Tuesday, January 17, 2017

ប្រទេស​ចិន​មួយ​ ប៉ុន្តែ​មាន​មុខ​ព្រួញ​ ៣ ក្នុង​គោល​នយោ​បាយការបរទេស

ចិនមានការផ្លាស់ប្តូរឥរិយាបថចំពោះវិបត្តិសន្តិសុខ និងការទូតធ្ងន់ធ្ងរដែលឥឡូវនេះកំពុងតែញ៉ាំញ៉ីទ្វីបអាស៊ី។ ដោយអាស្រ័យលើទំហំផលប្រយោជន៍ជាតិដែលខ្លួនកំពុងមាន និងអំណាចដែលខ្លួនអាចបង្ហាញឡើងនៅក្នុងទីលានភូមិសាស្ត្រនយោបាយពាក់ព័ន្ធនោះ ទីក្រុងប៉េកាំងអាចប្រើប្រាស់វិធីជាអ្នកសម្របសម្រួលសន្តិភាពនៅស៊ីរី អ្នកចរចាសន្តិភាពនៅអាហ្គានីស្ថាន និងជាចៅហ្វាយនៅពេលអនាគតនៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិច។
ក្នុងខណៈជាចលករសំខាន់សម្រាប់វិស័យការទូតរបស់ចិននៅតំបន់មជ្ឈឹមបូព៌ាដែលជាការការពារផលប្រយោជន៍សេដ្ឋកិច្ចនោះ ការទាមទារអធិបតេយ្យជាតិរបស់ចិន រួមជាមួយនូវក្តីសង្ឃឹមក្នុងការក្លាយជាកម្លាំងអូសទាញនៅតំបន់មជ្ឈឹមបូព៌ា បានបង្ហាញឡើងភាគច្រើនអំពីទង្វើរបស់ខ្លួននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។ មូលហេតុសំខាន់សម្រាប់ជំហររបស់ប៉េកាំងនៅតំបន់អាស៊ីកណ្តាលគឺមានភាពកាន់តែខុសប្លែក។ ជាការពិត តំបន់នោះគឺជាកន្លែងដ៏លំបាកសម្រេចចិត្តសម្រាប់អ្នកទទួលខុសត្រូវធំៗ។ នៅទីនេះ ចិនបានប្តេជ្ញាការពារផលប្រយោជន៍សេដ្ឋកិច្ចដ៏មានតម្លៃ ហើយទន្ទឹមគ្នានោះកំពុងពង្រីកទម្រង់ឥទ្ធិពលខ្លះៗ។
ដោយត្រង់ទៅ អភិក្រមទាំងបីនេះត្រូវបានឃើញមានឡើងដោយការប្រាស្រ័យទាក់ទងរបស់ចិនជាមួយមហាអំណាចផ្សេងៗទៀតគឺអាមេរិក និងរុស្ស៊ី។
សម្រាប់ប្រទេសស៊ីរី ជាទូទៅ ចិនអនុញ្ញាតឲ្យទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោនគ្រប់គ្រងវិបត្តិនោះ។ តំបន់មជ្ឈឹមបូព៌ានៅតែស្ថិតនៅឆ្ងាយខាងភូមិសាស្ត្រនយោបាយរបស់ប៉េកាំង។ គោលនយោបាយការបរទេសមានន័យថា វាសំខាន់សម្រាប់នាគចិននៅទីនោះ ប៉ុន្តែមិនអាចប្រៀបធៀបទៅនឹងសារៈសំខាន់របស់សេតវិមាន និងរបស់វិមានក្រឹមឡាំងទេ។
នៅថ្ងៃទី ៦ ខែមករា ប្រ៊េសិតពិសេសរបស់ចិនសម្រាប់ប្រទេសស៊ីរីលោក Xie Xiaoyan បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់គាត់នឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅចូលរួមការចរចាសន្តិភាពនៅថ្ងៃទី ២៣ ខែមករានៅទីក្រុង Astana រវាងរដ្ឋាភិបាលស៊ីរី និងសមាជិករបស់ក្រុមប្រឆាំង។ នៅចំពេលមានការបញ្ឈប់ការប្រទូសសារាយដ៏ផុយស្រួយដែលបានផ្សះផ្សារដោយរុស្ស៊ី អ៊ីរ៉ង់ និងទួរគី នោះ កិច្ចប្រជុំនៅរដ្ឋធានីរបស់ប្រទេស Kazakhstan នោះគួរតែជួយបញ្ចប់ដល់ជម្លោះបង្ហូរឈាមដែលបាននិងកំពុងហែកហួរតំបន់មជ្ឈឹមបូព៌ាចាប់តាំងពីឆ្នាំ ២០១១ ទោះបីជាឱកាសជោគជ័យរបស់វាមិនច្រើនក៏ដោយ ដោយសារតែអវត្តមានរបស់អាមេរិក បណ្តារាជាណាចក្រនៅឈូងសមុទ្រពែក និងពួកឃឺត។
ប៉េកាំងបានស្ថិតនៅពីក្រោយក្នុងការជំរុញឲ្យមានដំណោះស្រាយជម្លោះនៅស៊ីរី ជាដំណើរការមួយដែលឥឡូវនេះហាក់ដូចជាត្រូវគ្រប់គ្រងដោយរុស្ស៊ី ដោយសារតែអាមេរិកកំពុងស្ថិតក្នុងអន្តរកាលប្រធានាធិបតីដ៏ច្របូកច្របល់ពី បារ៉ាក់ អូបាម៉ា ទៅឲ្យ ដូណាល់ ត្រាំ។ ទោះបីជាមានកិច្ចខិតខំការទូតនិងជំនួយមនុស្សធម៌របស់ខ្លួនក៏ដោយ ក៏វិធីដ៏ប្រុងប្រយ័ត្នរបស់ចិនចំពោះវិបត្តិនៅស៊ីរីនោះគឺស្រដៀងគ្នាទៅនឹងវិធីដែលខ្លួនបានធ្វើនៅខែកក្កដា ឆ្នាំ ២០១៥ ក្នុងការដាក់កម្រិតសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅពេលប៉េកាំងបានធ្វើការពីខាងក្រោយឆាកយ៉ាងជោគជ័យក្នុងការសម្របសម្រួលឲ្យចេញជាកិច្ចព្រមព្រៀងមួយឡើង។
ចិនចង់បានឲ្យមានការស្វែងរកដំណោះស្រាយវិបត្តិនៅស៊ីរីកើនមានឡើងនៅពេលឆាប់ៗនេះ ទោះបីជាវាជាការជំរុញឡើងដោយរុស្ស៊ី អាមេរិក ឬពីលទ្ធផលនៃការសម្របសម្រួលរវាងពួកគេក៏ដោយ។
ដោយមានការផ្លាស់ប្តូរពីប៉ូលលោកខាងលិចទៅលោកខាងកើតរបស់ទ្វីបអាស៊ីនោះ ទិដ្ឋភាពភូមិសាស្ត្រនយោបាយបានផ្លាស់ប្តូរទាំងស្រុង។ ការទាមទារចង់បានរបស់ចិនចំពោះការក្លាយទៅជាកម្លាំងដ៏មានអំណាចនៅក្នុងតំបន់ ដោយធ្វើឲ្យអាមេរិកខាតបង់នោះ ឥឡូវនេះ គឺជាតថភាពយ៉ាងច្បាស់។ សម្តីវោហារសាស្ត្រខ្លាំងៗរបស់ ត្រាំ លើគោលនយោបាយពាណិជ្ជកម្មរបស់ប៉េកាំង និងការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូងកំពុងឲ្យមនុស្សជាច្រើននៅក្រុមឥស្សរជនសន្តិសុខ និងការទូតចិនជឿថា ការបង្វែកម្លាំងរបស់ អូបាម៉ា ទៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅពេលឆាប់ៗនេះ នឹងត្រូវបង្វែរទៅឲ្យក្រុមរបស់ ត្រាំ ដើម្បីគ្រប់គ្រងលើចិន។
នោះមានន័យថា នឹងមានទំនាក់ទំនងកាន់តែប្រឈមមុខដាក់គ្នារវាងប៉េកាំង និងវ៉ាស៊ីនតោន ដោយសារតែប៉េកាំងទំនងជានឹងព្យាយាមទប់ស្កាត់វិធានការណាមួយរបស់អាមេរិកក្នុងការពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូនៅក្នុងតំបន់។ កម្លាំងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែជាឧបករណ៍ដ៏ល្អបំផុតរបស់ប៉េកាំងក្នុងការទាញប្រទេសជិតខាងឲ្យភ្ជាប់ទៅនឹងរបៀបវារៈរបស់ខ្លួន។ នៅក្នុងន័យនេះ វិស័យការទូតសេដ្ឋកិច្ចរបស់ចិនកំពុងមានដំណើរការយ៉ាងសកម្ម តាមការកត់សម្គាល់ គឺនៅក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំរបស់អាស៊ីដែលឆ្លុះបញ្ចាំងពីតម្រូវការនិងទីតាំងឈរជើងរបស់ចិន។
គ្មានការសម្របសម្រួលណាមួយត្រូវបានគិតគូរឡើងដោយបណ្តាមេដឹកនាំរបស់ចិនសម្រាប់តួនាទីរបស់ខ្លួននៅអាស៊ីបូព៌ា ជាទីដែលខ្លួនត្រូវតែជាអ្នកដើរតួនាទីធំ នៅក្នុងសេណារីយ៉ូដែលអំណាចរបស់វ៉ាស៊ីនតោនធ្លាក់ចុះ ប៉ុន្តែមិនបានបាត់ទាំងស្រុង ដោយសារតែបុព្វហេតុនៃតុល្យភាពអំណាចក្នុងតំបន់។
អាហ្គ្រានីស្ថាននៅតែជាទីតាំងការទូតសំខាន់សម្រាប់ថ្នាក់ដឹកនាំចិន។ ប្រទេសនៅតំបន់អាស៊ីកណ្តាលមួយដែលមានព្រំដែនជាប់តំបន់ Xinjiang ដែលកំពុងច្របូកច្របល់របស់ចិននោះ បានក្លាយជាប្រទេសការពារដោយអាមេរិកដែលគ្មានស្ថិរភាពចាប់តាំងពីឆ្នាំ ២០០១ មក។ ក្រៅពីការពារផលប្រយោជន៍ឧស្សាហកម្មរ៉ែ និងហេដ្ឋារចនាសម្ព័ន្ធខ្លួន ចិនត្រូវការទប់ស្កាត់ការរីករាលដាលអំពើភេរវកម្មណាមួយពីអាហ្គានីស្ថាន។
រុស្ស៊ីបានធ្វើជាម្ចាស់ផ្ទះដល់កិច្ចប្រជុំជាមួយចិន និងប៉ាគីស្ថាននៅចុងខែធ្នូ ដើម្បីវាយតម្លៃស្ថានភាពសន្តិសុខនៅអាហ្គានីស្ថាន ដោយផ្តោតពិសេសលើការកើនឡើងឥទ្ធិពលរបស់រដ្ឋអ៊ីស្លាមនៅទីនោះ និងការរីករាលដាលរបស់វាបន្តចូលទៅអាស៊ីកណ្តាល។ ជំនួបត្រីភាគីនៅម៉ូស្គូបានបង្ហាញពីហេតុផលគួរឲ្យកត់សម្គាល់ ដោយសារតែកិច្ចប្រជុំនោះហាក់ដូចជា ចេតនាមួយទៀតរបស់ទីក្រុងម៉ូស្គូក្នុងការជំនួសទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយវិបត្តិអាស៊ីដែលមិនទាន់ដោះស្រាយរួច។
បន្ទាប់ពីការងើបឡើងសេដ្ឋកិច្ចរបស់ខ្លួនមក ចិនបានឈោងទៅកាន់អ្វីដែលរុស្ស៊ីមើលឃើញថា ជាតំបន់ជិតខាងដែលខ្លួនធ្លាប់គ្រប់គ្រងនៅសម័យសូវៀត។ អាស៊ីកណ្តាល ឥឡូវនេះ គឺជា “ដែនដីចំណុចកណ្តាល” នៅក្នុងទំនាក់ទំនងរវាងចិន និងរុស្ស៊ី ដោយម៉ូស្គូកំពុងធ្វើការជាអ្នកផ្តល់សន្តិសុខ ហើយប៉េកាំងគឺជាអ្នកគាំទ្រសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប៉ុន្តែ រូបមន្តចែករំលែកអំណាចនេះមិនអាចបម្រើឲ្យផលប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែងរបស់ចិនបានទេ។ ការអនុវត្តយុទ្ធសាស្ត្រផ្លូវសូត្រថ្មីរបស់ចិនក្នុងការបង្កើតបណ្តាញពាណិជ្ជកម្មទៅទូទាំងតំបន់អឺរ៉ុប និងអាស៊ីនោះ ពិតជាបានបង្កើនផលប្រយោជន៍របស់ប៉េកាំងនៅតំបន់នោះ ដោយនាំឲ្យមានវត្តមានការទូតកាន់តែហួងហែងរបស់រដ្ឋាភិបាលចិន។
ដោយមានការជួយពីម៉ូស្គូ ឬ ជាជម្រើសតាមរយៈគំរូសន្តិភាព ៤ ទិស រាប់បញ្ចូលទាំងវ៉ាស៊ីនតោន អ៊ីស្លាមាបាត និងកាប៊ូលនោះ ការបង្កើតសន្តិភាពរបស់អាហ្គានីស្ថាននឹងស្ថិតនៅក្នុងកណ្តាប់ដៃរបស់ចិន ក្នុងន័យនៃការប្រើប្រាស់អំណាចរបស់ខ្លួននៅក្នុងតំបន់នោះ ដោយសារតែប៉េកាំងអាចលេចមុខនៅទីនោះក្នុងនាមជាអ្នកមានឥទ្ធិពលដោយប្រយោល។
ចំណុចរួមនោះគឺថា ចិនកំពុងបង្ហាញថា មានសមត្ថភាពបង្ហាញមុខព្រួញ ៣ ផ្សេងគ្នាចំពោះការក្លាយជាតួអង្គសំខាន់នៅទីតាំងប៉ះទង្គិចគ្នាដ៏រសើបចំនួន ៣ កន្លែងនៅអាស៊ីភ្លាមៗបាន។ មានតែពេលវេលាទេដែលកំណត់ថា តើឥរិយាបថពហុមុខព្រួញនេះនឹងហុចផ្លែផ្កា ដែលប៉េកាំងសង្ឃឹមចង់បាន ឬនៅទីបំផុតក្លាយជាការពង្រីកលើសពីគោលនយោបាយការបរទេសឬអត់៕


No comments:

Post a Comment