Thursday, June 15, 2017

លោក ស ខេង ៖ គ្រប់ប្រទេសបង្កើតកម្លាំងសមត្ថកិច្ចមក គឺដើម្បីការពារសន្តិសុខជូនពលរដ្ឋ តែបើកម្លាំងទុកចោលដដែល បង្កើតកម្លាំងមកដើម្បីអ្វី?

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងយ៉ាងច្បាស់ថា «គ្រប់ប្រទេសទាំងអស់លើសកលលោក កាលណាបើគេបង្កើតស្ថាប័ននគរបាល ស្ថាប័នយោធាមក គឺដើម្បីប្រើប្រាស់ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មិនមែនបង្កើតមកដើម្បីទុកក្នុងអង្គភាពទទេរៗទេ ចំណែកការដាក់ពង្រាយកម្លាំងសមត្ថកិច្ច នាអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅ គឺដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ មិនមែនដាក់ដើម្បីគំរាមកំហែងប្រជាពលរដ្ឋនោះទេ»។
លោកបានថ្លែងបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នាអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក ស៊ុក ប៊ុនហុក ក៏បានវាយតម្លៃដែរថា ដំណើរការបោះឆ្នោត និងការការពារសន្តិសុខ មានភាពល្អប្រសើរទូទាំងប្រទេស គ្មានបញ្ហាធ្ងន់ធ្ងរនោះឡើយ។
ការបញ្ជាក់នេះ ដោយសារកន្លងមក ចេះតែមានអ្នករិះគន់អំពីការដាក់ពង្រាយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ក៏ដូចជាកម្លាំងយោធា នាពេលបោះឆ្នោតឃុំ-សង្កាត់ នៅទូទាំងប្រទេស ដោយពួកគេបានលើកឡើងថា ជាការគំរាមកំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋ ជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋ និងគណបក្សនយោបាយជាដើម។
លោកថ្លែងយ៉ាងដូច្នេះថា «ជាធម្មតាទេ គ្មានប្រទេសណា មិនប្រើកម្លាំងដើម្បីរក្សាសន្តិសុខនោះទេ ព្រោះថាគេបង្កើតកម្លាំងមក គឺដើម្បីពង្រាយការពារ រក្សាសន្តិសុខហ្នឹងហើយ បើបង្កើតមកទុកក្នុងផ្ទះដដែល បង្កើតមកធ្វើអី?»។
លោកក៏បានបន្តថា បើគ្មានការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដើម្បីការងារសន្តិសុខនៅពេលបោះឆ្នោតនោះ មិនដឹងថា នឹងមានរឿងអវិជ្ជមានអ្វីខ្លះ កើតឡើងនោះទេ ហើយបើកើតមានបញ្ហាដោយសារគ្មានកម្លាំងការពារពិតមែន នោះនឹងមានពាក្យរិះគន់ជាហូរហែទៀតមិនខាន។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ កងកម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមរភូមិន្ទ ១,៨៤៤នាក់៕






No comments:

Post a Comment