Thursday, February 16, 2017

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់យុទ្ធសាស្រ្ដផ្សព្វផ្សាយអប់រំបង្ការការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវ យុទ្ធសាស្រ្ដផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំបន្ថែមទៀតទៅដល់សាធារណជន ជាពិសេសយុវជនកម្ពុជា ឱ្យកាន់តែយល់ច្បាស់ពីគុណវិបត្តិនៃការប្រើប្រាស់គ្រឿងញៀន និងការបង្ការការប្រើប្រាស់គ្រឿងញៀន ឱ្យបានកាន់តែទូលំទូលាយ។
ការប្រកាស ដាក់ចេញយុទ្ធសាស្រ្តថ្មីនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការ សកម្មភាពផ្សព្វផ្សាយអប់រំបង្ការការប្រើ ប្រាស់គ្រឿងញៀន ដោយមានការចូលរួមប្រជុំពីសំណាក់មន្ដ្រី ជាប់ពាក់ព័ន្ធគ្រប់ស្ថាប័ន ក្រសួង អង្គការជាសមាជិកព្រមទាំង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលប្រព្រឹត្តិឡើង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យុទ្ធសាស្រ្ដខាងលើនេះ មានទិសដៅបន្ថែមការយល់ដឹងពីផលប៉ះ ពាល់ដែលបណ្ដាលមកពី ការប្រើប្រាស់ គ្រឿងញៀន និងការការពារខ្លួន ការហាមមិនឱ្យសាកល្បងគ្រឿងញៀន និងការលើកទឹកចិត្ត និងបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាលបាល និងស្ដារនីតិសម្បទា និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់អំពីច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
ក្នុងការសម្រេចឱ្យបាននូវគោលដៅ និងយុទ្ធសាស្រ្ដលើការផ្សព្វផ្សាយអប់រំនេះ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ កាន់តែមានប្រសិទ្ធភាព អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់នូវគោលការណ៍មួយចំនួនរួមមាន៖
១៖ បន្ថែមការផ្សព្វផ្សាយ យល់ដឹងឱ្យច្បាស់ថាអ្វីជាគ្រឿងញៀន?
២៖ ការផ្សព្វផ្សាយអប់រំតាមរយៈទូរទូស្សន៍ វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម ទស្សនាវដ្ដី អប់រំផ្ទាល់ដល់សមាគមន៍ អប់រំតាមវិស័យសាសនា និងអប់រំតាមរយៈផលិតផលផ្សេងៗ។
៣៖ បង្ហាញពីផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿញៀន។
៤៖ ពន្យល់ណែនាំ ដល់អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជាប់ពាក់ព័ន្ធទាំងអស់យល់ដឹង ភ្ញាក់រលឹក និងឈប់ប្រើប្រាស់ និងឈប់ពាក់ព័ន្ធលើគ្រឿងញៀន។
៥៖ បំផុសឱ្យមានចលនាអប់រំ កូនចៅ និងសមាជិកក្រុមគ្រួសារកុំឱ្យមានការពាក់ព័ន្ធនឹងគ្រឿងញៀនហើយក្នុងករណីមានកូនចៅ ប្រើប្រាស់គ្រឿងញៀនចូលរួមលើកទឹកចិត្ត និងបញ្ជូនទៅទទួលការព្យាលបាល និងស្ដារនីតិសម្បទា។
៦៖ ចូលរួមឱ្យមានការផ្សព្វផ្សាយព័ត៌មានជាសាធារណ និងរាយការណ៍ជូនសមត្ថកិច្ចនូវរាល់បទល្មើសដែលមានការពាក់ព័ន្ធ។
៧៖ បន្ថែមឱ្យយល់ច្បាស់ពីច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ការអនុវត្តច្បាប់ និងបញ្ហានានាដែលត្រូវប្រឈមមុខនឹងច្បាប់៕


No comments:

Post a Comment