Thursday, February 16, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើទីភ្នាក់ងារអង្គការសហប្រជាជាតិនានាធ្វើសកម្មភាពស្របតាមច្បាប់កម្ពុជានិងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើទីភ្នាក់ងារអង្គការសហប្រជាជាតិនានាធ្វើសកម្មភាពស្របតាមច្បាប់កម្ពុជានិងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ លោក បានថ្លែងដូចនេះនៅវិមានសន្តិភាព នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុង​ឱកាសអនុញ្ញាតឱ្យ លោក ស្រី Clair Van de Varenតំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជា​​ជាតិ (UNDP) នៅកម្ពុជា និងតំណាងភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនទៀត ដែលកំពុងប្រតិបត្តិការងារនៅកម្ពុជាចូលជួបសំណេះសំណាលនិងពិភាក្សាការងារ នៅ​វិមាន​សន្តិ​ភាព
  នៅក្នុងឱកាសជូបសំណេះសំណាលនាពេលនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយ និងមានមោទនៈភាពក្នុងកិច្ចសហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងឡាយ ដែលបានសិក្សាច្បាស់លាស់អំពីអ្វីដែលបានកើតឡើងក្នុងប្រទេសកម្ពុជា រួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្ស ដើម្បីបន្តការអភិវឌ្ឍដោយចីរភាពដែលមានការយកចិត្តទុកដាក់ និងប្រឹងប្រែងខ្លាំងជាងមុន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលកំពុងមានប្រតិ​បត្តិការនៅកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ហើយអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ គឺស្របទៅនឹងនិន្នាការ និងស្ថានភាពជាក់ស្តែងរបស់តំបន់ និងពិភពលោកផងដែរ និងបានស្នើទៅទីភ្នាក់ងារអង្គការសហប្រជាជាតិនានាសូមធ្វើសកម្មភាពស្របតាមច្បាប់កម្ពុជា និងស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។
  ជាការឆ្លើយតប លោកស្រី Clair Van de Varen បានថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកម្លាំងកម្ពុជាចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាងនេះទៀត លោកស្រី និងក្រុមប្រតិភូ បានសម្តែងនូវការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើវិស័យអប់រំ ដែលកន្លងមកបានធ្វើការកែទម្រង់យ៉ាងមានប្រសិទ្ធភាព និងមានគុណភាព។ លោកស្រី Clair Van de Varen ក៏បានជម្រាបពីវឌ្ឍនភាពរបស់ទីភ្នាក់ងារទាំងឡាយរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើការនៅកម្ពុជាកន្លងមក និងកំពុងយកចិត្តទុកដាក់ក្នុងវិស័យមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច កសិកម្ម ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាព បម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងបញ្ហាសំរាមរឹង និងរាវ ការអភិវឌ្ឍវិស័យសុខាភិបាល និងវិធានការទប់ស្កាត់គ្រោះមហន្តរាយជាដើម។
  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសន្យានឹងរៀបចំកិច្ចប្រជុំសំណេះសំណាលបែបនេះជារៀងរាល់ឆ្នាំ ហើយលោក ក៏បានស្នើដល់តំណាងនៃទីភ្នាក់ងារនៃអង្គការសហប្រជាជាតិទាំងអស់ ចូលរួមពិភាក្សាបញ្ចេញយោបល់ឱ្យបានច្រើនក្នុងកិច្ចប្រជុំលើកក្រោយៗទៀត


No comments:

Post a Comment