Tuesday, January 17, 2017

​​​​​​​​​​​​​​​​​​​​​​​​​​​ចិន​​នឹង​​លែង​​អត់​ធ្មត់ទៀត​ហើយ ប្រ​សិន​បើ​​​លោក Donald Trump នៅ​តែ​បន្ត​បង្ក​ហេតុលើ​​បញ្ហា​​​កោះ​តៃ​វ៉ាន់​

ប្រទេសចិននឹងលែងអត់ធ្មត់ទៀតហើយ និងចាត់វិធានការយ៉ាងខ្លាំងក្លា ប្រសិនបើប្រធានាធិបតីអាមេរិកជាប់ឆ្នោត Donald Trump នៅតែបន្តបង្កហេតុជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំងលើបញ្ហាកោះតៃវ៉ាន់ នៅពេលដែលគាត់ឡើងកាន់តំណែង នេះបើតាមសារព័ត៌មានដែលឈានមុខគេរបស់រដ្ឋចំនួនពីរបានរាយការណ៍កាលពីថ្ងៃចន្ទ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន The Wall Street Journal ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃសុក្រ លោក Trump បាននិយាយថា គោលនយោបាយ «ចិនតែមួយ» ត្រូវបានបង្កើតឱ្យមានការចរចា។ នៅក្នុងការឆ្លើយតបទៅវិញ ក្រសួងការបរទេសចិន បាននិយាយថា «ចិនតែមួយ» គឺជាមូលដ្ឋានគ្រឹះនៃចំណងទាក់ទងរវាងចិន និងអាមេរិក ហើយពុំអាចចរចាបានទេ។
លោក Trump បានផ្លាស់ប្តូរនូវអ្វីដែលមិនធ្លាប់មានពីមុនមកអស់រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកហើយ ដោយការហៅទូរសព្ទអបអរសាទរពីប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ដែលធ្វើឱ្យមានការខឹងសម្បាដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលពួកគេគិតថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។
សារព័ត៌មានសរសេរជាភាសាអង់គ្លេស China Daily បាននិយាយថា «ប្រសិនបើលោក Trump មានបំណងប្រើប្រាស់នូវឧបាយកលនេះក្នុងពេលឡើងកាន់តំណែង គឺជាពេលវេលាមួយនៃការបំផ្លាញទំនាក់ទំនងយ៉ាងធ្ងន់ធ្ងរដែលនឹងមិនអាចចៀសវាងរួចទេ ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងពុំមានជម្រើស និងលែងមានការអត់ធ្មត់នោះ»។
សារព័ត៌មាន The Global Times ដែលជាសារព័ត៌មានខ្នាតតូចដ៏មានឥទ្ធិពលរបស់រដ្ឋបានបន្ទរតាមសារព័ត៌មាន China Daily ដោយនិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងចាត់ «វិធានការទប់ទល់យ៉ាងខ្លាំងក្លា» ប្រឆាំងនឹងចេតនារបស់លោក Trump ដែលធ្វើឱ្យខូចខាតដល់គោលការណ៍ចិនតែមួយ។
សារព័ត៌មានដដែលនេះ បាននិយាយនៅក្នុងទំព័របទវិចារណកថា ថា «ចិនដីគោកនឹងត្រូវបានគេលើកទឹកចិត្តដើម្បីបង្កើននូវការបង្រួបបង្រួមកោះតៃវ៉ាន់ឡើងវិញ ហើយប្រយុទ្ធប្រឆាំងយ៉ាងដាច់ខាតចំពោះអ្នកទាំងឡាយណាដែលតវ៉ាពីឯករាជ្យភាពរបស់កោះតៃវ៉ាន់»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា សហរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់ពីជំហររបស់ចិនលើ «ចិនតែមួយ»។
លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានថា «បុគ្គលណាក៏ដោយ គួរតែយល់ថា នៅលើពិភពលោកនេះ មានរឿងពិតប្រាកដមួយចំនួនដែលមិនអាចត្រូវបានគេជួញដូរ ឬទិញ និងលក់បាន។ គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋាននយោបាយ និងការដាក់លក្ខខណ្ឌទុកជាមុនសម្រាប់ប្រទេសណាមួយដែលមានទំនាក់ទំនងជាមួយនឹងចិន»។
លោកស្រី Hua បានបន្ថែមថា «ប្រសិនបើនរណាម្នាក់មានបំណងចង់បំផ្លាញគោលការណ៍ចិនតែមួយ ឬក៏ពួកគេស្ថិតនៅក្រោមរូបភាពបោកបញ្ឆោត ដែលពួកគេប្រើប្រាស់នូវបញ្ហានេះធ្វើជាឧបករណ៍ដើម្បីចរចានោះ ពួកគេនឹងត្រូវបានប្រឆាំងដោយរដ្ឋាភិបាល និងប្រជាជនចិន»៕

No comments:

Post a Comment