរកទីផ្សារការងារ បែរជាមនុស្សមួយចំនួនថា រដ្ឋាភិបាលធ្វើការអសមត្ថភាព រកការងារធ្វើឱ្យប្រជាជនខ្លួនឯងធ្វើមិនបាន ហើយបណ្តោយឱ្យប្រជាជនទៅរកការងារធ្វើនៅក្រៅប្រទេស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា គ្រាន់តែកូរ៉េខាងត្បូងមួយ តើមានប្រទេសប៉ុន្មានទៅដែលកំពុងតែប្រណាំងប្រជែង បញ្ជូនពលករទៅកាន់កូរ៉េ។ កម្ពុជា បានស្នើសុំឱ្យកូរ៉េ ផ្តល់ការយោគយល់ចំពោះកម្ពុជា ដើម្បីបញ្ជូននូវពលករពីកម្ពុជាទៅកាន់កូរ៉េ។ មានបងប្អូនមួយចំនួនទៅធ្វើការនៅថៃដោយខុសច្បាប់ យើងបានប្រឹងប្រែងសម្របសម្រួលឱ្យគាត់ត្រូវច្បាប់​។ នៅម៉ាឡេស៊ី ក៏ដូចគ្នា ប្រទេសនានាសុទ្ធតែបានស្វះស្វែងរកទីផ្សារការងារនៅខាងក្រៅ។ ប្រទេសដែលខ្វះពលកម្មពិតប្រាកដគឺសាំងហ្កាពួរ និងម៉ាឡេស៊ីទេ ហើយប្រទេសទាំងពីរនេះ ក៏មិនមែនជាប្រទេសដែលបញ្ជូនពលករចេញក្រៅដែរ តែជាប្រទេសនាំពលករចូល។ សម្រាប់ប្រទេសថៃ គឺគាត់បញ្ជូនពលករចេញទៅក្រៅប្រទេស ប៉ុន្តែគាត់ខ្វះពលករ យកពលករទៅពីកម្ពុជា មកពីមីយ៉ាន់ម៉ា មកពីឡាវដើម្បីជំនួសឱ្យអ្នកដែលចេញទៅក្រៅ៕







No comments:

Post a Comment