Thursday, June 15, 2017

លោកស្រី ម៉ែន សំអន៖ រដ្ឋាភិបាលចិន គាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ និងជា​នាយករដ្ឋមន្រ្តី​ ក្នុងការដឹក​នាំប្រទេសកម្ពុជា​ បន្តទៀត​

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា វិលត្រឡប់មកដល់មាតុប្រទេសប្រកបដោយសុវត្ថិភាព នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកាជាមួយប្រទេសប្រ៊ិដ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។
លោកស្រី ម៉ែន សំអន បានឲ្យដឹងថា រដ្ឋាភិបាលចិន បានបន្តប្តេជ្ញាគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសកម្ពុជាបន្តទៀត។ ការលើកឡើងនេះត្រូវបានធ្វើឡើង ក្រោយជំនួបរវាងលោកស្រី និងលោក លីវ យ៉ុងសាន សមាជិកការិយាល័យ នយោបាយមជ្ឈឹមបក្សនៃបក្សកុម្មុយនីស្តចិន ដែលជាមេដឹកនាំជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ត្រូវបានអញ្ជើញឲ្យថ្លែងសន្ទរកថាគន្លឹៈតំណាងឲ្យគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃទស្សនៈ បញ្ញាញាណ និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងក្រុមអ្នកស្រាវជ្រាវដើម្បីប្រមូលផ្តុំគ្នា ចែករំលែកនូវទស្សនៈយោបល់ បទពិសោធន៍ ដើម្បីជួយឲ្យបណ្តាប្រទេសប៊្រិដ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដើរតួជាស្នូល ក្នុងការចូលរួមថែរក្សាស្ថេរភាព សន្តិភាព និងការអភិវឌ្ឍន៍ ក្នុងតំបន់ទទួលបានជោគជ័យ។ វេទិកានេះមានវាគ្មិនសំខាន់ៗ ចូលរួមប្រមាណ៤០០នាក់ និងមាន២៨គណបក្សនយោបាយ ហើយមានជាង៣០ប្រទេសចូលរួមផងដែរ។
គួរបញ្ជាក់ផងដែរថា វេទិកានេះមានគំនិតផ្តួចផ្តើមទីក្រុងហ្វូចូវ ដោយបញ្ជាក់សារសំខាន់តួនាទីស្នូល នៃបណ្តាប្រទេសប៊្រិដ រួមមាន៖ ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌាចិន អាហ្វ្រិកខាងត្បូង និងបណ្តាគណបក្សនយោបាយ សង្គមស៊ីវិល ព្រមទាំងក្រុមអ្នកស្រាវជ្រាវដែលផ្តល់សារសំខាន់លើតួនាទីរបស់បណ្តាប្រទេសពាក់ព័ន្ធ និងសង្គមស៊ីលវិលដែលបានចូលរួម ក្នុងការចូលរួមអភិវឌ្ឍ និងថែរក្សាស្ថេរភាព សន្តិភាពក្នុងតំបន់ និងពិភពលោក៕





No comments:

Post a Comment