Tuesday, January 17, 2017

សនិ្នបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងផែនការស្ដីពីការទប់ស្កាត់ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាឆ្នាំ២០១៦-២០១៩ នៅទីស្តីការក្រសួង។
ក្នុងពិធីនេះ លោក និងជាប្រធានគណៈកម្មការបានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្តតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកំណែទម្រង់គ្រប់វិស័យ។
សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានធានារឹងមាំដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនថេរជាមធ្យមប្រចាំឆ្នាំ៧% អត្រាភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រាអត់ការងារធ្វើចំនួន០,៧%។ កម្ពុជាបានប្តូរពីប្រទេសដែលមានចំណូលកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាក្នុងឆ្នាំ២០១៦ កន្លងមកនេះ បានខិតខំយកចិត្តទុកដាក់ដោះស្រាយនូវរាល់បញ្ហាកូដកម្ម បាតុកម្ម សំដៅបង្កើនប្រសិទ្ធភាពការងារក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ពង្រឹងនីតិរដ្ឋ និងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋាននានា ដើម្បីភាពសុខដុមរមនា សំដៅបង្កើនជីវភាពរបស់ប្រជាជនឱ្យបានកាន់តែប្រសើរឡើង។
ការដំឡើងប្រាក់ឈ្នួលអប្បរមា ចំនួន ១៥៣ ដុល្លា រួមនិងប្រាក់អត្ថប្រយោជន៍បងប្អូនកម្មករបានទទួលពី១៧០ ដុល្លា ទៅ១៨១ដុល្លា សម្រាប់ឆ្នាំ២០១៧។ របបគ្រោះថ្នាក់ការងារបានផ្តល់សេវាទាន់ពេលវេលា របបថែទាំសុខភាពបានចាប់ដំណើរការដោយជោគជយ័ថ្លៃអគ្គីសនី ថ្លៃទឹកស្អាត កម្មករបានប្រើប្រាស់ដោយតម្លៃថោក ការគ្រប់គ្រងថ្លៃជួលផ្ទះ ការដំឡើងកម្រិតប្រាក់ខែជាប់ពន្ធ
ដល់មួយលានរៀលឡើងទៅ ដែលបានជួយសម្រួលជាច្រើនដល់ជីវភាពកម្មករ និងធ្វើឱ្យបរិយាសកាសការងារមានភាពល្អប្រសើរ។
លោក និងជាប្រធានគណៈកម្មការផងដែរនោះ សូមថ្លែងអំណរគុណចំពោះគណៈកម្មការ
សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មរាជធានី ខេត្ត ដែលក្នុងរយៈពេលកន្លងមក បានយកចិត្តទុកដាក់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ការពារសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើអោយប្រជាជន ជាពិសេសកម្មករនិយោជិត មានភាពកក់ក្តៅក្នុងការប្រកបរបរអាជីវកម្ម និងធ្វើការប្រកបដោយភាពសុខសាន្ត។
ជាមួយនេះ ក៏បានស្នើដល់គណៈកម្មការរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តនូវភារៈកិច្ចនេះបន្តទៀត ដើម្បីលើកកម្ពស់នូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងជីវភាពរបស់ប្រជាជនបានកាន់តែល្អប្រសើរថែមទៀត៕


No comments:

Post a Comment