Thursday, March 09, 2017

លោក ហ៊ុយ វណ្ណៈ ៖ វោហាសាស្ត្រ «ដូរ!» ឬភាសាអង់គ្លេសថា «Change!»

(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ​អ្នកសារ​ព័ត៌មានកម្ពុជា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងពាក្យថា «ដូរ»។ លោក បានបញ្ជាក់​ដូចខាងក្រោម៖
ខ្ញុំទ្រាំនៅស្ងៀមមិននិយាយអំពីបញ្ហានេះមិនបានទេ។ ក្នុងបរិបទកម្ពុជា ពិតជាមានគេប្រើវោហាសាស្ត្រនេះដោយយល់ច្រឡំ និងក៏មានអ្នកបន្ទរតាមដោយងងឹតងងុលដែរ។ តើ «ដូរ!» ឬ «ការផ្លាស់ប្តូរ!» នេះជាអ្វី? ដូរ ឬការផ្លាស់ប្តូរនេះ គឺជាក្រិត្យក្រមធម្មជាតិសុទ្ធសាធ។
អ្វីៗទាំងអស់ មនុស្ស សត្វ រុក្ខជាតិ ធម្មជាតិ គឺវាត្រូវតែប្រែប្រួលផ្លាស់ប្តូរបន្តបន្ទាប់គ្មានឈប់ឈរទេ។ ដូច្នេះ គ្មានអ្នកណាម្នាក់អាចបដិសេធ ឬមិនទទួលការផ្លាស់ប្តូរនោះបានទេ។ សុំកុំបដិសេធ។ តែការមិនទទួលយកការផ្លាស់ប្តូរ ឬផ្លាស់ប្តូរបែបល្ងីល្ងើ នោះវាទើបជារឿងខុសឆ្គង! ការទទួលយកការផ្លាស់ប្តូរជារឿងត្រឹមត្រូវ។ ក៏ប៉ុន្តែ តើការផ្លាស់ប្តូរមាន រូបភាព ខ្លឹមសារ និងអត្ថន័យដូចម្តេច? វាមានហេតុផលជាគោល ៣យ៉ាងអំពីការផ្លាស់ប្តូរគឺ៖
ទី១) ដូរដោយខ្លួនវា៖ មនុស្សនិងធម្មជាតិគឺ វិវត្តន៍ពីក្មេងមកចាស់ ដូរពីតូចមកធំ ពីទាបទៅខ្ពស់… នេះគឺជាការដូរបែបធម្មជាតិហើយ!
ទី២) ដូរដោយមានកត្តាខាងក្រៅ៖ នេះគឺដូរបែបប្រតិសកម្ម។ ដូរពីអាក្រក់ឱ្យទៅល្អ ដូរពីប្រផេះមក ស ដូរពីខៀវមកលឿង និងដូរពីសង្គ្រាមមកសន្តិភាព…!
ទី៣) មិនអាចដូរបាន៖ រឿងខ្លះដូរមិនបានទេ ទោះបើបង្ខំដូរ ទោះដូរបានហើយ តែប្រើមិនកើត! សូមចាំចំណុចនេះ! ពីព្រោះ មិនអាចយកកង់រទេះគោ មកជំនួសកង់រថក្រោះ កង់ឡាន ឬកង់យន្តហោះ បានទេ។ វាប្រើមិនកើត! ដូច្នេះ រឿងខ្លះដូរមិនបានទេ! តើឱ្យដូរបងប្អូន ឪពុក ម្តាយ ជាមួយពួកចោលម្សៀត ម្តេចនឹងកើត!? ដូរមិនបានទេ! កុំថា ត្រឹមបង្ហូរទឹកភ្នែក សូម្បីត្រូវបង្ហូរឈាម ឬត្រូវអស់ជីវិត ក៏ដូរមិនបានទេ។
ពិតជាមានអ្នកមិនយល់ និងអ្នកស្រែកតាមគេ! ក្នុងនយោបាយ ពាក្យ ដូរ គឺពួកប្រឆាំងស្រែកតាមអាមេរិកប៉ុណ្ណោះ។ ដូច្នេះ ទី១-អ្នកមិនស្គាល់ ដូរ ដែលមានន័យថាម៉េច ហើយស្រែក កោកៗតាមគេ ឥឡូវគេដូរបាត់ហើយ! នេះគេហៅថា ដូរ បែបល្ងីល្ងើ ដូរ ដូចឆ្កូត! ទី២-ចំពោះអ្នកយល់អំពី ដូរ គឺយើងខិតខំដូរដោយខ្លួនឯង មិនចាំបាច់អ្នកណាមកប្រដៅអំពីដូរនេះទេ អញ្ចឹងហើយ ដែលយើងរួមគ្នាហើយនៅឈរជើងដោយកិត្តិយសតាំងពីឆ្នាំ១៩៧៩មកមក!
ការពិត ការធ្វើនយោបាយ មានបុព្វហេតុ០២ ហើយអ្នកនយោបាយក៏គួរតែដឹងថា តើគួរយកអ្វីដាក់ខាងមុខ? ៖ ទី១-បើធ្វើនយោបាយប្រយោជន៍បក្ស គឺបានត្រឹមឈ្លោះខាំគ្នាឯង និងទី២-បើធ្វើនយោបាយជាតិ គឺគេត្រូវខិតខំប្រកួតនឹងបរទេស។ ខ្ញុំនឹងសរសេរលម្អិតបន្ថែមទៀត!

No comments:

Post a Comment