Tuesday, December 13, 2016

ប្រធានាធិបតីហ្វីលីពីន អមដំណើរដោយកីឡាករល្បីល្បាញពិភពលោក ប៉ាគីអាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ

(ភ្នំពេញ)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលអម ដំណើរដោយកីឡាករប្រដាល់ពិភពលោកដ៏ល្បាញល្បីលោក ម៉ែននី ប៉ាគីអាវ (Manny Pacquiao) បានអញ្ជើញមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ នៅវេលាម៉ោងប្រមាណ៥៖៥៥នាទីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នេះ។
បើតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នឹងសម្រាក មួយយប់នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ ក្នុងពេលស្នាក់នៅនោះ ក៏មាន ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពិន ដែលកំពុងរស់នៅកម្ពុជាផងដែរ។
នៅថ្ងៃបន្ទាប់គឺថ្ងៃទី១៤ ខែធ្នូ ពេលព្រឹកលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នឹងចូលជួបបង្គំគាល់ និង សវនាការ ជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លុះពេលរសៀលថ្ងៃទី១៤ លោកប្រធានាធិបតី នឹងចូលជួបសំណេះសំណាលការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ ក្នុងឱកាសជួបសំណេះសំណាលនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន នឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន៖ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអនុស្សរណៈ នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡាផងដែរ។
លោកប្រធានាធិបតីហ្វីលីពិន នឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោង ប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាក ចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំ ឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ៕





No comments:

Post a Comment