Tuesday, January 17, 2017

ជំនួប​ដំបូង​របស់​លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន គឺ​​ប្រជាពលរដ្ឋ​ និង​និ​ស្សិត​ខ្មែរ​នៅ​ប្រ​ទេសស្វីស មុន​ចូលរួមវេទិ​កាសេដ្ឋកិច្ចពិ​ភពលោក

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ លោកបានជួបជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វីស មុនពេលដែលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញភាពរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅដល់បងប្អូនខ្មែរដែលបានមកចូលរួមក្នុងពិធីនេះ។ លោកនាយករដ្ឋមន្ត្រីបានយល់អំពីការពិបាកមួយចំនួនសម្រាប់បងប្អូន ព្រោះជាថ្ងៃធ្វើការផង ហើយធ្លាក់ទឹកកកផង គឺពិបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែបងប្អូនយើងបានមកជួបជុំគ្នាថ្ងៃនេះ គឺបង្ហាញអំពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ក្នុងការជួបជុំថ្ងៃនេះគឺមានបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែររាប់រយនាក់មកពីប្រទេសមួយចំនួនដូចជា ឆេកូ អាល្លឺម៉ង់ បារាំង ប៊ែលហ្សិក និងស្វីសជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តទៀតថា លោកធ្លាប់បានមកប្រជុំនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសកាលពីឆ្នាំ២០១៥។ នេះជាលើកទី២ ហើយ ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមប្រជុំនៅទីក្រុង Davos ប្រទេសស្វីស ហើយលោកតែងតែចង់ជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅទីនោះ និងមកពីបណ្តាប្រទេសនានាក្នុងអឺរ៉ុបផងដែរ។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៧  ដែលនឹងធ្វើនៅខែ ឧសភាក្នុងឆ្នាំនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគឺត្រូវការសន្តិភាពដើម្បីយើងមានឱកាសកសាង និងអភិវឌ្ឍប្រទេសជាតិ។ សព្វថ្ងៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុបគឺមានជាង ៤ពាន់លានដុល្លារ។ លោកក៏បានជម្រាបអំពីការរីកចម្រើនលើវិស័យកសិកម្មនៅកម្ពុជា ដែលសព្វថ្ងៃនេះការប្រើប្រាស់ដោយការភ្ជួររាស់គោក្របីមាន ៨% ក្រៅពីនោះគឺប្រើប្រាស់គ្រឿងយន្តទាំងអស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា យើងចូលរួមរក្សាស្ថិរភាពនយោបាយផង និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផង។ ដូច្នេះហើយកម្ពុជាយើងប្តេជ្ញាទម្លាក់អត្រានៃភាពក្រីក្រក្នុងមួយឆ្នាំគឺ ១%។ នៅឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ វិស័យទេសចរណ៍ក៏កំពុងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ក្នុងឆ្នាំកន្លងទៅគឺយើងបានទទួលភ្ញៀវទេសចរណ៍ប្រមាណ ៥លាននាក់។ យើងនឹងបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ពីប្រទេសចិនឱ្យបានច្រើនឡើង។ ពិតមែនតែកម្ពុជាយើងក្រថវិកា និងសម្ភារៈ តែយើងមិនក្រគំនិតទេ។
មុននឹងបញ្ចប់កម្មវិធីសំណេះសំណាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់កិត្តិយស ថតរូបជាមួយបងប្អូន និងនិស្សិតដែលកំពុងបន្តការសិក្សានៅបរទេស រួមទាំងនៅប្រទេសឆេកូ និងអាល្លឺម៉ង់ផងដែរ។  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំផ្ញើដល់និស្សិតឱ្យខិតខំយកចិត្តទុកដាក់សិក្សាដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិ។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចនៅប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៧៕




No comments:

Post a Comment