Thursday, March 09, 2017

លោក សុខ ឥសាន លើកឡើងថា សម រង្ស៊ី ជាមនុស្សចង្រៃ

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ ជូន សាធារណជនធ្វើការពិចារណា ដោយលោក បានលើកឡើងថា សម រង្ស៊ី ជាមនុស្សចង្រៃ ព្រមទាំងបានបង្ហាញនូវហេតុផលមួយចំនួនដូចតទៅ៖​
នៅចាប់តាំងពីចូលស្រុក ក្រោយមានដំណោះស្រាយនយោបាយ នាថ្ងៃទី ២៣ ខែតុលា  ឆ្នាំ១៩៩១ លោក សម រង្ស៊ី បានធ្វើសកម្មភាពផ្តល់ផលអវិជ្ជមានជាបន្តបន្ទាប់ដល់ប្រទេសជាតិដែលបញ្ជាក់ថា សម រង្ស៊ី គឺជាមនុស្សចង្រៃ ដូចជា៖
– ប្រព្រឹត្តអំពើពុករលួយ នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី ១ ( ១៩៩៣-១៩៩៨)។
– បន្ទាប់ពីបង្កើតបក្សផ្ទាល់ខ្លួន សម រង្ស៊ី ដឹកនាំធ្វើបាតុកម្មប្រឆាំងរហូត ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ និង ប្រឆាំងលទ្ធផលបោះឆ្នោតមិនឈប់ ធ្វើឱ្យសង្គមជាតិជួបអស្ថិរភាព បាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
– ប្រឆាំងនឹងលទ្ធផលប្រជុំត្រីភាគី ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ អស់រយៈពេលជាង ៧០ម៉ោង នៅឆ្នាំ២០០៣ ធ្វើឱ្យមានវិបត្តិនយោបាយអស់ជាង១១ខែ។
– បោកផុយ ឯកឧត្តម កឹម សុខា ថាមិនចូលប្រជុំសភាដំបូង ក្រោយការបោះឆ្នោតឆ្នាំ២០០៨ តែដល់ថ្ងៃប្រជុំ នាំគ្នាចូលប្រុយ វ៉ា ឯកឧត្តម កឹម សុខាដាច់ ។
–  មុនការបោះឆ្នោតឆ្នាំ ២០១៣ ដើរជេរ ឯកឧត្តម កឹម សុខា ថាជាគ្រាប់ខ្សាច់ ជាអាយ៉ង ហ៊ុន សែន តែនៅនាទីចុងក្រោយបានចងសម្ព័ន្ធភាពជាមួយ កឹម សុខា បង្កើតជាគណបក្សសង្គ្រោះជាតិ ដឹកនាំធ្វើបាតុកម្មតូចរហូតដល់បាតុកម្មធំ ធ្វើឱ្យចលាចលប្រជាជន ដើរញុះញង់ឱ្យកម្មករទាមទារប្រាក់ឈ្នួលខ្ពស់ បង្កជាអំពើហឹង្សាច្រើនកន្លែងរហូតបំផុសឱ្យមានអំពើកុប្បកម្មហឹង្សានាំដល់ការបាត់បង់អាយុជីវិតមនុស្សច្រើននាក់ ហើយគ្មានការទទួលខុសត្រូវ។
– ដឹកនាំចលនាប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយបំផុសពាក្យស្លោក «ដូរ មិន ដូរ ដូរមិនដូរ ដូរ  ហ៊ុន សែន អើយចុះចេញទៅ ហ៊ុន សែន អើយ ចុះចេញទៅដាក់​ជណ្តើរឱ្យចុះបើមិនចុះ ទាញទម្លាក់ឱ្យចុះ» ។
នៅទីបំផុត សម រង្ស៊ី បានឱនក្បាលមកចុះកិច្ចព្រមព្រៀងនយោបាយ ថ្ងៃ ២១ កក្កដា ២០១៤ សន្យាថាមានការអីពិភាក្សាគ្នា តែមិនបានប៉ុន្មានផង ស្រាប់តែបើកការវាយប្រហារសម្តេចតេជោឡើងវិញ។ បន្ទាប់មកបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងគណបក្សទាំងពីរសន្យាគោរពគ្នាឱ្យតម្លៃគ្នា ស្មោះត្រង់ជាមួយគា្ន តែធាតុពិត សម រង្ស៊ី នៅតែប្រកាន់អត្តចរិតវៀចវេរ ភូតកុហក បោកប្រាស់ បែបចាប់ដៃជាន់ជើង ឱបដោយមានលាក់កាំបិតក្រោយខ្នង ធ្វើឱ្យវប្បធម៌សន្ទនាត្រូវក្ស័យជីវ៉ាទៅ។
ដោយកាន់តែទ្បប់ សម រង្ស៊ី បានដើរនិយាយពីសពាសប៉ាតណាប៉ាតណី ប៉ះពាល់ដល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ត្រូវតុលាការកាត់ទោសឱ្យជាប់គុក ២ឆ្នាំ និងពិន័យជាប្រាក់ ៨លានរៀល។ ដល់ភ័យខ្លួនបានរត់ទៅនៅក្រៅប្រទេស។
នៅក្រៅប្រទេស សម រង្ស៊ី បានពុលទឹកមាត់ ដើរនិយាយបរិហារកេរ្តិ៍ សំអុយជាតិឯង ប្រជាជនឯង អំពាវនាវឱ្យបរទេសកាត់ជំនួយ ឱ្យម្ចាស់រោងចក្រសហគ្រាសឈប់មកវិនិយោគនៅកម្ពុជា ឱ្យសហគមន៍អឺរ៉ុបផ្តាច់ជំនួយឱ្យឈប់នាំចូលផលិតផលកាត់ដេរ ឱ្យធ្វើការគាបសង្កត់រាជរដ្ឋាភិបាលដោយចោទថារំលោភសិទ្ធិមនុស្ស ជេរសម្តេចតេជោថាជាជនក្បត់ជាតិ   ជាជនផ្តាច់ការហ្វាសស៊ីស និយាយមួលកាច់ថាគណបក្សប្រជាជនកម្ពុជាចុះហត្ថលេខាលុបខ្សែបន្ទាត់ព្រំដែន ប្រើប្រាស់ផែនទីក្លែងក្លាយ ពុករលួយ រំលោភសិទ្ធិមនុស្ស ថា សម្តេចតេជោខ្លាចខ្លួនបានជាមិនហ៊ានឱ្យខ្លួនចូលស្រុកប្រកួតប្រជែងបោះឆ្នោត ដើរនិយាយមួលបង្កាច់ថាឯកឧត្តម ហ៊ុន ម៉ាណែត ជាប់សាច់ឈាមមេដឹកនាំប្រទេសវៀតណាម។ល។និង។ល។
ប្រការទាំងអស់ខាងលើនេះ ជាអំពើប្រព្រឹត្តល្មើសច្បាប់សីលធម៌នយោបាយ និងអមនុស្សធម៌ធ្ងន់ធ្ងររបស់  សម រង្ស៊ី ដែលជានិច្ចកាលមិនចង់ឱ្យប្រទេសជាតិរីកចម្រើន មានសុខសន្តិភាពស្ថិរភាពទេ ចង់តែឱ្យប្រទេសជាតិធ្លាក់ទៅរកគ្រោះមហន្តរាយប៉ុណ្ណោះ ដែលនេះហើយ បានហៅ សម រង្ស៊ី ថាជាមនុស្សមហាចង្រៃសម្រាប់ប្រជាជនកម្ពុជាពិតៗ។  នៅកម្ពុជា បើមាន សម រង្ស៊ី គឺមិនបានសុខទេព្រោះជាមនុស្សចង្រៃ៕

No comments:

Post a Comment