Thursday, February 16, 2017

កម្ពុជា-ចិន បង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងទេសចរណ៍ ក្រុមប្រតិភូវិនិយោគចិនចំនួន១៧រូប បានជួបសម្តែងការគួរសមជាមួយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីរាយការណ៍ជូនអំពីគម្រោងវិនិយោគដ៏ធំទាក់ទងនឹងវិស័យទេសចរណ៍នៅកម្ពុជា។
 នៅក្នុងឱកាសនោះផងដែរ លោក ថោង ខុន បានជម្រាបជូនគណៈប្រតិភូចិនអំពីសភាពការណ៍រីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏មានការរីកចម្រើនគួរឱ្យកត់សំគាល់ផងដែរ។
 រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ជាក់ស្តែង ឆ្នាំ២០១៦ កន្លងមកនេះ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិចំនួន ៥ លាននាក់ កើន​​​ឡើង ៥%ធៀបនឹងឆ្នាំ២០១៥ ក្នុងនោះទទួលទេសចរណ៍ចិនបានចំនួន ៨៣ម៉ឺននាក់ ស្ថិតក្នុងលំដាប់ទី២ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០។ តាមការព្យាករណ៍ ឆ្នាំ២០២០ កម្ពុជានឹងអាចទទួលទេសចរណ៍អន្តរជាតិបានយ៉ាងតិច ៧ លាននាក់ និងទាក់ទាញទេសចរណ៍ចិនឱ្យបានយ៉ាងតិច ២ លាននាក់។ដើម្បីសម្រេចតាមផែនការនេះ ក្រសួងទេសចរណ៍ បានរៀបចំនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ និងបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍កម្ពុជា ហើយចំពោះទីផ្សារទេសចរចិន ក្រសូងក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលទេសចរចិន និងអ្នកវិនិយោគចិន ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តទាក់ទាញទេសចរណ៍ចិន និងសៀវភៅសស្តីពី China Ready
 ជាងនេះទៀត ដើម្បីទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ទាមទារឱ្យមានការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗជាច្រើនទៀត ហើយការងារនេះចាំបាច់ត្រូវមានការវិនិយោគពីបរទេស ពិសេសពីប្រទេសចិន លើវិស័យទេសចរណ៍ មានដូចជា មណ្ឌលកម្សាន្តទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគាររីហ្សត ភោជនីយដ្ឋាន កន្លែងទិញទំនិញ (Shopping) មធ្យោបាយដឹកជញ្ជូនទេសចរណ៍ អាកាសយានដ្ឋានអន្តជាតិ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាច្រើនទៀត។ និយាយរួម ធ្វើយ៉ាងណាទាក់ទាញទេសចរណ៍ឱ្យស្នាក់នៅបានយូរចាយច្រើន និងមកទស្សនាច្រើនដង។ ទេសចរអន្តរជាតិដែលមកកម្ពុជាគាត់ចង់ចាយវាយច្រើន តែកន្លែងខ្លះ គឺយើងនៅពុំទាន់មានលទ្ធភាពទាក់ទាញទេសចរឱ្យចាយច្រើននៅឡើយ។ ក្រសួងទេសចរណ៍ក៏បានបង្ហាញជូនគណៈប្រតិភូចិន អំពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកំពតផងដែរ។
 គណៈប្រតិភូចិនបានស្នើសុំក្រសួងទេសចរណ៍ចំនួន ០៣ចំនុច៖ ទី១-) សូមការគាំទ្រចំពោះគម្រោងវិនិយោគទេសចរណ៍នៅកម្ពុជា ទី២-) សូមអញ្ជើញលោករដ្ឋមន្រ្តី និងប្រតិភូទៅចូលរួមសន្និសីទទេសចរណ៍ពិភពលោកនៅទីក្រុងប៉េកាំងប្រទេសចិន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ និង ទី៣-) សូមអញ្ជើញលោករដ្ឋមន្រ្តី ធ្វើជាប្រធានកិត្តិយសនៃសហព័ន្ធអន្តរជាតិអភិបាលក្រុង។
 ជាកិច្ចឆ្លើយតប លោក ​ថោង​ ខុន បានសម្តែងនូវសេចក្តីរីករាយ និងសូមគាំទ្រចំពោះគម្រោងវិនិយោគដ៏ធំរបស់ចិន ហើយលោក ក៏បានអំពាវនាវដល់ក្រុមវិនិយោគចិនធ្វើការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជម្រុញ និងអនុវត្តគម្រោងវិនិយោគវិស័យទេសចរណ៍នៅកម្ពុជាអោយទទួលបានជោគជ័យ ហើយរាល់គម្រោងវិនិយោគគឺត្រូវធានា និងគោរពឱ្យបាននូវគោលការណ៍បរិស្ថាន ភាពស្អាត និងបៃតង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ប្រកបដោយភាពទាក់ទាញ ភាពស្អាត និងបៃតង។
លោករដ្ឋមន្រ្តី ក៏បានឯកភាពទៅចូលរួមសន្និសីទ ទេសចរណ៍ពិភពលោកនៅទីក្រុងប៉េកាំង នាចុងខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ដោយស្នើឱ្យភាគីចិនផ្តល់លិខិតអញ្ជើញ ដើម្បីក្រសួងស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល




No comments:

Post a Comment