Thursday, February 16, 2017

ប្រធានសភាពាណិជ្ជកម្មអាមេរិក៖ លោក ហ៊ុន សែន ជាស្ថាបត្យករទទួលខុសត្រូវខ្ពស់ក្នុងការស្តារប្រទេសកម្ពុជាចេញពីសង្រ្គាម

(ភ្នំពេញ)៖ លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអាមេរិក និងជាប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា បានថ្លែងចាត់ទុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាឥស្សរជនអន្តរកាលនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា និងជាស្ថាបត្យករទទួលខុសត្រូវខ្ពស់ក្នុងការស្តារប្រទេសកម្ពុជាចេញពីភ្នក់ភ្លើងសង្រ្គាម ឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ និងវិបុលភាពកើនឡើងជាហូរហែរ។
លោក Bretton G. Sciaroni បានថ្លែងដូច្នេះក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០១៧ នៅសណ្ឋាគារ Intercon នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នៅចំពោះមុខអ្នកវិនិយោគ និងធុរជនអន្តរជាតិជាច្រើននាក់ លោក Bretton G. Sciaroni បានរំលឹកថា លោកបានស្គាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អស់រយៈពេល ២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីរូបលោកបានមកប្រទេសកម្ពុជាជាលើកដំបូងនាអំឡុងឆ្នាំ១៩៩៣។
ក្នុងពិធីនាព្រឹកមិញនេះ លោក Bretton G. Sciaroni បានស្នើឱ្យអ្នកវិនិយោគ និងធុរជនអន្តរជាតិចំណាយពេលខ្លី ដើម្បីស្តាប់លោករៀបរាប់ពីគំរូវីរភាព និងសមិទ្ធផល ដែលសម្រេចបានក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ លោក Bretton G. Sciaroni ថ្លែងថា លោកតែងចាត់ទុកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាឥស្សរជនអន្តរកាលនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា បានដឹកនាំប្រទេសចាប់តាំងពីពេលប្រទេសត្រូវញាំញីដោយសង្រ្គាម និងអំពើប្រល័យពូជសាសន៍ រហូតដល់ប្រទេសបានទទួលសន្តិភាពពេញលេញ។
ប្រធានសភាពាណិជ្ជកម្មអាមេរិករូបនេះ បានបញ្ជាក់ដូច្នេះ «សម្តេចតេជោ លើសពីឥស្សរជនណាៗទាំងអស់ គឺជាស្ថាបត្យករទទួលខុសត្រូវក្នុង ការស្តារប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ និងវិបុលភាពកើនឡើងជាហូរហែរ»
លោក Bretton G. Sciaroni បានបន្តថា «នៅពេលដែលខ្ញុំបានមកដល់កម្ពុជាជាលើកដំបូង ទាហានខ្មែរក្រហមនៅឈរជើងនៅក្នុងព្រៃនៅឡើយ។ វិបុលភាពមិនអាចសម្រេចបានឡើយដរាបណាប្រទេសកម្ពុជា នៅជាជំរុំប្រដាប់អាវុធនៅឡើយនោះ ដូច្នេះហើយការកម្ចាត់ក្រុមជ្រុលនិយម នៃរបបកម្ពុជា ប្រជាធិបតេយ្យ និងការចរចាកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមនិយមកណ្តាល នៃរបបនេះ គឺជាកិច្ច ដ៏សំខាន់នាពេលនោះ។ សមិទ្ធផលនេះ គឺជាស្នាដៃដំបូង និងធំបំផុតរបស់សម្តេចតេជោ ហ៊ុន សែន»
លោក Bretton G. Sciaroni បានគូសបញ្ជាក់ដែរថា បើទោះបីសង្រ្គាមនៅមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ លោក ហ៊ុន សែន បានរៀបចំមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចទំនើបរបស់កម្ពុជា។ ជនជាតិអាមេរិករូបនេះ បានឱ្យដឹងដែរថា ចាប់តាំងពីការបង្កើត រាជរដ្ឋាភិបាលថ្មីនៅក្នុងឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងអនុម័តច្បាប់ទំនើបជាច្រើន និងបានប្តេជ្ញាចិត្តបើកចំហរសេដ្ឋកិច្ចរបស់ប្រទេស។
លោក Bretton G. Sciaroni ទទួលស្គាល់ថា ភាពរីកចម្រើនរបស់កម្ពុជា គឺបានពឹងផ្អែកលើជំនួយបច្ចេកទេស ពីម្ចាស់ជំនួយទ្វេភាគី និងពហុភាគី ប៉ុន្តែភាពជោគជ័យនេះ ក៏ព្រោះតែមានការដឹកនាំប្រកបដោយភាពត្រឹមត្រូវរបស់ប្រមុខដឹកនាំប្រទេស លោក ហ៊ុន សែន ដែលបានបន្តរហូតមកដល់បច្ចុប្បន្ន៕



No comments:

Post a Comment